ព័ត៌មានជាតិ
លោក ឱក តារារិទ្ធិ៖ ការបង្ហាញយីហោខ្មែរក្នុងការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន នឹងជំរុញឱ្យតម្លៃកាហ្វេលេចធ្លោ
ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោក ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការចូលរួមឧបត្ថម្ភកាហ្វេពី គិរីកាហ្វេ នៅក្នុងការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ ២០២៦ គឺជាសក្ខីភាពនៃការគាំទ្រផលិតកម្មកាហ្វេក្នុងស្រុក និងការជំរុញឱ្យតម្លៃកាហ្វេខ្មែរលេចធ្លោ ក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ។

ក្រោមកិច្ចសហការរវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន កម្ពុជានឹងរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ រយៈពេល ២ថ្ងៃពេញ (២៨ -២៩) ដើម្បីលើកកម្ពស់សមត្ថភាពជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា នៅសណ្ឋាគារ Oakwood Premier Phnom Penh, One park រាជធានីភ្នំពេញ។
ថ្លែងនៅក្នុងឱកាសនោះ លោក ឱក តារារិទ្ធិ បានបញ្ជាក់ថា គោលបំណងនៃការប្រកួតនេះ គឺដើម្បីលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជា។

លោកបានសង្កត់ធ្ងន់លើការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ “ពីគ្រាប់កាហ្វេ ដល់ពែងកាហ្វេ” (From Bean to Cup) ដើម្បីបង្កើនភាពទាក់ទាញវិនិយោគិន។ ស្របជាមួយគ្នានេះ ការចូលរួមឧបត្ថម្ភពី គិរីកាហ្វេ (Kiri Coffee) ដែលជាម៉ាកយីហោកាហ្វេខ្មែរឈានមុខគេមួយ គឺជាសក្ខីភាពនៃការគាំទ្រដល់ផលិតកម្មកាហ្វេក្នុងស្រុក និងការជំរុញតម្លៃគ្រាប់កាហ្វេខ្មែរឱ្យមានភាពលេចធ្លោក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ។
ជាមួយគ្នានោះ លោក ប៉ិច សានី អគ្គនាយករងធនាគារ ARDB ក៏បានបន្ថែមថា កម្មវិធីនេះជាវេទិកាសម្រាប់ចែករំលែកបទពិសោធ និងបង្កើតបណ្តាញទំនាក់ទំនង។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ គិរីកាហ្វេ (Kiri Coffee) ដែលមិនត្រឹមតែផ្តល់ការឧបត្ថម្ភជាកញ្ចប់ថវិកា និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងសក្តានុពលកាហ្វេកម្ពុជា ឱ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីសាធារណជន និងទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍សិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ (1st International Championships Latte Art – ICLA) ដែលមានការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័ន ICLA របស់ប្រទេសចិន។ ការចូលរួមរបស់បណ្តាក្រុមហ៊ុនក្នុងស្រុកដូចជា គិរីកាហ្វេ ត្រូវបានគេមើលឃើញថាជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរុញច្រានឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានទទួលជោគជ័យក្នុងការរៀបចំកម្មវិធីខ្នាតអន្តរជាតិនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


