Connect with us

ព័ត៌មានជាតិ

ផ្លូវ​កៅស៊ូ​ទៅ​ស្រុក​សៀមប៉ាង​ស្ថិត​ក្នុង​គម្រោង​សិក្សា ​ភ្ជាប់​ទៅ​គម្រោង​វិនិយោគ​សាងសង់​ទីលាន​​យន្តហោះ​ថ្មី​

បានផុស

នៅ

បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក សរ សុពុត្រា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​​ដែល​បំបែក​ពី​ស្រុក​បុរីអូរស្វាយ​ឆ្ពោះ​ទៅ​ទី​​ប្រជុំជន​ស្រុក​សៀមប៉ាង​​ស្ថិត​នៅក្នុង​គម្រោង​សិក្សាជា​ផ្លូវ​កៅស៊ូ ខណៈ​ដែល​កំណាត់​ផ្លូវនេះមាន​សារសំខាន់​ក្នុងការ​តភ្ជាប់​ទៅ​គម្រោង​វិនិយោគ​ទីលាន​យន្តហោះ​ថ្មី​ដែល​កំពុង​ដំណើរការ​សាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សរ សុពុត្រា​ បាន​បញ្ជាក់ថា រដ្ឋបាល​ខេត្ត​បានដាក់លិខិតស្នើទៅកាន់​រាជរដ្ឋាភិបាលកាល​ពី​ខែ​មុន ដើម្បីសាងសង់ផ្លូវកៅស៊ូតភ្ជាប់ពីស្រុក​បុរីអូរស្វាយ ឆ្ពោះទៅកាន់​ស្រុកសៀមប៉ាង។ យ៉ាងណាមិញ​​ដោយសារ​ប្រទេស​​ជាតិ​ស្ថិតក្នុងបរិការណ៍​ក្នុងស្ថានភាព​សេដ្ឋកិច្ច​រងផលប៉ះពាល់​ពីបញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ រាជរដ្ឋាភិបាលត្រូវមាន​ភាពសន្សំសំចៃ​លើ​ការ​ចំណាយណា​ដែលមិនទាន់ចាំ​បាច់​។

«ការស្នើសុំសាងសង់ផ្លូវតភ្ជាប់ពីស្រុកបុរីអូរស្វាយឆ្ពោះទៅ​ប្រជុំជន​សៀម​ប៉ាង គឺបាន​ធ្វើឡើងរួចរាល់ហើយ​រង់ចាំការសម្រេចនឹង​ចាត់ចែងបន្ត»។ លោក សរ សុពុត្រា បញ្ជាក់មុនលោក​បន្ត​ថា «ផ្លូវ​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​សិក្សា​ដើម្បី​សាងសង់​ជា​ផ្លូវ​កៅស៊ូ​នេះ​ មានតម្លៃ​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋក្នុង​ស្រុក​សៀមប៉ាង ខណៈ​នៅទីនោះ​ក៏មាន​ក្រុមហ៊ុន​វិនិយោគ​មួយ​កំពុង​សាងសង់​​ព្រលានយន្តហោះ​ខ្នាតតូច សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ដោយមិនបាច់ធ្វើដំណើរតាមផ្លូវគោក»។

ក្រៅពីផ្លូវ​កៅស៊ូដែលស្ថិតនៅក្នុង​ផែនការ​ជំរុញ​ការ​សាងសង់ ទីលានយន្តហោះខ្នាតតូច​មួយ​ក៏​កំពុងដំណើរការ​សាងសង់​​នៅស្រុកសៀមប៉ាង ដែលមាន​​ចម្ងាយជាង ១០០ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។

លោក ម៉េង ហៀង ម្ចាស់គម្រោង​វិនិយោគ​តំបន់អេកូទេសចរណ៍ Siempang Forest Lodge បានប្រាប់ថា ទីលានយន្តហោះខ្នាតតូចនេះ កំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៥០% ដែល​គ្រោងនឹង​រួចរាល់​ដាក់ឲ្យដំណើរការនៅឆ្នាំក្រោយនេះ។

លោកថា ទីលានយន្តហោះខ្នាត​តូច​ដែល​ក្រុមហ៊ុនបានវិនិយោគ​ មានផ្លូវរត់ប្រវែង ៨០០ ម៉ែត្រ និង​ទទឹង ២៤ ម៉ែត្រ និង​អភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ ២៥ ហិចតា។ តាមរយៈទីលានយន្តហោះដ៏មានសក្តានុពល​នេះ នឹងពង្រីកការតភ្ជាប់ផ្តល់មធ្យោបាយធ្វើដំណើរសម្រាប់ទេសចរណ៍ក្នុងស្រុក ដែលចង់​មក​កម្សាន្តនៅដែនជម្រកសត្វព្រៃក្នុងខេត្តស្ទឹងត្រែង និងគោលដៅទេសចរណ៍ដ៏ទាក់ទាញផ្សេងទៀត​ក្នុង​ខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម