Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស​តវ៉ា​ចំពោះ​សកម្មភាព​របស់​ថៃ​ដែល​​យក​ដី​ដែលឈ្លានពាន​ពី​ខ្មែរ​ទៅ​​​ចែក​ពលរដ្ឋ​ខ្លួន

បានផុស

នៅ

ក្រសួងការបរទេស​កម្ពុជា​បាន​តវ៉ា​ចំពោះ​សកម្មភាព​រំលោភ​បំពាន​លើ​អធិបតេយ្យ​ភាព​ និង​បូរណភាព​ទឹក​ដី​កម្ពុជា ដោយ​ក្នុង​នោះ​បាន​កត់​សម្គាល់​ថា​ថៃ​បាន​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​វាស់​ដី​ដែល​ឈ្លាន​ពាន​ខ្មែរ​យក​ទៅ​ចែក​ពលរដ្ឋ​ខ្លួន​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដី​ប្រកាស​ថ្ងៃ​ទី២០ ខែ​មីនា ក្រសួង​ការបរទេស​កម្ពុជា​ថា​ក្រសួង​បាន​ទទួល​សេចក្ដី​រាយការណ៍​ពី​ការ​ចូល​មក​វាស់ដី​ដែល​ឈ្លាន​ពាន​ខ្មែរ​បាន​នៅ​ក្នុង​តំបន់​ភូមិ​ជោគជ័យ ឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ ចំនួន​៣​កន្លែង​ទៅ​ឱ្យ​ពលរដ្ឋ​ថៃ​ លើស​ពី​នេះ​ថៃ​ក៏​បាន​សាងសង់​ផ្លូវ​ និង​សំណង់​បេតុង​ផ្សេងៗ​ពី​ប្រាសាទ​ខ្នារ​ ឆ្ពោះ​ទៅ​តំបន់​ប្រាសាទ​តាក្របី​ផង​ដែរ។

ក្រសួងការបរទេស​បាន​បញ្ជាក់​ថា៖ «នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២៦ កងកម្លាំង​ប្រដាប់​អាវុធ​ថៃ រួមជាមួយ​មន្ត្រី​នាយកដ្ឋាន​ព្រៃ​ឈើ និង​មន្ត្រី​សុរិយោដី បាន​ធ្វើ​សកម្មភាព​វាស់វែង​ដីធ្លី និង​បែង​ចែក​ដី​ចំនួន​៣​កន្លែង​ដល់​ប្រជាពលរដ្ឋ​ថៃ នៅ​ក្នុង​តំបន់​ភូមិ​ជោគជ័យ ឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ស្ថិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤៦ និង​៤៧»។

រាជរដ្ឋាភិបាល​កម្ពុជា​សង្កត់​ធ្ងន់​ថា​ កម្ពុជា​មិន​ទទួល​យក​ខ្សែ​ព្រំដែន ឬ​ការ​ទាមទារ​ទឹកដី​ណាមួយ​តាម​ការ​អះអាង​ជា​ឯកតោភាគី​ដោយ​ប្រទេស​ថៃ​ឡើយ។ សកម្មភាព​ខាង​លើ​មិន​ប៉ះពាល់​ដល់​សិទ្ធិ និង​ជំហរ​ស្របច្បាប់​របស់​កម្ពុជា​លើ​ការ​កំណត់​ព្រំដែន​អន្តរជាតិ​របស់​កម្ពុជា​នោះ​ទេ។

កម្ពុជា​ក៏​អំពាវនាវ​ឱ្យ​ថៃ​បញ្ឈប់​សកម្មភាព​ក្នុង​តំបន់​ខាង​លើ​ និង​តំបន់​ផ្សេង​ទៀត​ក្រោម​កាលៈទេសៈ​ស្រដៀង​គ្នា​នេះ ដោយ​ចៀសវាង​ធ្វើ​សកម្មភាព​ឯកតោ​ភាគី​បន្ថែម​ទៀត​ និង​ធានា​ការ​អនុវត្ត​រាល់​កិច្ច​ព្រមព្រៀង​ពាក់ព័ន្ធ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​ពេញលេញ និង​សុច្ឆន្ទៈ​ សំដៅ​បន្ធូរ​បន្ថយ​ស្ថានការណ៍​ លើក​កម្ពស់​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ និង​រក្សា​សន្ដិភាព ស្ថិរភាព និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​តាម​បណ្ដោយ​តាម​ព្រំដែន​កម្ពុជា-ថៃ។

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម