Connect with us

ព័ត៌មានជាតិ

សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្តកោះកុង ណែនាំរៀបចំផែនការ និងកម្លាំងប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២៧ ខាងមុខ

បានផុស

នៅ

សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានណែនាំដល់សមាជិកបក្សស្រុកបូទុមសាគរ ត្រៀមលក្ខណៈសម្បត្តិពីចម្ងាយ រៀបចំផែនការ និងកម្លាំងប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២៧ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការណែនាំរបស់ លោក តាំង ឈុនស្រេង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបូទុមសាគរ ក្នុងពិធីប្រកាសក្រុមការងារគណបក្សថ្នាក់ស្រុកចុះមូលដ្ឋានឃុំទាំង ៤ នៃស្រុកបូទុមសាគរ និងផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៥ និងទិសដៅភារកិច្ចឆ្នាំ ២០២៦ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៦។

លោក តាំង ឈុនស្រេង បានលើកឡើងទៀតថា មិនត្រឹមតែជាការត្រៀមខ្លួនប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នោះទេ ពោលគឺការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៨ រឹតតែពិសេសខ្លាំង ដោយរកគ្រប់វិធីឱ្យសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស មានឯកសារគ្រប់គ្រាន់សម្រាប់បម្រើឱ្យការបោះឆ្នោត។

លោកសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបូទុមសាគរ ជំរុញដល់សមាជិក សមាជិកបក្សប្រជាជនកម្ពុជាស្រុកបូទុមសាគរ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសមាជិកគណបក្សដែលមានស្រាប់ ធ្វើយ៉ាងណាបើមានតួលេខក្នុងបញ្ជី ត្រូវតែមានសមាជិកគណបក្សពិតប្រាកដ ពិសេសខិតខំពង្រីកសមាជិកថ្មី ចំពោះ អ្នកដែលគាំទ្រគណបក្សហើយមិនទាន់បានចូលជាសមាជិកគណបក្ស។ មិនត្រឹមតែប៉ុណ្ណោះទេ ចាំបាច់សាមគ្គីភាពផ្ទៃក្នុងបក្សឱ្យបានរឹងមាំដែលគណបក្សតែងតែណែនាំអប់រំសមាជិក និងអ្នកដឹកនាំគណបក្សឱ្យយល់ថាសាមគ្គីឈ្នះ។

លោក តាំង ឈុនស្រេង ពន្យល់ដែរថា គោលដៅរបស់មន្ត្រីគណបក្សក្នុងយុទ្ធនាការរៀបចំការបោះឆ្នោត គឺត្រូវចិញ្ចឹមចលនានៅមូលដ្ឋានជាប់ជាប្រចាំធ្វើដូចភ្លៀងរលឹម ដឹងទុក្ខ ដឹងសុខរបស់ប្រជាជនដែលជាម្ចាស់ឆ្នោត ចូលរួមដោះស្រាយឱ្យបានជាអតិបរមានូវរាល់ការលំបាក ការថ្នាំងថ្នាក់ និងទំនាស់នានា នៅមូលដ្ឋាន ដើម្បីពង្រីកប្រជាប្រិយភាពរបស់គណបក្ស។

ចំណែក លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបូទូមសាគរ បានថ្លែងអបអរសាទរចំពោះការប្រកាសសមាជិកក្រុមការងារគណបក្សថ្នាក់ស្រុក ចុះមូលដ្ឋានឃុំទាំង ៤ នៅពេលនេះ ដោយលើកឡើងថា គណបក្សស្រុក បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គម ព្រមទាំងលើកស្ទួយការអភិវឌ្ឍលើគ្រប់វិស័យក្នុងស្រុកឱ្យមានភាពរីកចំរើន ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

បើតាម លោក ក្រូច បូរីសីហា សមាជិកបក្សស្រុកបូទុមសាគរ បានពង្រឹងសាមគ្គីភាព និងស្រង់ស្ថិតិតួលេខសមាជិកថ្មីចាស់ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាជូនសមាជិកបានយ៉ាងល្អប្រសើរ។ គណបក្សមានរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ ក្នុងរបៀបរបបធ្វើការងារតាមក្រុម តាមផ្នែក ប្រគល់ភារកិច្ចសមស្រប ដោយមានទំនាក់ទំនងជាមួយអង្គភាពនានា សម្របសម្រួលការងារ និងរកវិធីដោះស្រាយបញ្ហា សំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

យោងតាមរបាយការណ៍របស់គណបក្សស្រុកបូទុមសាគរ សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកបូទុមសាគរ មានចំនួន ៨,២១៦ នាក់ ស្រី ៤,០២៦ នាក់ មានគណៈកម្មាធិការគណបក្សឃុំចំនួន ០៤ , សាខាបក្ស ២១ សាខា និងអនុសាខាបក្សមានចំនួន ៤៥ អនុសាខា គ្រួសារបក្សសរុប ២,៦១៧ គ្រួសារ ក្រុមបក្ស ៤៣៤ ក្រុម។ សមាជិកគណបក្សក្នុងប្រព័ន្ធ IT គិតត្រឹមថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៦ សមាជិកបច្ចុប្បន្នមានចំនួន ៧,៩៩២ ស្រី ៣,៩៤០ នាក់ នៅសល់ចំនួន ២២៤ នាក់ គណបក្សស្រុក និងជំរុញដល់ក្រុមការងារធ្វើយ៉ាងណា ពង្រឹង និងយកចិត្តទុកដាក់ក្នុងការបញ្ចូលសមាជិកក្នុងប្រព័ន្ធឱ្យគ្រប់ចំនួននូវសមាជិកជាក់ស្ដែងក្នុងមូលដ្ឋាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម