Connect with us

ព័ត៌មានជាតិ

លោក គន់ គីម ឱ្យយុវជនពេញកម្លាំងចូលធ្វើការក្នុងការដ្ឋានសង់ជម្រកបណ្ដោះអាសន្ន ដើម្បីបានចំណូលជួយគ្រួសារ

បានផុស

នៅ

ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់យុវជនពេញកម្លាំងចូលរួមធ្វើការងារក្នុងការដ្ឋាន ដែលកំពុងសាងសង់ផ្ទះស្នាក់បណ្ដោះអាសន្នសម្រាប់ជនភៀសសឹក ដើម្បីបានចំណូលជួយគ្រួសារ បន្ថែមលើទំនុកបម្រុងរបស់អាជ្ញាធរ និងរាជរដ្ឋាភិបាល។ ការណែនាំនេះធ្វើឡើង នៅក្នុងឱកាសទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យមើលសំណង់ស្នាក់នៅបណ្ដោះសន្នសម្រាប់ជនភៀសសឹក ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលថ្ងៃទី២១ ខែមីនាឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា យុវជនពេញកម្លាំងគួរតែចូលធ្វើការងារជាកម្មករសំណង់ គ្រាន់បានប្រាក់ចំណូលបន្ថែម។

សម្រាប់ខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ជម្រកផ្ទះបណ្តោះអាសន្ន ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋភៀសសឹកចំនួន៣ពាន់គ្រួសារ ដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាននៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិចំនួន៥នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ស្របពេលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរកដំណោះស្រាយ ដោយសន្តិវិធីទាមទារដីកម្ពុជាមកវិញ ដែលយោធាថៃឈ្លានពាន ដោយការរាយបន្លាលួស និងដាក់ទូរកុងតឺន័រព័ទ្ធយក វាយកម្ទេច ក្រោយប្រជាពលរដ្ឋកម្ពុជាជម្លៀសខ្លួនពីការបង្ករសង្គ្រាមរបស់យោធាថៃ កាលពីថ្ងៃទី៨-២៧ ខែធ្នូ ឆ្នាំ២០២៥។

បើតាមអភិបាលរងខេត្តបន្ទាយមានជ័យ លោក ឃ្លោក នួយ ប្រាប់ក្រុមអ្នកសារព័ត៌មានថា  បច្ចុប្បន្ននេះ ពលរដ្ឋសរុប៨២២គ្រួសារមកពីតំបន់បឹងត្រកួន ក្នុងនោះភូមិបន្ទាយមានរិទ្ធ ចំនួន ៥០៤គ្រួសារ និងភូមិសាមគ្គីចំនួន ៣១៨គ្រួសារ ដែលចាប់ឆ្នោតចូលរស់នៅជម្រកបណ្ដោះអាសន្នជាលើកទី១ កាលពីថ្ងៃ១៨ ខែមីនា បានបន្តរៀបចំ និងចូលស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នបណ្ដើរ។ ការចាប់ឆ្នោតជាលើកទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០​ខែមេសា ខាងមុខ ដើម្បីឱ្យពលរដ្ឋភៀសសឹកក្នុងខេត្តបន្ទាយមានជ័យអាចចូលរស់នៅក្នុងជម្រកបណ្ដោះអាសន្នមុនរដូវវស្សារមកដល់។

លោក អះអាងថា រាជរដ្ឋាភិបាល បានសាងសង់ជម្រកបណ្ដោះអាសន្នប្រមាណ៣ពាន់ខ្នង នៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ដោយភ្ជាប់មកនូវហេដ្ឋារចនាសម្ព័ន្ធតបណ្ដាញទឹកស្អាត អគ្គិសនីចូលដល់ក្នុងខ្នងផ្ទះ ផ្លូវខ្វាត់ខ្វែង និងមានផ្លូវធំចាក់បេតុង សាលារៀន ចាប់ពីបឋមសិក្សា ដល់វិទ្យាល័យ និងមន្ទីរពេទ្យ និងរៀបចំគម្រោងផ្សេងៗគាំទ្រដល់ការរស់នៅចិញ្ចឹមជីវិតពលរដ្ឋ ដែលរៀបចំជាលក្ខណៈទីប្រជុំជន។

សកម្មភាពទាំងនេះមិនត្រឹមតែជាការផ្តល់ជម្រកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវក្តីសង្ឃឹម និងការការពារយ៉ាងកក់ក្តៅដល់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ដែលបានលះបង់ និងឆ្លងកាត់ការលំបាកក្នុងគ្រាមានជម្លោះសឹក។ នេះជាកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការធានាថា គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានបោះបង់ចោលក្នុងគ្រាលំបាកនោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម