Connect with us

ព័ត៌មានជាតិ

«ដើរដើម្បីស្នាមញញឹម» ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ របស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ នាថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ ដើរដើម្បីស្នាមញញឹម «Walk for a Smile» ដែលជាព្រឹត្តិការណ៍មានអត្ថន័យដ៏ជ្រាលជ្រៅទាំងផ្នែកសុខភាព មនុស្សធម៌ និងសាមគ្គីភាពមនុស្សជាតិ​ ព្រមទាំងទេសចរណ៍សុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះ ក៏ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញារបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់ទាំងសុខភាព និងទេសចរណ៍ ដែលជាស្ពានចំណងមិនអាចកាត់ផ្តាច់បាននៃមនុស្សជាតិ ជាមួយការអភិវឌ្ឍចីរភាពសម្រាប់គ្រប់ប្រជាជាតិ។

បើតាមក្រសួងសុខាភិបាល ព្រឹត្តិការណ៍នេះ បង្ហាញពីក្តីមេត្តា ករុណា ការយកចិត្តទុក និងក្តីសង្ឃឹមដែលមានជានិច្ច សម្រាប់កុមារ និងអ្នកជំងឺដែលមានបញ្ហាស្នាមញញឹម។ ការវះកាត់ផ្តល់ជូនភាពញញឹមស្រស់បំព្រងឡើងវិញ និងការថែទាំបន្តសុខភាពកុមារ ពិតជាមានន័យសំខាន់បន្ថែមមួយទៀត នោះគឺការភ្ជាប់ សុខភាពមនុស្សជាតិតាំងពីដំបូង ជាមួយនឹងសោភណ្ឌភាពនៃទេសចរណ៍កម្ពុជា ជាមួយគ្នា។

នៅក្នុងព្រឹត្តិការណ៍នេះដែរ មានការរួមទស្សនាប្រាសាទនានានៅតំបន់អង្គរ និងការទស្សនាព្រឹត្តិការណ៍សំខាន់ សមរាត្រី ដែលជាព្រឹត្តិការណ៍ថ្ងៃ និងយប់ស្មើគ្នា ព្រះអាទិត្យរះ នៅចំកំពូល កណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគោបុរៈ រៀងរាល់ ២ដង ក្នុងមួយឆ្នាំ។

សូមរំលេចថា នេះជាព្រឹត្តិការណ៍លើកទី៨ នៃការរៀបចំពិធី Walk for a Smile ដែលជាផ្នែកមួយនៃការបង្ហាញអំពី ទំនាក់ទំនងល្អ និងការចូលរួមរួមគ្នារវាងប្រជាជនទាំងពីរ តាមរយៈការសហការរវាងអង្គការ ស្នាមញញឹមកម្ពុជា និងអង្គការ Future Smile China ដែលបានបន្តអនុវត្តគម្រោងនេះជាច្រើនឆ្នាំមកដល់បច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម