Connect with us

សេដ្ឋកិច្ច

កម្ពុជា​ស្វាគមន៍ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ១,៥ ​លាននាក់ ​ធ្លាក់ចុះជិត ៥០% នៅ​​ក្នុងរយៈពេល ​៥ ​ខែ

បានផុស

នៅ

កម្ពុជាស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​ ១,៥ ​លាននាក់​ នៅក្នុង​រយៈពេល ៥ ​ខែ ២០២៦ ​មានការធ្លាក់ចុះ ​៤៧% ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​នៅ​ឆ្នាំ​ ២០២៥។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​ដដែល​បង្ហាញថា ​ក្នុង​ចំណោមភ្ញៀវទេសចរណ៍​អន្តរជាតិជាង ១,៥ ​លាននាក់​ មាន​ទេសចរចិនជិត ៤០ ម៉ឺននាក់ ធ្លាក់ចុះ ១៩% វៀតណាម ៣៨ ម៉ឺននាក់ ធ្លាក់ចុះជិត ២៦% អាមេរិកជាង ៩ ម៉ឺននាក់ ធ្លាក់ចុះជាង ១១% អង់គ្លេសជាង ៦ ម៉ឺននាក់ ធ្លាក់ចុះ ១៤,៥% និងបារាំងជាង ៥ ម៉ឺននាក់ ធ្លាក់ចុះ ១៦,៥%។​

​លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា(PATA) ​មានប្រសាសន៍​ថា​ កម្ពុជា​រង​សម្ពាធ​កាលពីឆ្នាំមុន ​ដោយសារ​ការចោទប្រកាន់​ពី​ការ​ឆ​បោក​អនឡាញ​ ​និង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ​បាន​ធ្វើ​ឱ្យ​ទេសចរណ៍​ធ្លាក់​ចុះ​។

​លោក ធួន ស៊ីណាន យល់ឃើញថា​៖ «ភូមិសាស្ត្រនយោបាយកំពុងកើតមាន​ឡើងនៅលើពិភព​លោក​ អ្វីក៏អាចកើតមានឡើង​គ្រប់​ពេល​វេលា»។​

​​លោក ហួត ហាក់ ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​មានប្រសាសន៍ថា ​សម្រាប់ភ្ញៀវទេសចរដែលនឹង​មក​ទស្ស​នាកម្ពុជា ​នៅក្នុងឆ្នាំ ២០២៦ ​អ្នកជំនាញ​បាន​ធ្វើការ​ប៉ាន់ស្មាន​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ជាក់​ស្តែង ​និង​បាន​បែង​ចែកជា ៣ ករណី។ ​ករណីទី១ ប្រសិន​បើ​វិបត្តិ និង​បញ្ហា​ប្រឈម​នានា​នៅតែ​បន្តអូស​បន្លាយ ចំនួន​​ភ្ញៀវ​ទេសចរ​​អាច​ស្ថិត​ក្នុងរង្វង់ ៤,៦ ទៅ ៤,៨ លាននាក់។

ករណីទី២ ប្រសិន​បើស្ថានភាព​ព្រំដែន​នៅ​មិន​ទាន់​បាន​ធូរ​ស្បើយ​ពេញលេញ ចំនួន​ភ្ញៀវ​អាច​មាន​ចន្លោះ​ពី ៥,៣ ទៅ ៥,៥ លាន​នាក់។ ​ករណីទី​ ៣ ប្រសិនបើ​ស្ថានភាព​អ្វីៗ​ ត្រឡប់​មក​ល្អ​ប្រសើរ​ឡើងវិញ​ទាំងស្រុង កម្ពុជា​អាច​រំពឹង​ទទួល​បាន​ភ្ញៀវ​ចន្លោះ​ពី ៦,១ ទៅ ៦,៣ លាន​នាក់។​

​នៅ​ក្នុងឆ្នាំ ​២០២៥ ​កម្ពុជា​ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៧ ​លាននាក់ ​ធ្លាក់ចុះ ១៦,៧% ​ធៀបនឹងឆ្នាំ ២០២៤ ខណៈចំណូលបានពី​វិស័យ​ទេសចរណ៍​មាន​ចំនួន ៣.៨៧៨ លាន​ដុល្លារ​ កើន​ឡើង ៦,៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម