ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ការថែទាំសុខភាពផ្លូវចិត្តបុគ្គលិកក្នុងពេលបំពេញការងារជាកត្តាគន្លឹះមិនអាចខ្វះបានក្នុងការធានាដល់សុវត្ថិភាពអ្នកជំងឺ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា ការថែទាំសុខភាពផ្លូវចិត្តរបស់បុគ្គលិកសុខាភិបាលក្នុងពេលបំពេញការងារគឺជាកត្តាគន្លឹះមិនអាចខ្វះបានក្នុងការធានាដល់សុវត្ថិភាពអ្នកជំងឺ បរិយាកាសការងារមានសុវត្ថិភាព ស្មារតីបុគ្គលិកមានភាពរឹងមាំ គុណភាពថែទាំ និងព្យាបាលមានការរីកចម្រើន។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «បរិយាកាសការងារមានសុវត្ថិភាព ស្មារតីបុគ្គលិកមានភាពរឹងមាំ គុណភាពថែទាំ និងព្យាបាលមានការរីកចម្រើន» នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា «យើងត្រូវយល់ថា សុខភាពផ្លូវចិត្តរបស់បុគ្គលិកសុខាភិបាល គឺជាកត្តាគន្លឹះដែលមិនអាចខ្វះបានក្នុងការធានាដល់សុវត្ថិភាពអ្នកជំងឺ។ ការបំពេញការងារក្នុងវិស័យសុខាភិបាល គឺជាការងារដែលមានសម្ពាធខ្ពស់។ នៅពេលដែលបុគ្គលិកមានភាពតានតឹងក្នុងអារម្មណ៍ ឬមានបញ្ហាសុខភាពផ្លូវចិត្តដោយមិនបានដោះស្រាយ កត្តានេះអាចនឹងជះឥទ្ធិពលដល់ការផ្ចង់អារម្មណ៍ ការសម្រេចចិត្ត និងការផ្តល់សេវាថែទាំ និងព្យាបាលដែលជាហានិភ័យអាចកើតមានចំពោះសុវត្ថិភាពរបស់អ្នកជំងឺផ្ទាល់»។

លោកស្រីបានបន្តថា «ដូច្នេះ ការបង្កើតឱ្យមានបរិយាកាសការងារដែលជួយគាំទ្រផ្នែកស្មារតី ការចេះជួយគ្នា ក្នុងគ្រាលំបាក និងការលើកកម្ពស់វប្បធម៌មិនស្តីបន្ទោសគ្នា គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីធានាថា បុគ្គលិករបស់យើងមានភាពរឹងមាំទាំងកាយ និងចិត្ត។ នៅពេលដែលអ្នកផ្តល់ សេវាក្រោកឈរឡើងដោយក្តីស្រឡាញ់ និងភាពស្ងប់ស្ងាត់ក្នុងចិត្ត នោះគុណភាពនៃការព្យាបាល និងសុវត្ថិភាពរបស់អ្នកជំងឺនឹងត្រូវបានធានាឡើងដល់កម្រិតខ្ពស់បំផុត»។

លោកស្រីបន្តទៀតថា ដើម្បីឱ្យគុណភាពនៃការថែទាំ និងព្យាបាលអ្នកជំងឺកាន់តែមានការរីកចម្រើន យើងចាំបាច់ត្រូវតែផ្តោតការយកចិត្តទុកដាក់ខ្ពស់លើបរិយាកាសការងារដែលមានសុវត្ថិភាព និងការកសាងស្មារតីបុគ្គលិកឱ្យមានភាពរឹងមាំ។
លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានគាំទ្រ និងបានបញ្ជាក់ថា បរិយាកាសការងារដែលមានសុវត្ថិភាព និងគាំទ្រដល់សុខុមាលភាពរបស់បុគ្គលិក គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ជាពិសេស គិលានុបដ្ឋាក និងឆ្មប ដែលជាកម្លាំងស្នូលនៅជួរមុខនៃការផ្តល់សេវាថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋ តែងតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ទាំងផ្នែកការងារ ផ្នែកអារម្មណ៍ និងផ្នែកសង្គម។ ដូច្នេះ ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត ការកសាងស្មារតីការងាររឹងមាំ ការពង្រឹងទំនាក់ទំនងល្អក្នុងក្រុមការងារ និងការបង្កើតបរិយាកាសការងារវិជ្ជមាន គឺជាកត្តាសំខាន់ដែលជួយឱ្យបុគ្គលិកអាចបំពេញភារកិច្ចបានប្រកបដោយប្រសិទ្ធភាព និងផ្តល់សេវាថែទាំដែលមានគុណភាពខ្ពស់ជូនអ្នកជំងឺ។

លោកសាស្ត្រាចារ្យរង លូ លីឃាងបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងយន្តការថ្មីៗ ក្នុងការលើកកម្ពស់បរិយាកាសការងារ សុខុមាលភាពបុគ្គលិក និងគុណភាពសេវាថែទាំ និងព្យាបាលឱ្យកាន់តែប្រសើរឡើង។
លោកស្រី រដ្ឋលេខាធិការក៏បានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តល់នូវចំណេះដឹងថ្មីៗអំពីវប្បធម៌សុវត្ថិភាព ការថែទាំដែលផ្តោតលើអ្នកជំងឺជាចម្បង និងការថែទាំសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់យើងទាំងអស់គ្នាផ្លាស់ប្តូរបទពិសោធន៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារនៅ ក្នុងអង្គភាពផងដែរ។
លោកស្រី បានឱ្យដឹងទៀតថា ក្រៅពីនេះការអនុវត្ត វប្បធម៌គ្មានការស្តីបន្ទោស គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយ ដើម្បីធានាបាននូវសុវត្ថិភាពអ្នកជំងឺ ប្រកបដោយប្រសិទ្ធភាព។ ព្រោះថា នៅក្នុងបរិយាកាសដែលគ្មានការស្តីបន្ទោស បុគ្គលិកមិនមានការភ័យខ្លាចក្នុងការរាយការណ៍អំពីកំហុស ឬ ឧប្បត្តិហេតុដែលមិនរំពឹងទុកឡើយ។ ជាងនេះទៀតយើងត្រូវផ្តោតលើការកែលម្អប្រព័ន្ធជាជាងការដាក់ទោសបុគ្គលដែលវប្បធម៌នេះជឿជាក់ថា កំហុសភាគច្រើនកើតចេញពីប្រព័ន្ធការងារមិនល្អ ឬចំណុចខ្វះខាតក្នុងដំណើរការ ផ្តល់សេវា។ ជំនួសឱ្យការស្វែងរកអ្នកខុសដើម្បីដាក់ទោស ការផ្តោតការកែសម្រួល ប្រព័ន្ធការងារ ដើម្បីកុំឱ្យកំហុសដដែលៗនោះកើតឡើងម្តងទៀត ដែលជាការការពារអ្នកជំងឺដោយផ្ទាល់។

លោកស្រីបានបន្ថែមទៀតថា ជាមួយគ្នានេះដែរការថែទាំដែលផ្តោតលើអ្នកជំងឺជាចម្បង និងសុវត្ថិភាព អ្នកជំងឺ គឺជាធាតុផ្សំពីរដែលមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយដើម្បីធានាគុណភាពសេវាសុខាភិបាលដោយសារការចូលរួមរបស់អ្នកជំងឺក្នុងដំណើរការព្យាបាលផ្តោតលើអ្នកជំងឺជា ចម្បងលើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទងដោយបើកចំហ រវាងបុគ្គលិកសុខាភិបាល និងអ្នកជំងឺ ដែលនេះជាកត្តាជួយកាត់បន្ថយការយល់ច្រឡំ និងកំហុស ឆ្គងក្នុងការប្រើប្រាស់ថ្នាំ ឬការអនុវត្តនីតិវិធីវេជ្ជសាស្ត្រ។
លោកស្រីបានបញ្ជាក់ទៀតថា បន្ថែមពីនេះការគោរពតម្លៃ និងតម្រូវការរបស់អ្នកជំងឺនៅពេលដែលការថែទាំត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការ និងចំណូលចិត្តរបស់អ្នកជំងឺជាចម្បង វានឹងជួយឱ្យ អ្នកជំងឺមានទំនុកចិត្ត ហើយការធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលនឹងកាន់តែមានភាពជាក់លាក់ ដែលជាការបង្កើនសុវត្ថិភាពអ្នកជំងឺដោយផ្ទាល់។

លោកស្រីបានថ្លែងការកោតសរសើរចំពោះមន្ទីរពេទ្យព្រះអង្គឌួង ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីនេះ ឡើងហើយសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំត្រងត្រាប់ស្តាប់ និងចូលរួម ពិភាក្សាយ៉ាងសកម្ម ដើម្បីយកចំណេះដឹងដែលទទួលបានពីវគ្គនេះ ទៅអនុវត្តក្នុងការងារ ជាក់ស្តែងឱ្យទទួលបានលទ្ធផលជោគជ័យ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


