ព័ត៌មានជាតិ
បណ្ឌិត ជ័យ តិច ជំរុញឱ្យមានការអនុញ្ញាតឱ្យរៀននិងធ្វើការពីផ្ទះក្នុងពេលដែលកំពុងប្រឈមនឹងបញ្ហាតម្លៃប្រេងដូចបច្ចុប្បន្ន
អ្នកតាមដានភូមិសាស្ត្រនយោបាយលោកបណ្ឌិត ជ័យ តិច យល់ថាកម្ពុជាគួរមានវិធានការដូចប្រទេសមួយចំនួននៅអាស៊ានដែលបានកាត់បន្ថយថ្ងៃធ្វើការ និងរៀនដើម្បីដោះស្រាយការប្រឈមនៃតម្លៃប្រេង និងលុបការយកពន្ធអាករទាំងអស់ឱ្យនៅសូន្យលើប្រេងសាំងក្នុងពេលប្រឈមដូចបច្ចុប្បន្ន។

លោកបណ្ឌិត ជ័យ តិច បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ការកាត់បន្ថយការធ្វើដំណើរគឺជាការជួយសន្សំសំចៃមួយបានល្អក្នុងពេលដែលប្រេងសាំងឡើងថ្លៃដូចបច្ចុប្បន្ន បន្ថែមពីលើការបញ្ចុះតម្លៃពន្ធលើប្រេងសាំង។
លោកថា៖ «បញ្ហាវិបត្តិប្រេងឥន្ធនៈនិងឧស្ម័ននៅកម្ពុជានេះមិនមែនត្រឹមតែការឡើងថ្លៃតែប៉ុណ្ណោះទេ វាពាក់ព័ន្ធនឹងកង្វះនៃការផ្គត់ផ្គង់នូវប្រេងឥន្ទនៈក៏ដូចជាឧស្ម័ន។ កាន់តែអាក្រក់គឺក្រុមហ៊ុនសូគីមិចបានប្រកាសពីការអស់ស្ដុកសម្រាប់ការលក់ឧស្ម័ន LPG ចាប់ពីថ្ងៃទី១ ខែមេសាខាងមុខនេះ។ ដែលវានឹងប៉ះពាល់ព្រោះក្រុមហ៊ុនដែលនាំឧស្ម័នធំជាងនៅកម្ពុជាគឺសូគីមិចនេះហើយដែលគ្រប់គ្រងជាង៤០%នៃទីផ្សារសរុបនៅកម្ពុជាយើង ដែលក្នុងឆ្នាំ២០២៥យើងនាំចូលឧស្ម័ននេះជាង៣៣៤ទៅ៣៣៥លានដុល្លារដែលបរិមាណនាំចូលប្រមាណជាង៦០០តោន»។

កាលពីចុងសប្ដាហ៍មុនក្រុមហ៊ុនប្រេងនិងឧស្ម័នធំមួយនៅកម្ពុជា សូគីមិច បានប្រកាសពីការផ្អាកការផ្គត់ផ្គង់ឧស្ម័នហ្គាស (LPG) ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១ ខែមេសា ដោយសារបញ្ហាស្ដុកដែលក្រុមហ៊ុននេះថាមិនបានទទួលឧស្ម័នបានសម្រាប់ផ្គត់ផ្គង់នៅកម្ពុជាតាំងពីដើមខែមីនាមកម្លេះដោយសារបញ្ហាសង្គ្រាមអ៊ីរ៉ង់ដែលឈានដល់ការបិទច្រកសមុទ្រ Hormuz ។ ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ កាលពីថ្ងៃទី២៣ ខែមីនា បានចេញវីដេអូស្នើឱ្យប្រជាពលរដ្ឋកុំព្រួយបារម្ភ ព្រោះក្រុមហ៊ុនសូគីមិចផ្គត់ផ្គង់ឧស្ម័នតែ៣%ប៉ុណ្ណោះ ហើយកម្ពុជាមានឧស្ម័នប្រភពឧស្ម័នគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់បាន។
កាលពីថ្ងៃទី១៩ ខែមីនា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសារាចរមួយស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ក្នុងបរិបទដែលតម្លៃថាមពលសកលកំពុងកើនឡើងដោយសារប្រឈមនឹងស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ក្នុងសារាចរនោះសម្ដេចបានឱ្យក្រសួងសេដ្ឋកិច្ចរៀបចំវិធានការកាត់បន្ថយចំណាយថវិកា ជាពិសេសលើប្រេងឥន្ធនៈ និងបេសកកម្មក្នុងនិងក្រៅប្រទេសលើលែងតែវិស័យចាំបាច់ ហើយក្រសួងមហាផ្ទៃត្រូវណែនាំឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការសន្សំសំចៃប្រេង និងសម្រួលចរាចរណ៍ក្នុងម៉ោងមមាញឹក ហើយគ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវកាត់បន្ថយការធ្វើដំណើរឆ្ងាយ និងលើកទឹកចិត្តប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ប្រជុំ និងសិក្ខាសាលា។

បណ្ឌិត ជ័យ តិច យល់ថារដ្ឋគួរតែត្រៀមខ្លួនសម្រាប់វិបត្តិនេះក្នុងរយៈពេលវែងបន្ថែមទៀតព្រោះនៅពេលសង្គ្រាមអ៊ីរ៉ង់កាន់តែបន្តកម្ពុជាហាក់បីដូចជារងគ្រោះខ្លាំងជាងគេបើមើលលើតម្លៃប្រេងរបស់កម្ពុជាធៀបនឹងប្រទេសផ្សេងៗលើពិភពលោក។
លោកជំរុញដល់រដ្ឋាភិបាលគិតគូរដល់ការបង្វែងពីការប្រើប្រាស់ប្រេង និងឧស្ម័នទៅប្រើប្រាស់អគ្គិសនី ដាក់ចេញគោលនយោបាយគាំទ្រដល់ពលរដ្ឋដែលងាយរងគ្រោះព្រមទាំងឧបត្ថម្ភធនបន្ថែមដល់កម្មករ និងគ្រួសារក្រីក្រផងដែរ។
លោកបន្ថែមថា៖ «ហើយវិធានការមួយចំនួនទៀតដូចជាបន្ថយថ្ងៃធ្វើការរបស់មន្ត្រីរាជការ វិស័យឯកជន ក៏ដូចជាការផ្លាស់ប្ដូរទម្លាប់មកធ្វើការនៅផ្ទះ សិស្សនិស្សិតអាចថានឹងកាត់បន្ថយថ្ងៃធ្វើការឬក៏រៀនតាមអនឡាញជាដើម។ ទន្ទឹមនឹងនេះរដ្ឋាភិបាលត្រូវការធ្វើការពន្យារឬក៏ផ្អាកនូវគម្រោងមួយចំនួនដែលត្រូវការប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលច្រើនក្នុងបរិបទនេះ»។
ទាក់ទងនឹងការអនុញ្ញាតឱ្យមន្ត្រីធ្វើការពីផ្ទះនេះ នៅថ្ងៃទី២៤ ខែមីនានេះ ក្រសួងមហាផ្ទៃជាក្រសួងដែលបានសម្រេចមុនគេដែលបានអនុញ្ញាតឱ្យមន្ត្រីចំណុះក្រសួងអាចធ្វើការអនឡាញពីផ្ទះបាន លើកលែងតែអង្គភាពចាំបាច់មួយចំនួនដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកពន្ធនាគារ និងអគ្គនាយកដ្ឋានរដ្ឋបាល។
ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអ៊ែល បើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈមក អ៊ីរ៉ង់បានឆ្លើយតបជាបន្តបន្ទាប់រួមទាំងការបិទច្រកសមុទ្ទHormuz ដែលបានកាត់ផ្ដាច់ការដឹកជញ្ជូនប្រេងនិងឧស្ម័នពីតំបន់មជ្ឈិមបូព៌ាជាង២០%ដែលធ្វើឱ្យប៉ះពាល់ដល់ប្រេងសាំងពិភពលោកជាខ្លាំង។ សម្រាប់កម្ពុជាវិញតម្លៃប្រេងធម្មតាបានហក់ឡើងពី ៤ ៣០០រៀលក្នុងមួយលីត្រ ដល់៥ ៥០០ និងបានចុះមកនៅ ៥ ៤០០រៀលក្នុងមួយលីត្រក្នុងពេលបច្ចុប្បន្ន ដោយឡែកប្រេងម៉ាស៊ូតវិញបច្ចុប្បន្នមានតម្លៃ ៦ ៧០០រៀលក្នុងមួយលីត្រ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


