Connect with us

ព័ត៌មានអន្ដរជាតិ

UNCTAD៖ សេដ្ឋកិច្ចសកលចូលដល់យុគសម័យកាន់តែផុយស្រួយ ខណៈកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មចុះខ្សោយ

បានផុស

នៅ

​សេដ្ឋកិច្ចពិភព​លោក​កំពុងផ្លាស់ប្ដូរពីដំណាក់កាលនៃការរំខានខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងអតិផរណា ចូលទៅ «យុគសម័យកាន់តែផុយស្រួយ» ជាពេលដែលការអូសបន្លាយនៃភាពស្រពេចស្រពិល អាចបង្កកង្វះខាតទំនិញ និងភាពតានតឹងផ្នែកហិរញ្ញវត្ថុកាន់តែធំទូលាយ ខណៈកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មចុះខ្សោយ​។ នេះបើយោងតាមរបាយការណ៍ព្យាករណ៍​ពាណិជ្ជកម្ម និងការអភិវឌ្ឍ​ឆ្នាំ ២០២៦ របស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ដែលចេញផ្សាយកាលពីពេលថ្មីៗ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​បាន​ព្រមានថា ហានិភ័យភូមិសាស្ត្រនយោបាយ​បច្ចុប្បន្ននេះ បានវ៉ាដាច់ជម្លោះគោលនយោបាយពាណិជ្ជកម្ម ក្លាយ​ជាកត្តា​ចម្បងដែល​បង្កើត​អស្ថិរភាពសម្រាប់សេដ្ឋកិច្ចពិភពលោក។ ភាពតានតឹងកើន​នៅមជ្ឈិមបូព៌ា ជាពិសេស​ការផ្ទុះជម្លោះយោធានៅចុងខែកុម្ភៈ បានរំខានដល់ផ្លូវដឹកជញ្ជូន បង្កើន​បម្រែបម្រួល​ទីផ្សារ និងជំរុញឱ្យថ្លៃដឹកជញ្ជូនសកលកើនឡើង។

ជាលទ្ធផល UNCTAD បាន​ព្យាករ​ពីការធ្លាក់ចុះយ៉ាងទូលំទូលាយទាំងកំណើនសេដ្ឋកិច្ចពិភពលោក និងពាណិជ្ជកម្មទំនិញនៅឆ្នាំនេះ។ អង្គការនេះ​បាន​រំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម ២,៦% នៅឆ្នាំ ២០២៦ ​ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយបន្តរំខានដល់ទីផ្សារថាមពល លំហូរពាណិជ្ជកម្ម និងលក្ខខណ្ឌហិរញ្ញវត្ថុទូទាំងពិភពលោក។

ទោះបីជាទំហំ​ពាណិជ្ជកម្មទំនិញរូបីតាមតម្លៃបច្ចុប្បន្ន (Nominal merchandise trade values) នៅតែមានភាពធន់នាដើមឆ្នាំ ២០២៦​ ក៏ដោយ UNCTAD បានកត់សម្គាល់ថា សន្ទុះស្នូលនៃសេដ្ឋកិច្ចនៅតែមិនស្មើគ្នា និងងាយរងគ្រោះដោយសារការរំខានផ្នែកភស្តុភារ។ កំណើនពាណិជ្ជកម្មទំនិញ ​រំពឹងថានឹងចុះខ្សោយយ៉ាងខ្លាំង ចំពេលមានការរំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ជាបន្តបន្ទាប់ និងកំណើន​ភាពមិនប្រាកដប្រជាកាន់តែខ្លាំង​។

របាយការណ៍របស់ UNCTAD ក៏បានគូសបញ្ជាក់ផងដែរថា តម្រូវការខ្លាំងសម្រាប់ផលិតផលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) កំពុងបិទបាំងភាពទន់ខ្សោយគ្រប់ជ្រុងជ្រោយ​នៅទូទាំង «ឧស្សាហកម្មផលិតកម្មបែបប្រពៃណី» និង​ផ្នែក​ទំនិញ (Commodity)។

Palais des Nations ដែលជាទីស្នាក់ការកណ្តាលរបស់ UNCTAD​ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស

UNCTAD លើកឡើងថា បណ្ដាប្រទេស​កំពុងអភិវឌ្ឍ​​នឹងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងៗ​ពី​ការឡើងថ្លៃប្រេងឥន្ធនៈ អាហារ និងជី​ ដែលកំពុងរួមចំណែកដល់​កំណើន​អតិផរណា លក្ខខណ្ឌហិរញ្ញប្បទាន​តឹងតែង​ និង​ហានិភ័យ​ពីខាងក្រៅផ្សេងៗ​។

​UNCTAD បានព្រមាន​បន្ថែម​ថា សន្តិសុខស្បៀងអាហារកំពុងក្លាយជាកង្វល់អំពីស្ថិរភាព​ហិរញ្ញវត្ថុ​កាន់តែខ្លាំងឡើង ជាពិសេសសម្រាប់​ប្រទេស​មានប្រាក់ចំណូលទាប ដែលកំពុងតស៊ូជាមួយនឹងបំណុល និងផលប៉ះពាល់ពីខាងក្រៅ។

ក្នុងពេលជាមួយគ្នានេះ ការរំខាន​ពាក់ព័ន្ធនឹង​ការបិទច្រកសមុទ្រហ័រមូហ្ស​ និងផ្លូវពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត កំពុងជំរុញឱ្យថ្លៃដើមដឹកជញ្ជូន និងថាមពលកើនឡើងទូទាំងពិភពលោក ដោយបន្ថែមសម្ពាធ​លើ​ពាណិជ្ជកម្មអន្តរជាតិ និងសកម្មភាពសេដ្ឋកិច្ច។

ទៅថ្ងៃមុខ UNCTAD រំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងកាន់តែមានគម្លាតខុសគ្នាច្រើន ដោយសារកំណើនសេដ្ឋកិច្ចយឺតយ៉ាវក្នុងលក្ខណៈជា​រចនាសម្ព័ន្ធ ទីផ្សារហិរញ្ញវត្ថុកាន់តែតឹងតែង និងការបន្តងាយរងគ្រោះរបស់ប្រទេសកំពុងអភិវឌ្ឍទៅនឹងការប៉ះទង្គិចផ្នែកពាណិជ្ជកម្ម ថាមពល និងហិរញ្ញវត្ថុ។​

​អង្គការនេះបានសង្កត់ធ្ងន់ថា ហានិភ័យទាំងនេះទាមទារឱ្យមាន​​ការសម្របសម្រួលគោលនយោបាយអន្តរជាតិឱ្យកាន់តែរឹងមាំ និង​ស្ថិរភាពសេដ្ឋកិច្ចពិភពលោកដែល​កាន់តែប្រសើរឡើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម