Connect with us

ព័ត៌មានអន្ដរជាតិ

កម្ពុជាថាអាស៊ានត្រូវការឯកភាពគ្នា ដើម្បីដោះស្រាយវិបត្តិថាមពលក្នុងតំបន់

បានផុស

នៅ

មន្រ្តីការទូតជាន់ខ្ពស់របស់កម្ពុជា បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ​កាលពីថ្ងៃពុធ ទី៦ ឧសភា​ ថា ​អាស៊ានត្រូវការឯកភាពគ្នា​ និងកិច្ចសហប្រតិបត្តិការឱ្យ​ខ្លាំងជាងមុន ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពល​របស់​តំបន់ ប៉ុន្តែជម្លោះក្នុង​ប្លុក​ ដូចជា សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា និងបញ្ហាព្រំដែនរវាងថៃ-កម្ពុជា អាចរារាំងកិច្ចខិតខំរួមគ្នា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងប្រាប់យ៉ាងដូច្នេះ ធ្វើឡើង ១ ថ្ងៃមុនការបើកកិច្ចប្រជុំកំពូលអាស៊ានថ្ងៃ ៧-៨ ឧសភា នៅកោះ​សេប៊ូ ប្រទេសហ្វីលីពីន ដែល​ចូលរួម​ដោយ​មេដឹកនាំ និងរដ្ឋមន្រ្តីការបរទេស និងសេដ្ឋកិច្ចពីរដ្ឋជាសមាជិកអាស៊ានទាំង ១១ ប្រទេស លើកលែងតែមីយ៉ាន់ម៉ា។

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បាន​ប្រាប់រ៉យទ័រថា ក្រោយជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ​និង​បង្កការបិទច្រក សមុទ្រហ័រមូហ្ស ដែលផ្លូវដឹកប្រេង ១/៥ នៃតម្រូវការសកល ប្រទេសជាច្រើននៅតំបន់អាស៊ាន បាន​ប្រឈមមុខ​នឹង​បញ្ហាផ្គត់ផ្គង់ថាមពល ​ហើយ​ត្រូវស្វែងរកប្រភពប្រេងជំនួសពីមជ្ឈិមបូព៌ា។

លោក គង់ ភោគ បាន​បន្តថា អាស៊ានកំពុងព្យាយាមជំរុញ «កិច្ចព្រមព្រៀងសន្តិសុខប្រេងឥន្ធនៈអាស៊ាន» ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ​ការពារការផ្គត់ផ្គង់ប្រេងរបស់ប្រទេសជា​សមាជិក។

នាពេលកន្លងមក រដ្ឋាភិបាលជាច្រើន​ក្នុងតំបន់បាន​ចាត់វិធានការ​កំណត់ការប្រើប្រាស់ប្រេងឥន្ធនៈ សន្សំសំចៃថាមពល ឬទប់ស្កាត់ការស្តុកទុកមិនលក់ដើម្បីចំណេញពេលក្រោយ​ ខណៈ​រដ្ឋាភិបាលមួយចំនួនបានទប់ស្កាត់ការនាំចេញប្រេង និងបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីធានាបាននូវការ​ផ្គត់ផ្គង់។

យ៉ាងណាមិញ មន្រ្តីការទូតកម្ពុជាដដែលបាន​ថ្លែងថា ជម្លោះជាច្រើននៅអាស៊ាន អាចបង្វែរអារម្មណ៍ពីកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបក្នុងជំហរ​រួមគ្នាចំពោះបញ្ហាសកល ប្រសិន​បើ​មិន​ដោះស្រាយវាទេ ដូចជាជម្លោះព្រំដែនកម្ពុជា-ថៃ ​និងសង្គ្រាមស៊ីវិល​នៅ​មីយ៉ាន់ម៉ាជាដើម​។

លោក គង់ ភោគ ថ្លែងយ៉ាងដូច្នេះថា៖ «​កាល​ណាយើងអាចដោះស្រាយបញ្ហាទាំងអស់​នេះបានកាន់តែឆាប់ ខ្ញុំគិតថាវាជួយបង្កើនសមត្ថភាពរបស់យើង និងផ្តល់ឱ្យយើងនូវពេលវេលាកាន់តែច្រើន ដើម្បីគិតអំពីអ្វីដែលយើងអាចធ្វើបានកាន់តែច្រើន»។ លោកបន្តទៀតថា៖ «ការទុកឱ្យ​ស្ថានការណ៍អូសបន្លាយបែបនេះ មិនមែនជាផលប្រយោជន៍របស់យើងគ្រប់គ្នានោះទេ»។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានថ្ងៃទី ៧-៨ ឧសភា នេះ ធ្វើឡើងក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់ អនាគតរួមគ្នា» ដោយ​ផ្ដោតលើការធានាសន្តិសុខថាមពលក្នុងតំបន់​ និង​ស្ថិរភាពសន្តិសុខស្បៀងក្នុងបរិបទនៃជម្លោះមជ្ឈិមបូព៌ា និងការពិភាក្សាគ្នាលើ​បញ្ហាតំបន់ និងអន្តរជាតិ ដូចជាភាពតានតឹងព្រំដែនកម្ពុជា-ថៃ សង្រ្គាមស៊ីវិលមីយ៉ាន់ម៉ា និងជម្លោះសមុទ្រចិនខាងត្បូងជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម