Connect with us

ព័ត៌មានជាតិ

​កម្ពុជា​រកឃើញ​ប្រភេទ​ពស់ពិស pit viper កំពុងកំណត់អត្តសញ្ញាណ និងសត្វកម្រជាច្រើនទៀត

បានផុស

នៅ

កម្ពុជាបានរកឃើញ​ប្រភេទសត្វជាច្រើន​រស់នៅក្នុងតំបន់ភ្នំថ្មកំបោរ​ ខេត្តបាត់ដំបង។ ​របាយការណ៍ស្ដីពីការសិក្សាជីវៈចម្រុះនៅតំបន់ភ្នំថ្មកំបោរ បានបង្ហាញពីប្រភេទ​សត្វជាច្រើន​ដែល​រស់​នៅក្នុងតំបន់ភ្នំថ្មកំបោរ។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈការសិក្សារូងភ្នំជាង​ ៦០ ​នៅ​តាម​តំបន់ភ្នំចំនួន ១០ នៅខេត្ត​បាត់​ដំបង ការសិក្សា​ស្រាវ​ជ្រាវ​នេះ​ បាន​រកឃើញ​សត្វ​គួរឱ្យចាប់​អារម្មណ៍​ជាច្រើន​មួយ​ចំនួន​ គឺ​មាន​តែ​ក្នុង​តំបន់​ជាក់លាក់​នេះ​តែ​ប៉ុ​ណ្ណោះ​។​

​អង្គការសត្វព្រៃ និងរុក្ខជាតិ ​សហការជាមួយក្រសួងបរិស្ថាន ​និង​អ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ បានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ​ដោយក្នុងនោះមានតុកកែថ្មីចំនួន ៣ ប្រភេទ ដូចជាតុកកែ​ភ្នំកំពីងពួយ ​(Cyrtodactylus kampingpoiensis) ​ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh) ​និង​ជីងចក់ស្លឹកបាត់ដំបង ​(Dixonius noctivagus) ប្រភេទខ្យង២ ប្រភេទ ​ខ្យងឧទយាទិត្យ (Clostophis udayaditinus) និង ​ខ្យង Chamalycaeus aduncus) ប្រភេទម្រើមព្រះ ២ ប្រភេទ (Orthomorpha efefai) និង Orthomorpha battambangiensis) ​ដែលប្រភេទថ្មីទាំង ៧ នេះត្រូវបានបោះពុម្ពផ្សាយជាសាធារណៈ ​ខណៈដែលតុកកែថ្មីចំនួន ៣ ប្រភេទទៀត (Gehyra sp. nov.) (Cyrtodactylus sp. nov.) និង (Dixonius sp. nov.) និងប្រភេទពស់ pit viper (Trimeresurus sp. nov.) កំពុងកំណត់អត្តសញ្ញាណ។​

​ការស្រាវជ្រាវនេះ​ ក៏បានកត់ត្រានូវវត្តមាននៃប្រភេទសត្វដែល​រងការគំរាមកំហែងជា​សកលជា​ច្រើន​ប្រភេទ រួមមាន៖ សត្វពង្រូល ស្វាព្រាម ស្វាក្តាម ស្វាក្រោស ក្ងោក និងសត្វកេះជាដើម ដែលបង្ហាញ​ពីតម្រូវការបន្ទាន់ក្នុងការការពារជម្រកទាំងនេះ។

តំបន់ទេសភាពភ្នំថ្មកំបោរគឺជាការបណ្ដុំចូលគ្នានៃភ្នំថ្មកំបោរ និងរូងភ្នំ ដែលបង្កើតបានជាលក្ខណៈ​ពិសេសៗ​ដូចជារណ្តៅទឹក ប្រភពទឹក និងអូរក្រោមដីជាដើម។ ទោះបីជាការស្រាវជ្រាវនៅតំបន់​នេះនៅ​មានកម្រិតនៅឡើយ តែតំបន់ភ្នំថ្មកំបោរគឺជាជម្រកដ៏សំខាន់បំផុតមួយនៅ លើផែនដី ដែលសំបូរទៅដោយជីវ:ចម្រុះដ៏ពិសេសៗមានវត្តមានតែនៅក្នុងតំបន់ជាក់លាក់ណាមួយប៉ុណ្ណោះ ។

​តំបន់ទេសភាពទាំងនេះក៏​មានសារៈសំខាន់ខាងផ្នែកវប្បធម៌ និងសាសនាចំពោះសហគមន៍មូលដ្ឋាន ហើយត្រូវបានគេឱ្យតម្លៃកាន់តែខ្លាំងឡើងៗ​សម្រាប់អេកូ ​ទេសចរណ៍ផងដែរ​។​

​តំបន់ទេសភាពភ្នំថ្មកំបោរ ​កំពុង​ប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីការជីកយករ៉ែ ការ​គ្រប់​គ្រងសកម្មភាពទេសចរណ៍មិនត្រឹមត្រូវ ភ្លើងឆេះព្រៃ ការកាប់ព្រៃឈើ ​និង​ការបរ​បាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម