Connect with us

នយោបាយ

ប្រធាន​សភា​សង្ឃឹម​ថា​ចិន​នឹង​ជួយ​ពង្រឹង​សន្តិសុខ​ និង​​ស្ដារ​សណ្ដាប់​ធ្នាប់​ពិភព​លោក​ឡើង​វិញ

បានផុស

នៅ

ប្រធាន​សភា​សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​របស់​សម្ដេច​ចំពោះ​ប្រទេស​ចិន​ ដោយ​ជឿ​ថា​ប្រទេស​នេះ​នឹង​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខ​សន្ដិភាព​ពិភព​លោក និង​ស្ដារ​សណ្ដាប់​ធ្នាប់​ពិភព​លោក​ឡើង​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាន វិនពីន​ នៅ​វិមាន​សភា​ជាតិ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៦​នេះ សម្ដេច​សភាធិបតី ឃួន សុដារី បាន​អបអរ​សាទរ​ចំពោះ​ជោគជ័យ​នៃ​មហាសន្និបាត​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន និង​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មី​នេះ​ ដោយ​បង្ហាញ​ពី​ភាព​រឹង​មាំ​ និង​ទិសដៅ​វិបុលភាព​របស់​ចិន​ទាំង​ពេល​នេះ​ និង​ពេល​ខាង​មុខ​។

សម្ដេច​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​ប្រទេស​ចិន និង​បន្ត​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ពង្រឹង​សុខ​សន្តិភាព​ពិភពលោក និងស្តារសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ លើក​កម្ពស់​យន្តការ​ពហុភាគី​និយម ដែលជាខែលសម្រាប់ប្រទេសតូចៗ និងកំពុងអភិវឌ្ឍន៍ ក្នុងកិច្ចការពារអធិបតេយ្យ​និងជំរុញ​ការ​អភិវឌ្ឍរបស់ខ្លួន។

សម្ដេច​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ជំនួយ​នានា​របស់​ប្រទេស​ចិន​ដែល​បាន​ជួយ​កម្ពុជា​ឱ្យ​មាន​ការ​អភិវឌ្ឍ និង​រីកចម្រើន​ដូច​បច្ចុប្បន្ន​។ ក្រៅ​ពី​នេះ​ប្រទេស​ចិន​ក៏​ជា​ភាគី​មួយ​ដ៏​សំខាន់​ក្នុង​ការ​សម្រប​សម្រួល​ដោះស្រាយ​វិវាទ​ព្រំដែន​កម្ពុជា​-ថៃ​ផងដែរ​។

ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាន វិនពីន បាន​លើក​ឡើង​ថា​ ប្រទេស​ចិននឹង​បន្ត​គាំទ្រ​ដល់​បុព្វហេតុ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ហើយ​ចំណង​មិត្តភាព​កម្ពុជា​-ចិន «មិនប្រែប្រួល» ឡើយ​ និង​មិន​ត្រឹង​តែ​ជា​ពាក្យ​និយាយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​បាន​បង្ហាញ​ជា​លទ្ធផល​ជាក់​ស្ដែង​។

សម្រាប់​ជម្លោះ​កម្ពុជា​-ថៃ​វិញ លោក វ៉ាង វិនពីន បាន​គូស​បញ្ជាក់​ថា​ចិន​នឹង​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​បន្ត​កិច្ច​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ឆ្ពោះ​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​។

ប្រទេស​ចិន​ជា​មហាអំណាច​ពិភព​លោក​មួយ​ដែល​កំពុង​រីកចម្រើន​បន្តបន្ទាប់ ប្រទេស​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សណ្ដាប់​ធ្នាប់​ពិភព​លោក​តាម​រយៈ​អំណាច​សេដ្ឋកិច្ច យោថា ការទូត និង​ភាព​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម