Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសថា អាមេរិកនឹងដកខ្លួនចេញពីអ៊ីរ៉ង់ នៅ ២-៣សប្តាហ៍ទៀត 

បានផុស

នៅ

ឆ្លើយសំណួរអ្នកសារព័ត៌មានក្នុងសេតវិមាន ជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិកនឹងដកខ្លួនចេញពីអ៊ីរ៉ង់ ប្រហែល២-៣សប្តាហ៍ទៀត ពេលចប់ប្រតិបត្តិការ ដោយមិនចាំបាច់ទាល់តែមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នោះទេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីលោក ត្រាំ ដែលនិយាយកាលពីថ្ងៃអង្គារទី៣១ខែមីនាឆ្នាំ២០២៦ថា៖ «គោលដៅតែមួយគត់គឺមិនឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានឡើយ ហើយគោលដៅនោះបានសម្រេចហើយ។ យើងកំពុងបញ្ចប់កិច្ចការនេះ សហរដ្ឋអាមេរិកនឹងចាកចេញ ប្រហែលក្នុងរង្វង់ពីរសប្តាហ៍ឬលើសពីនេះពីរបីថ្ងៃទៀតអីហ្នឹងដើម្បីបញ្ចប់ការងារ»។

ទន្ទឹមនោះ លោកត្រាំបានសង្កត់ធ្ងន់ថា៖ «អ៊ីរ៉ង់មិនចាំបាច់ធ្វើកិច្ចព្រមព្រៀងអ្វីទេ! គឺមិនបាច់ឡើយ!។ កិច្ចព្រមព្រៀងគឺមិនពាក់ព័ន្ធ ទៅនឹងពេលវេលាដែលសហរដ្ឋអាមេរិក ត្រូវចាកចេញពីអ៊ីរ៉ង់ឡើយ»។ 

ទោះមានការអះអាងបែបនេះ ប៉ុន្តែកាលពី​យប់ថ្ងៃចន្ទ​ទី​៣០​ខែ​មីនា​ កាសែត The Wall Street Journalបានរាយការណ៍ថា លោក ត្រាំ បានបង្ហាញឆន្ទៈក្នុងការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ឲ្យបានត្រឹមថ្ងៃទី៦​ខែមេសាខាងមុខ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

យោងតាមសេចក្តីរាយការណ៍នោះ លោកត្រាំ ចង់​ឲ្យ​ជម្លោះនេះបញ្ចប់ទៅតាមកាលកំណត់​៦​សប្តាហ៍ដែលលោកបានដាក់ចេញឱសានវាទ ទោះបីជាច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់នៅតែបន្តបិទ​ក៏ដោយ។ លោកកំពុងចរចាជាមួយក្រុមថ្នាក់ដឹកនាំថ្មីរបស់អ៊ីរ៉ង់ ដែលលោកយល់ថា «មានហេតុផលជាងមុន» និងងាយស្រួលធ្វើការជាមួយជាងក្រុមមុនៗ។

សម្រាប់មូលហេតុចម្បងមួយដែលធ្វើ​ឲ្យ​លោក​ត្រាំ ចង់ពន្លត់ភ្លើងសង្គ្រាមនេះ​ឲ្យ​បានឆាប់ គឺដោយសារតែការចំណាយមានទំហំធំធេងហួសប្រមាណ ដោយត្រឹមតែរយៈពេល​៦​ថ្ងៃដំបូងនៃសង្គ្រាម សហរដ្ឋអាមេរិកបានចំណាយប្រាក់អស់រហូតដល់ទៅ​១១,៣​ពាន់លានដុល្លារបាត់ទៅហើយ។

តាមរយៈអ្នកនាំពាក្យសេតវិមាន លោកត្រាំ ក៏មានបំណងចង់​ឲ្យ​បណ្តាប្រទេសអារ៉ាប់ចូលរួមចំណែកជួយចេញថ្លៃចំណាយដ៏មហាសាលនៃសង្គ្រាមនេះផងដែរ ដើម្បីកាត់បន្ថយបន្ទុករបស់អាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម