Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ព្រមានកម្ទេចក្រុមហ៊ុនបច្ចេកវិទ្យា​យក្សអាមេរិកដូចជា Google និង Apple

បានផុស

នៅ

កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានចេញមុខប្រកាសព្រមានចំៗថា ពួកគេនឹងវាយប្រហារទៅលើក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនការពារជាតិខ្នាតយក្សរបស់សហរដ្ឋអាមេរិក។ ការព្រមាន​នេះបានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់យល់ថា អាមេរិក និងអ៊ីស្រាអែលនៅតែបន្តតាមព្យាបាទដល់ថ្នាក់ដឹកនាំកំពូលៗរបស់ខ្លួន ដែលធ្វើ​​ឲ្យ​ពួកគេមិនអាចនៅស្ងៀមបានទៀតឡើយ។

កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Tasnim ការវាយបកសងសឹកនេះអាចនឹងចាប់ផ្តើមឡើងភ្លាមៗនៅយប់ថ្ងៃពុធ​ទី​១​ខែ​មេសា​ឆ្នាំ​២០២៦​នេះតែម្តង ដែលធ្វើ​ឲ្យ​មហាជនមានការព្រួយបារម្ភជាខ្លាំង។

ក្នុងស្ថានភាពដ៏ស្រួចស្រាវនេះ កងកម្លាំងអ៊ីរ៉ង់ថែមទាំងបានប្រកាសអាសន្ន​ឲ្យ​ប្រជាជន ក៏ដូចជាបុគ្គលិកដែលរស់នៅ ឬធ្វើការក្នុងចម្ងាយមួយគីឡូម៉ែត្រជុំវិញទីតាំងរបស់ក្រុមហ៊ុនអាមេរិកទាំងនោះ ឲ្យ​ប្រញាប់ជម្លៀសខ្លួនចេញជាបន្ទាន់ដើម្បីសុវត្ថិភាព។ បញ្ជីឈ្មោះក្រុមហ៊ុនធំៗចំនួន១៨ ត្រូវបានគេបញ្ចេញ​ឲ្យ​ដឹង ដែលក្នុងនោះរួមមានទាំងឈ្មោះល្បីៗដែលយើងស្គាល់ច្បាស់ដូចជា Google, Microsoft, Apple, Nvidia និងក្រុមហ៊ុនផលិតយន្តហោះ Boeing ជាដើម។ អ៊ីរ៉ង់បានចោទប្រកាន់ក្រុមហ៊ុនទាំងនេះថា បានចូលដៃក្នុងគម្រោងភេរវកម្ម និងបានផ្តល់បច្ចេកវិទ្យាទំនើបៗសម្រាប់បម្រើដល់វិស័យយោធាដែលបង្កគ្រោះថ្នាក់ដល់ពួកគេ។

ភាពតានតឹងនេះមិនមែនជារឿងលេងសើចឡើយ ព្រោះកាលពីដើមខែមីនាកន្លងទៅ ធ្លាប់មានការវាយប្រហារដោយដ្រូនទៅលើមជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Amazon នៅប្រទេសអារ៉ាប់រួម និងបារ៉ែនរួចម្តងទៅហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ខាងសេតវិមានរបស់អាមេរិកបានបង្ហាញជំនឿចិត្តថា យោធារបស់ខ្លួនបានត្រៀមខ្លួនរួចរាល់ដើម្បីទប់ស្កាត់រាល់ការវាយប្រហារទាំងឡាយ ដោយពួកគេបានកត់សម្គាល់ឃើញថា ចំនួននៃការបាញ់មីស៊ីល និងដ្រូនពីសំណាក់របបអ៊ីរ៉ង់បានធ្លាក់ចុះរហូតដល់ទៅ ៩០ភាគរយឯណោះនាពេលថ្មីៗនេះ។

បើតាមសារព័ត៌មាន Politico អ្នកជំនាញខាងសន្តិសុខបានមើលឃើញថា ពេលនេះមជ្ឈមណ្ឌលបច្ចេកវិទ្យា និងទិន្នន័យរបស់អាមេរិកលែងជារឿងជំនួញសុទ្ធសាធទៀតហើយ ប៉ុន្តែវាបានក្លាយជាគោលដៅយុទ្ធសាស្ត្រក្នុងសង្រ្គាមតែម្តង។ លោក Hamza Chaudhry ដែលជាអ្នកជំនាញម្នាក់បានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឥឡូវនេះបានក្លាយជាចំណុចសន្តិសុខជាតិដ៏សំខាន់បំផុត។ ស្ថានការណ៍នេះកំពុងតែដាស់តឿន​ឲ្យ​ពិភពលោកមើលឃើញពីគ្រោះថ្នាក់កាន់តែខ្លាំង ចំពោះទ្រព្យសម្បត្តិ និងបច្ចេកវិទ្យារបស់អាមេរិកដែលស្ថិតក្នុងតំបន់មានជម្លោះ ហើយវាក៏ជាសំណួរដ៏ធំមួយថា តើគេនឹងត្រូវការពារទីតាំងទាំងនេះដោយរបៀបណា ប្រសិនបើការវាយប្រហារពិតជាកើតឡើងមែននោះ៕

(រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម