ព័ត៌មានជាតិ
ក្រុមអ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរា កំពុងស្រាវជ្រាវឡដុតកុលាលភាជន៍នៅគោកព្នៅ
គោកព្នៅ ជាបណ្តុំទួលមនុស្សរស់នៅ ដែលស្ថិតនៅភាគអាគ្នេយ៍ស្រះស្រង់ និងខាងនិរតី នៃប្រាសាទប្រែរូប ប្រហែល ៥០០ ម៉ែត្រ។ នៅតាមទួលមួយចំនួននៅគោកព្នៅ មានអំបែងភាជន៍ ដុំដីដុត និងដុំឥដ្ឋដុតនៅរាយប៉ាយពីលើជាច្រើន។ តាមរយៈការសិក្សាពីអំបែងភាជន៍ទាំងនោះបានបង្ហាញថា មានខ្លះជាភាជន៍ប្រើប្រចាំថ្ងៃមានដូចជា ឆ្នាំងដី ក្អម ផើង។ល។ ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ដែលគ្មានស្រទាប់រលោង និងខ្លះមានស្រទាប់រលោង។



លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា គោកព្នៅ ជាសហគមន៍ស្មូនដូចការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវមួយចំនួន ទើបនៅឆ្នាំ ២០២៥ ផ្នែកស្រាវជ្រាវ នៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានជ្រើសរើសយកទួលត្រពាំងថ្មអណ្ដែត ធ្វើកំណាយស្រាវជ្រាវ។ ក្រៅពីនេះ ដើម្បីប្រមូលទិន្នន័យបន្ថែមទៀត នៅឆ្នាំ ២០២៦ ក្រុមអ្នកស្រាវជ្រាវ បានជ្រើសរើសទួលមួយដែលនៅខាងត្បូងឡថ្មត្រពាំងអណ្តែតសម្រាប់ធ្វើកំណាយ។



លោក ឆាយ រចនា ប្រធានការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានបង្ហាញពីលទ្ធផលស្រាវជ្រាវដែលទទួលបានក្នុងពេលថ្មីៗ នេះថា ក្រុមស្រាវជ្រាវបានរកឃើញស្លាកស្នាមឡក្នុងដំណាក់កាលដំបូង គឺរចនាសម្ពន្ធឡទាំងមូលធ្វើដីឥដ្ឋ។ ចំណែករចនាសម្ពន្ធឡចុងក្រោយដូចដែលបានឃើញនេះ គឺធ្វើពីឥដ្ឋដុត ហើយឡដែលទើបបានរកឃើញថ្មីនេះទំនងជារចនាសម្ពន្ធឡចុងក្រោយ មុនពេលដែលសហគមន៍ស្មូនបានបោះបង់ចោល។


លោក ពិទូ ភិរម្យ បុរាណវិទូ បានឱ្យដឹងថា កាសាងសង់ឡនៅទួលនេះ មានការវិវត្តខុសប្លែកពីឡផ្សេងៗ ដោយសាររចនាសម្ពន្ធឡនេះមានកម្រាល និងជញ្ជាំងធ្វើពីឥដ្ឋ។ តាមរយៈស្លាកស្នាមដែលនៅសេសសល់ អាចសន្និដ្ឋានបានថា ឡមានទំហំប្រមាណ ១.៨០ ម៉ែត្រ ហើយអាចមានកម្ពស់ប្រវែង ១.៨០ ម៉ែត្រ ទៅ ២ ម៉ែត្រ និងមានបំពង់ផ្សែងនៅលើដំបូល។


លោក ភិរម្យ បានបញ្ជាក់បន្ថែមទៀតថា រចនាសម្ពន្ធឡគឺជញ្ជាំងធ្វើពីដីឥដ្ឋដុត មានរន្ធខ្យល់តាមទិសចំនួន ៤ មានគុកដុតភ្លើងចំនួន ៤ នៅតាមជ្រុង។ ផ្នែកកណ្តាល នៃតួឡមានជើងទម្ររាងជើងក្អែក និងគុកដុតដាក់ភាជន៍។ ក្រុមអ្នកស្រាវជ្រាវ បានយកសំណាកធ្យូង និងបំណែកកុលាលភាជន៍មួយចំនួនចេញពីឡនេះសម្រាប់វិភាគស្វែងរកអាយុកាល។


ដោយឡែកទាក់ទងនឹងការស្វែងយល់ពីការលើកទួល និងកន្លែងស្មូនចោលអំបែងភាជន៍ និងសំណល់ឡ។ល។ លោក ញឹម ស៊ីដេត បុរាណវិទូ បានបង្ហាញថា ស្រទាប់ដីនីមួយៗ ក្នុងរណ្តៅកំណាយនៅក្បែរបរិវេណតួឡ គឺមានអំបែងភាជន៍ជាច្រើនប្រភេទ។ អំបែងភាជន៍ទាំងនោះមានជាភាជន៍ប្រើប្រចាំថ្ងៃ ដូចជា អំបែងឆ្នាំងដី ក្អម ផើង ខ្លះជាប្រភេទភាជន៍រឹង មានដូចជា ចាន ក្រឡ ហើយគ្មានស្រទាប់រលោង។


ដោយឡែក ចំពោះកាលបរិច្ឆេទ នៃឡ នេះ ក្រុមអ្នកស្រាវជ្រាវពុំទាន់អាចកំណត់បាននៅឡើយទេ។ ប៉ុន្តែ បើប្រៀបធៀបជាមួយលទ្ធផលដែលទទួលបានពីការវិភាគលើសំណាកធ្យូង ដែលយកពីស្រទាប់ដីដែលនៅសល់រចនាសម្ពន្ធឡដុតភាជន៍ខ្លះៗ ពីរណ្តៅកំណាយមួយចំនួនដែលបានធ្វើដោយគម្រោង Greater Angkor Project នៅឆ្នាំ ២០១១ បានបង្ហាញថា ស្រទាប់ដីនោះ មានអាយុកាលចាប់ពីសតវត្សរ៍ទី ៩ ទៅដល់សតវត្សរ៍ទី ១២។ ដូច្នេះ អាចសន្និដ្ឋានជាបឋមបានថា ឡត្រពាំងថ្មអណ្តែត និងឡដែលទើបរកឃើញនេះ អាចចាប់ដំណើរការផលិតចាប់ពីសតវត្សរ៍ទី ៩ ទៅដល់សតវត្សរ៍ទី ១២៕
អត្ថបទ ៖ អាជ្ញាធរជាតិអប្សរា



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


