Connect with us

ព័ត៌មានអន្ដរជាតិ

ព្រឹទ្ធ​សមាជិក​ទ្វេ​បក្ស ប្រឆាំងត្រាំ​ដែល​ប៉ុនប៉ង​ដក​អាមេរិកចេញពី​ NATO

បានផុស

នៅ

សមាជិកព្រឹទ្ធសភាពីរគណបក្ស​របស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី៣មេសា ដោយអះអាង​ថា ប្រធានាធិបតីរូបណាដែលកំពុងពិចារណាដកខ្លួនចេញពីអង្គការណាតូ នឹងជួយបំពេញក្ដីសុបិនដល់គូសត្រូវដូចជា រុស្ស៊ី និងចិន ហើយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខជាតិរបស់អាមេរិកផងដែរ។

លោកស្រី Jeanne Shaheen និង លោក Thom Tillis មកពីគណបក្សសាធារណរដ្ឋ (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម guardian ព្រឹទ្ធសមាជិក​ពីររួប គឺ លោក Thom Tillis មកពីគណបក្សសាធារណរដ្ឋ (Republics) និង លោកស្រី Jeanne Shaheen មកពីគណបក្ស​ប្រជាធិបតេយ្យ​ (Democrats) ដែលជាសហប្រធានក្រុមអ្នកសង្កេតការណ៍អង្គការណាតូនៃព្រឹទ្ធសភា បាន​សរសេរ​នៅក្នុងសេចក្តីថ្លែងការណ៍រួមថា «ណាតូបានគាំទ្រអាមេរិកនៅពេលដែលយើងកំពុងរងការវាយប្រហារ ហើយបានមកជួយយើងបន្ទាប់ពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា។ ទាហានរបស់ពួកគេបានប្រយុទ្ធ និងស្លាប់រួមជាមួយកងទ័ពរបស់យើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។

ព្រឹត្តសមាជិក​ទាំងពីរ​ បានសង្កត់ធ្ងន់ថា «សភានឹងមិនអនុញ្ញាតឲ្យអាមេរិកដកខ្លួនចេញពីណាតូទេ។ សភា និងប្រជាជនអាមេរិកយល់ថា យើងកាន់តែរឹងមាំនៅពេលដែលយើងឈរជាមួយសម្ព័ន្ធមិត្តរបស់យើង។ នោះជាការពិតជាមូលដ្ឋាន ការមិនអើពើនឹងវាគ្រាន់តែធ្វើឲ្យយើងខាតបង់ប៉ុណ្ណោះ»។

នៅពេលដែលសង្គ្រាមអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរឡើង ប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមកំហែងដោយកំហឹងម្តងហើយម្តងទៀតថា នឹងដកអាមេរិកចេញពីណាតូ ដោយដាក់សម្ព័ន្ធភាពនេះឲ្យស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុតមិនធ្លាប់មាន។ តែយ៉ាងណា យោងតាមច្បាប់ លោកត្រាំមិនអាចដកទីក្រុងវ៉ាស៊ីនតោនចេញពីសម្ព័ន្ធភាពដោយឯកតោភាគីបានទេ ពីព្រោះការសម្រេចចិត្តនេះត្រូវការការគាំទ្រពីសមាជិកព្រឹទ្ធសភា ២/៣ នៅក្នុងព្រឹទ្ធសភា ឬច្បាប់ដែលអនុម័តដោយសភាទាំងពីរ។

មិនតែប៉ុណ្ណោះ លោកត្រាំបានពិពណ៌នាអំពីសម្ព័ន្ធមិត្តអឺរ៉ុបថា «គាំទ្រតែសំបកក្រៅ» ចំពោះយុទ្ធនាការរបស់អាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ លោកក៏បានអំពាវនាវម្តងហើយម្តងទៀតដល់សម្ព័ន្ធមិត្តឲ្យជួយអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុន្តែណាតូមិនទាន់ទទួលយកនៅឡើយទេ។ ពេលនេះ លោកកំពុងពិចារណាយ៉ាងម៉ត់ចត់អំពីការដកអាមេរិកចេញពីណាតូ ដោយហៅសម្ព័ន្ធភាពនេះថាជា «ខ្លាក្រដាស»។

នៅក្នុងសេចក្តីថ្លែងការណ៍រួម លោកស្រី Shaheen និង Tillis បាននិយាយថា ការពិពណ៌នារបសត្រាំគឺ «មិនស៊ីសង្វាក់គ្នានឹងអ្វីដែលណាតូបានធ្វើ បន្ទាប់ពីការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ឡើយ»។

ដោយឡែក លោក McConnell អតីតមេដឹកនាំព្រឹទ្ធសភាសាធារណរដ្ឋ រួមជាមួយលោក Chris Coons សមាជិកសភាប្រជាធិបតេយ្យកាលពីថ្ងៃទី ២មេសា ក៏បានសង្កត់ធ្ងន់លើតួនាទីរបស់ណាតូនៅក្នុងអាមេរិកផងដែរ។ អ្នកទាំងពីរលើកឡើងថា ពេលវេលាតែមួយគត់ដែលណាតូបានចូលរួមក្នុងសង្គ្រាម គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើអាមេរិក។ ទីក្រុងវ៉ាស៊ីនតោនមិនត្រូវមើលស្រាលការលះបង់នេះទេ ហើយសម្ព័ន្ធមិត្តរបស់ខ្លួនក៏មិនត្រូវមើលស្រាលការលះបង់របស់ពួកគេដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម