ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់៖ បើអត់បញ្ចេញលុយដែលបង្កក ២៤ពាន់លានដុល្លារ ខ្លួនមិនចុះកិច្ចព្រមព្រៀងទេ
កិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងតែជួបឧបសគ្គធំមួយ បន្ទាប់ពីភាគីខាងអ៊ីរ៉ង់ បានដាក់ឱសានវាទយ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ លុះត្រាតែទីក្រុងវ៉ាស៊ីនតោន ព្រមបញ្ចេញទ្រព្យសម្បត្តិដែលត្រូវបានបង្កកទុក ដែលមានតម្លៃរហូតដល់ ២៤ពាន់លានដុល្លារ។

ចុះផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មាន The Telegraph បានឱ្យដឹងថា លក្ខខណ្ឌដាច់ខាតនេះ ត្រូវបានប្រកាសឡើងដោយប្រធានអ្នកចរចារបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅក្នុងជំនួបការទូតមួយជាមួយមន្ត្រីប្រទេសកាតា នៅក្នុងទីក្រុងដូហា។ ភាគីអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ទឹកប្រាក់ពាក់កណ្តាល ពោលគឺ ១២ពាន់លានដុល្លារ ត្រូវតែផ្ទេរមកឱ្យពួកគេភ្លាមៗ នៅពេលប្រកាសអនុស្សរណៈនៃការយោគយល់គ្នា ហើយទឹកប្រាក់ដែលនៅសល់ ត្រូវតែបញ្ចេញឱ្យអស់ក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់។
មន្ត្រីអ៊ីរ៉ង់ម្នាក់ ដែលជិតដិតនឹងកិច្ចចរចានេះ បានលើកឡើងចំៗថា អ៊ីរ៉ង់ត្រូវការលុយរបស់ខ្លួនមកវិញនៅពេលនេះភ្លាម មិនមែនរង់ចាំទៅថ្ងៃអនាគតនោះទេ ហើយកិច្ចចរចា នឹងមិនអាចទៅមុខរួចដាច់ខាត បើគ្មានការផ្ទេរប្រាក់ទាំងនេះចូលក្នុងគណនីរបស់អ៊ីរ៉ង់។ ទឹកប្រាក់រាប់ពាន់លានដុល្លារទាំងនេះ ភាគច្រើនជាចំណូលបានមកពីការលក់ប្រេង និងហ្គាស ដែលត្រូវបានរក្សាទុកនៅក្នុងធនាគារបរទេសជាច្រើនឆ្នាំមកហើយ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។ បើតាមប្រភពព័ត៌មាន ទ្រព្យសម្បត្តិសរុបរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅតាមបណ្តាប្រទេសនានា ដូចជា កូរ៉េខាងត្បូង កាតា អ៊ីរ៉ាក់ ជប៉ុន និងអាល្លឺម៉ង់ មានតម្លៃរហូតដល់ទៅជាង ១០០ពាន់លានដុល្លារឯណោះ ប៉ុន្តែអ៊ីរ៉ង់មិនអាចដកយកមកស្រុកវិញបាន ដោយសារតែច្បាប់រឹតបន្តឹងប្រព័ន្ធធនាគារអន្តរជាតិរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក។
ការទាមទារដ៏រឹងរូសរបស់អ៊ីរ៉ង់នេះ បានធ្វើឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាក់ក្នុងស្ថានភាពដ៏ពិបាកមួយ ព្រោះក្រុមអ្នកគាំទ្រ និងសម្ព័ន្ធមិត្តរបស់លោក បានព្រមានថា បើលោកព្រមតាមអ៊ីរ៉ង់ វាប្រៀបដូចជាការយកលុយទៅផ្ដល់រង្វាន់ដល់របបដឹកនាំទីក្រុងតេហេរ៉ង់ និងជាការចំណាយលុយ ដើម្បីបញ្ចប់សង្គ្រាមដែលលោកជាអ្នកចាប់ផ្តើមខ្លួនឯងអ៊ីចឹង។ ក្រុមអ្នកនយោបាយអាមេរិក យល់ថា លក្ខខណ្ឌនេះ មិនអាចទទួលយកបានឡើយ ព្រោះអ៊ីរ៉ង់ទើបតែបានគំរាមកំហែងពិភពលោក តាមរយៈការបិទច្រកសមុទ្រ Hormuz ដែលស្ទើរតែធ្វើឱ្យសេដ្ឋកិច្ចសកលធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចទៅហើយ។ ម្យ៉ាងវិញទៀត ដើម្បីបញ្ចេញលុយទាំងនេះ អាមេរិកត្រូវលើកលែងទណ្ឌកម្ម និងបង្កើតប្រព័ន្ធគ្រប់គ្រងដ៏ស្មុគស្មាញមួយ ដើម្បីធានាថា អ៊ីរ៉ង់មិនយកលុយទាំងនោះទៅពង្រីកកម្មវិធីនុយក្លេអ៊ែរ ឬឧបត្ថម្ភដល់ក្រុមប្រដាប់អាវុធណាមួយឡើយ។
ទោះបីជាមានភាពតានតឹងបែបនេះក្តី អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានបង្ហើបថា លោក ដូណាល់ ត្រាំ ហាក់ដូចជាកំពុងមានការប្រញាប់ប្រញាល់យ៉ាងខ្លាំង ក្នុងការចង់បញ្ចប់ជម្លោះមួយនេះ ដែលវាអាចបញ្ជាក់ថា លោកអាចនឹងព្រមធ្វើតាមការទាមទារ ឬធ្វើសម្បទានខ្លះលើសពីអ្វី ដែលលោកធ្លាប់ប្រកាសជាសាធារណៈ។ ចំណែកឯរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះ អាចនឹងដោះស្រាយចេញ ក្នុងរង្វង់ពីរទៅបីថ្ងៃខាងមុខ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


