Connect with us

កីឡា

កីឡាការិនី Preeti ចូល​រួមក្លិប​នៅ​កម្ពុជា ជា​ប្រទេស​ទី ៤ បន្ទាប់​ពី​ ឈ្នះ​ពាន ២ នៅ​ហ្ស៊កដានី

បានផុស

នៅ

កីឡាការិនី​បាល់ទាត់​ជម្រើស​ជាតិ​នេប៉ាល់ Preeti Rai បាន​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទាត់​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ដើម្បី​ត្រៀម​ខ្លួន​​ប្រកួត​លីគ​បាល់ទាត់​នារី​កម្ពុជា​ ដែល​បាន​ក្លាយ​ជា​ប្រទេស​ទី៤ បន្ទាប់​ពី​លេង​នៅ​នេប៉ាល់ ឥណ្ឌា និង​ហ្ស៊កដានី។ នេះ​បើ​តាម​ប្រភព​សារព័ត៌មាន​របស់​ប្រទេស​នេប៉ាល់​បាន​ផ្សាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី Preeti Rai ដែល​មាន​ អាយុ ២១ ឆ្នាំ កម្ពស់ ១.៥៨ ម៉ែត្រ លេង​តួនាទី​ជា​ខ្សែ​បម្រើ​កណ្តាល មាន​បទ​ពិសោធ​ច្រើន​ទាំង​ជម្រើស​ជាតិ​នារី​នេប៉ាល់ និង​​ក្លិប​អាជីព។ ចាប់​ផ្តើម​អាជីព​បាល់ទាត់​ដំបូង កីឡាការិនី​រូប​នេះ​លេង​ឲ្យ​ក្រុម APF FC នៅ​លីគ​នារី​​របស់​នេប៉ាល់ ប៉ុន្តែ​រដូវ​កាល ២០២៣-២៤ បាន​ចូល​រួម​ជា​មួយ​ក្រុម​នារី Kickstart ក្នុង​លីគ​នារី​​របស់​ប្រទេស​ឥណ្ឌា។ ​នៅឆ្នាំ ២០២៥ នាង​បាន​ចូល​រួម​ជា​មួយ​ក្រុម​នារី Etihad Women FC ក្នុង​ប្រទេស​ហ្ស៊កដានី។

សម្រាប់​ការ​លេង​ឲ្យ​ក្រុម Etihad Women FC ខ្សែ​បម្រើ Preeti Rai​ បាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន​ ២ គឺ ជើង​ឯក​លីគ​នារី​ហ្ស៊កដានី (Jordan Women’s Pro League) និង​ពាន​ Jordan Women’s Cup មុន​ពេល​ផ្លាស់​មក​ចូល​រួម​ជា​មួយ​ ក្រុម​នារីព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​​ជា​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត​សម្រាប់​នាង​ក្នុង​នាម​ជា​កីឡាការិនី​នេប៉ាល់។

បើ​និយាយ​ពី​ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​ នេប៉ាល់ ​វិញ Preeti Rai បាន​ជាប់​លេង​ឲ្យ​ក្រុម​ធំ​ជម្រើស​ដៃ​ទី ១ តាំង​ពី​អាយុ ១៦ ឆ្នាំ។ បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​នារី​ នេប៉ាល់ លើកដំបូង កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ ២០២១ ជា​ពេល​​ដែល ក្រុម​នារី​ នេប៉ាល់ ប្រកួត​មិត្តភាព​អន្តរជាតិជា​មួយ ក្រុម​នារី​បង់ក្លាដែស។ ពេល​នោះ នាង​ស៊ុត​ចូល ១ គ្រាប់​ដ៏​ល្អ ប៉ុន្តែ​ នេប៉ាល់ បានចាញ់ ១-២។

កីឡាការិនី Preeti Rai លេច​ធ្លោ​ខ្លាំង​ឲ្យ ក្រុម​នារី​​ នេប៉ាល់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​​នារី​អាស៊ី​ខាង​លិច WAFF Women’s Championship ឆ្នាំ ២០២៤។ ពេល​នោះ កីឡាការីនី​រូប​នេះ​ជួយ​ក្រុម​នារី នេប៉ាល់ ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ បន្ទាប់​ពី​ចាញ់ ក្រុម​នារី​ហ្ស៊កដានី ដោយ​ការ​ទាត់​ប៉េណាល់​ទី​កាត់​សេចក្តី ៣-៤ ក្រោយ​​ស្មើ​គ្នា ២-២។

រហូត​ដល់​ពេល​នេះ Preeti Rai បាន​បង្ហាញ​ខ្លួន​សម្រាប់​ការ​ប្រកួត​អន្តរជាតិ ​ឲ្យ​ក្រុម​នារី នេប៉ាល់ ​បាន​ប្រមាណ ២១ ប្រកួត និង​រក​បាន ៥ គ្រាប់។ កីឡាការិនី​រូប​នេះ​​ត្រូវ​បាន​ចាត់​ទុក​ជា អ្នកនាំ​លេង​ប្រកប​ដោយ​ភាព​ឆ្លាតវៃ និង​បច្ចេកទេស​ដ៏​ប៉ិនប្រសប់​សម្រាប់​ក្រុម​នារី​នេប៉ាល់៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម