Connect with us

ព័ត៌មានអន្ដរជាតិ

បទឈប់បាញ់១០ថ្ងៃ រវាងអ៊ីស្រាអែលនិងលីបង់ ចូលជាធរមានហើយ

បានផុស

នៅ

បទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់បានចូលជាធរមានហើយ ក្រោយមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC, បទឈប់បាញ់រយៈពេល១០ថ្ងៃមួយនេះ បានចូលជាធរមាន នៅម៉ោង ៤ព្រឹក ថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា)។

ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់នេះ ត្រូវបានក្រសួងការបរទេសអាមេរិកបញ្ជាក់ថា៖ រដ្ឋាភិបាលលីបង់ត្រូវតែចាត់វិធានការ ដើម្បីរារាំងក្រុមហេសបូឡាមិនឲ្យវាយប្រហារលើអ៊ីស្រាអែល ហើយកងកម្លាំងសន្តិសុខរបស់លីបង់ ត្រូវទទួលខុសត្រូវផ្តាច់មុខលើអធិបតេយ្យភាព និងការការពារជាតិរបស់លីបង់។

(រូប៖ Reuters)

ក្រុមហេសបូឡា បានយល់ព្រមគោរពតាមបទឈប់បាញ់នេះ ប៉ុន្តែក៏ទាមទារដែរថា អ៊ីស្រាអែល ត្រូវបញ្ឈប់ការវាយប្រហារលើគ្រប់ទីតាំងនៃទឹកដីលីបង់ និងមិនត្រូវចល័តទ័ពដោយសេរីឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អះអាងថា កងទ័ពអ៊ីស្រាអែលនឹងបន្តស្ថិតនៅក្នុង «តំបន់សន្តិសុខ» ចូលជ្រៅ១០គីឡូម៉ែត្រ ក្នុងភាគខាងត្បូងប្រទេសលីបង់ ដែលចំណុចនេះគឺផ្ទុយពីការទាមទាររបស់ក្រុមហេសបូឡាដែលឲ្យពួកគេដកថយ។

(រូប៖ Reuters)

ដូច្នេះហើយ គេកំពុងចាំមើលថាតើភាគីទាំងពីរនឹងចរចាគ្នាបែបណាទៀតនាពេលបន្ទាប់ ខណៈអាមេរិក បញ្ជាក់ហើយថា បទឈប់បាញ់នេះអាចបន្ថែមច្រើនថ្ងៃទៀត បើវាមានសញ្ញាជោគជ័យ។

សូមជម្រាបថា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ វាយប្រហារលីបង់ នៅថ្ងៃទី២ខែមីនាឆ្នាំ២០២៦ ដោយគិតត្រឹមពេលនេះ ប្រតិបត្តិការនោះបានសម្លាប់មនុស្សជាង ២ ០០០នាក់ និងបណ្តាលឲ្យមនុស្សប្រហែល ១លាននាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម