Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កំពុងសម្រុកបំពេញឃ្លាំងអាវុធ អំឡុងពេលបទឈប់បាញ់ ជាមួយអ៊ីរ៉ង់

បានផុស

នៅ

ក្នុងក្រសែភ្នែកមហាជន ការប្រកាសបទឈប់បាញ់រវាងរដ្ឋបាលលោក ដូណាល់ ត្រាំ និងប្រទេសអ៊ីរ៉ង់ គឺជាសញ្ញាវិជ្ជមាននៃសន្តិភាព ប៉ុន្តែនៅពីក្រោយឆាកយោធា អ្វីៗមិនមែនសាមញ្ញបែបនេះឡើយ។ អ្នកវិភាគយុទ្ធសាស្ត្រអន្តរជាតិជាច្រើន ចាប់ផ្តើមដាក់ការសង្ស័យថា វ៉ាស៊ីនតោនកំពុងប្រើ «ល្បិចពន្យារពេល» ដើម្បីឆ្លៀតឱកាសដឹកជញ្ជូន និងផលិតគ្រាប់រំសេវបំពេញឃ្លាំងឡើងវិញ បន្ទាប់ពីបានចំណាយអស់យ៉ាងសន្ធឹកសន្ធាប់ក្នុងជម្លោះនាពេលថ្មីៗនេះ។

(រូបថត៖ យោធា​អាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ស៊ើបអង្កេតពី The New York Times សង្រ្គាមរយៈពេលខ្លីជាមួយអ៊ីរ៉ង់កាលពីដើមឆ្នាំ ២០២៦ បានធ្វើឲ្យ​ឃ្លាំង​អាវុធ​របស់អាមេរិក ស្រកចុះដល់កម្រិតមួយដែលគួរឲ្យ​ព្រួយបារម្ភ ប្រមាណពី ៤៥% ទៅ ៥០% នៃស្តុកគ្រាប់មីស៊ីលសំខាន់ៗ រួមមានប្រភេទ Patriot, THAAD និង Tomahawk។ ការផ្អាកបាញ់គ្នានេះ គឺជាឱកាសមាសដែលអនុញ្ញាត​ឲ្យ​ក្រុមហ៊ុនការពារជាតិយក្សៗ ដូចជា Lockheed Martin អាចបញ្ជូនគ្រឿងយុទ្ធោបករណ៍ថ្មីៗ ទៅកាន់មូលដ្ឋានទ័ពជួរមុខនៅមជ្ឈិមបូព៌ាដោយសុវត្ថិភាព។

សន្តិភាពគ្រាន់តែជាការដកដង្ហើម?

សារព័ត៌មាន CBS News បានចុះផ្សាយថា បទឈប់បាញ់នេះហាក់ដូចជាការ «ទិញពេលវេលា» ច្រើនជាងការចង់បញ្ចប់សង្រ្គាមពិតប្រាកដ។ ប្រភពពីមន្ត្រីមន្ទីរបញ្ចកោណបានទម្លាយថា ការចំណាយលើសង្រ្គាមកន្លងមកមានទំហំធំធេងណាស់ គឺ​អស់​ប្រហែល ២៥​ពាន់​លាន​ដុល្លារ ដែលធ្វើឲ្យ​អាមេរិកត្រូវការពេលយ៉ាងហោចណាស់ពីរបីខែ ដើម្បីរៀបចំប្រព័ន្ធការពារមីស៊ីល Patriot ឡើងវិញ មុននឹងអាចបើកការចរចាដោយមានអំណាចពេញដៃ។

យុទ្ធសាស្ត្រ «ដំបងធំ» របស់លោក ត្រាំ

ស្របពេលជាមួយគ្នានេះ អ្នកជំនាញយោធាលើកឡើងថា លោក ដូណាល់ ត្រាំ កំពុងប្រើនយោបាយ «សន្តិភាពតាមរយៈកម្លាំង»។ លោកយល់ព្រមឈប់បាញ់ដើម្បីឲ្យសេដ្ឋកិច្ចមានស្ថិរភាព និងដើម្បីឲ្យ​កងទ័ពជើងទឹកអាមេរិកអាចចល័តនាវាផ្ទុកយន្តហោះទៅកាន់ទីតាំងយុទ្ធសាស្ត្រថ្មីៗ។ បើការចរចានៅប្រទេសប៉ាគីស្ថានជាមួយអ៊ីរ៉ង់ មិនទទួលបានលទ្ធផលដែលអាមេរិកចង់បាន នោះឃ្លាំងអាវុធដែលទើបតែបំពេញថ្មីនេះ នឹងក្លាយជាឧបករណ៍ដាក់សម្ពាធដ៏ធំបំផុត។

ជំហររបស់លោក ដូណាល់ ត្រាំ និងការដាក់សម្ពាធ

ទោះបីជាស្ថានភាពហាក់ស្ងប់ស្ងាត់ ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងខ្លាំងៗទៅកាន់ទីក្រុងតេហេរ៉ង់។ យោងតាមសារព័ត៌មាន Anadolu Agency លោក ត្រាំ បានបញ្ជាក់កាលពីថ្ងៃពុធ ទី​២៩ ខែមេសា ឆ្នាំ​២០២៦ ថា អាមេរិកដឹងយ៉ាងច្បាស់ពីទីតាំង ដែលអ៊ីរ៉ង់លួចដឹកជញ្ជូនគ្រឿងយុទ្ធោបករណ៍ថ្មីៗចូលក្នុងអំឡុងពេលឈប់បាញ់នេះ ហើយលោកបានគំរាមថា «នឹងកម្ទេចវាចោលក្នុងរយៈពេល ១៥នាទី» ប្រសិនបើសង្រ្គាមចាប់ផ្តើមឡើងវិញ។

ជា​រួម ដ្បិត​​បច្ចុប្បន្ន គ្មានគ្រាប់បែកធ្លាក់ ឬគ្មានការបាញ់មីស៊ីលតបតគ្នា ប៉ុន្តែសកម្មភាពនៅតាមរោងចក្រផលិតអាវុធក្នុងរដ្ឋតិចសាស់ និងរដ្ឋអារីហ្សូណា កំពុងដំណើរការ ២៤ ម៉ោងលើ ២៤ ម៉ោង។ ពិភពលោកកំពុងសង្ឃឹមថា ការ «បំពេញឃ្លាំង» នេះគឺសម្រាប់តែការពារខ្លួន ប៉ុន្តែប្រវត្តិសាស្ត្រតែងតែបង្រៀនយើងថា នៅពេលដែលអាវុធត្រូវបានរៀបចំរួចរាល់ ឱកាសនៃសង្រ្គាមក៏តែងតែនៅកៀកបង្កើយដូចគ្នា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម