Connect with us

ព័ត៌មានអន្ដរជាតិ

ដាណឺម៉ាក សម្រេចបញ្ជូនទាហាន​ជាប់​កាតព្វកិច្ច ទៅកាន់កោះ Greenland ក្រោយមានសម្ពាធពី អាមេរិក

បានផុស

នៅ

រដ្ឋាភិបាលដាណឺម៉ាក នឹងចាប់ផ្តើមបញ្ជូនទាហាន​ជាប់​កាតព្វកិច្ច ទៅកាន់កោះហ្គ្រីនឡែន (Greenland) ដែលជាដែនដីស្វយ័តរបស់ខ្លួន​នៅ​តំបន់​អាក់​ទិក​​ បន្ទាប់ពីមានសម្ពាធ និងការគំរាមកំហែងទាមទារកាត់យកដែនដីនេះពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក Jeppe Bruus បានថ្លែងប្រាប់សភាជាតិកាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ថា «ទាហាន​ជាប់​កាតព្វកិច្ចនឹងត្រូវពង្រាយឲ្យបំពេញការងារទន្ទឹមគ្នាជាមួយទាហានអាជីព ហើយពួកគេ នឹងចូលរួមពេញលេញក្នុងរាល់បេសកកម្មទាំងអស់»។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីស្ថានីយទូរទស្សន៍ TV2 បានរាយការណ៍ថា កងទ័ពដាណឺម៉ាកកំពុងពិចារណា​ បញ្ជូនទាហាន​ជាប់​កាតព្វកិច្ចទៅកាន់កោះហ្គ្រីនឡែន ដើម្បីពង្រឹងវត្តមានយោធារបស់ខ្លួន ឆ្លើយតបទៅនឹងសម្ពាធយ៉ាងខ្លាំងពីអាមេរិក។

យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមដែលកំពុងបន្តកើតមាននៅអ៊ុយក្រែន ប្រទេសដាណឺម៉ាកបានពន្យារពេលកាតព្វកិច្ចយោធារបស់ខ្លួនរហូតដល់ ១១ ខែកាលពីឆ្នាំមុន និងបានបើកទូលាយឲ្យស្ត្រីអាចចូលបម្រើកងទ័ពបានផងដែរ។

លោករដ្ឋមន្ត្រី Jeppe Bruus បានពន្យល់ថា ជាមួយនឹងរយៈពេលបំពេញកាតព្វកិច្ចដ៏វែងជាងមុននេះ «ទាហានកាតព្វកិច្ចនឹងត្រូវទទួលបានការបណ្តុះបណ្តាលយ៉ាងជំនាញ ដើម្បីអាចចូលរួមក្នុងការអនុវត្តបេសកកម្មផ្សេងៗរបស់កងកម្លាំងប្រដាប់អាវុធបាន»។

លោកបានបន្ថែមថា សម្រាប់ការដាក់ពង្រាយនៅលើកោះ ទាហានកាតព្វកិច្ចនឹងត្រូវចាត់តាំងឲ្យធ្វើកិច្ចការណាដែលមិនតម្រូវឲ្យមានការបណ្តុះបណ្តាលជំនាញឯកទេសវែងឆ្ងាយនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនទាន់បានបញ្ជាក់ជាក់លាក់ថា តើទាហានកាតព្វកិច្ចទាំងនោះនឹងត្រូវធ្វើដំណើរទៅដល់ពេលណា ឬមានចំនួនប៉ុន្មាននាក់នោះទេ គិតមកទល់ពេលនេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចោទប្រកាន់ដាណឺម៉ាកថា បានបោះបង់ចោល និងខ្វះការយកចិត្តទុកដាក់លើសន្តិសុខនៃដែនដីតំបន់ប៉ូលខាងជើងដ៏ធំធេងមួយនេះ។ ភាពតានតឹងជុំវិញកោះបានកើនឡើងជាលំដាប់ បន្ទាប់ពីលោក ត្រាំ បានបង្កើនការគំរាមកំហែងក្នុងការកាត់យកដែនដីដាណឺម៉ាកមួយនេះ ដើម្បីការពារសន្តិសុខរបស់អាមេរិក។

ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានដកថយវិញកាលពីខែមករា បន្ទាប់ពីការគំរាមកំហែងអស់រយៈពេលជាច្រើនសប្តាហ៍ ដោយបានប្រកាសថា លោកបានឈានដល់ «កិច្ចព្រមព្រៀងក្របខ័ណ្ឌ» មួយស្តីពីកោះហ្គ្រីនឡែន ជាមួយអគ្គលេខាធិការអង្គការណាតូ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ៕

អត្ថបទ ៖ សាង​ ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម