Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ អំពាវពលរដ្ឋផ្លាស់ប្តូរឥរិយាបទ កុំបរិភោគទឹកឆៅដែលយកមពីបឹង អណ្តូង គ្រោះថ្នាក់ដល់សុខភាព

បានផុស

នៅ

ខេត្តរតនគិរី៖ អង្គការអភិវឌ្ឍន៍ជីវិតអ្នកជនបទកម្ពុជា បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយអំពីគ្រោះថ្នាក់សុខភាព ដែលបណ្តាលមកពីការបរិភោគទឹកមិនស្អាត នៅតាមតំបន់ជនបទក្នុងខេត្តរតនគិរី ដោយផ្តោតលើការប្រើប្រាស់ទឹកពីអណ្តូង ទឹកអូរ និងទន្លេ ដែលមិនបានដាំឲ្យពុះ ឬមិនបានចម្រោះត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន រ៉ាត់ មន្ត្រីផ្នែកទឹកស្អាតនៃអង្គការអភិវឌ្ឍន៍ជីវិតអ្នកជនបទកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋជាច្រើននៅតំបន់ជនបទនៅតែមានការយល់ច្រឡំថា ទឹកដែលមើលទៅថ្លា គឺជាទឹកស្អាតអាចផឹកបាន។ ទោះជាយ៉ាងណា តាមការពិនិត្យដោយឧបករណ៍វិទ្យាសាស្ត្រ ទឹកទាំងនោះនៅតែមានមេរោគ និងសារធាតុបំពុលដែលមិនអាចមើលឃើញដោយភ្នែកទទេ។

លោកបានបន្ថែមថា ការបរិភោគទឹកមិនស្អាតអាចបណ្តាលឲ្យកើតជំងឺជាច្រើន ដូចជា ជំងឺពោះវៀន ហើមពោះ រលាក​ស្រោមខួរ ជំងឺតំរង់នោម និងបញ្ហាសុខភាពផ្សេងៗទៀត ក្នុងនោះ កុមារ និងមនុស្សចាស់ គឺជាក្រុមដែលងាយរងគ្រោះខ្លាំងជាងគេ។ បន្ថែមពីនេះ ទឹកដែលមានកករ ឬសារធាតុគីមីលាយឡំ ទោះបីដាំឲ្យពុះក៏ដោយ ក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពបានដែរ ប្រសិនបើមិនបានចម្រោះឲ្យបានត្រឹមត្រូវ។ ប្រភពទឹកធម្មជាតិនៅបច្ចុប្បន្ន ក៏មិនអាចប្រើប្រាស់ដូចអតីតកាលបានទៀត ដោយសារការបំពុលពីសកម្មភាពមនុស្ស។ ក្នុងន័យនេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរអាកប្បកិរិយា ដោយត្រូវដាំទឹកឲ្យពុះ ឬប្រើធុងចម្រោះ មុននឹងយកមកបរិភោគ ដើម្បីការពារសុខភាពរយៈពេលវែង និងកាត់បន្ថយការចំណាយព្យាបាលជំងឺ។

អ្នកស្រី អាន់ ណាវី ពេទ្យទ្រទ្រង់សុខភាពនៅកាចូនលើ មានប្រសាសន៍ថា ការមានធុងចម្រោះទឹកនៅផ្ទះ នឹងជួយឲ្យគ្រួសាររបស់ពលរដ្ឋអាចប្រើប្រាស់ទឹកស្អាត សម្រាប់ផឹកនិងប្រើប្រាស់ប្រចាំថ្ងៃដោយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។ អ្នកស្រីបន្ថែមថា ធុងចម្រោះទឹកនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃពេលវេលា។

អង្គការអភិវឌ្ឍន៍ជីវិតអ្នកជនបទកម្ពុជា បានពង្រីកការផ្សព្វផ្សាយអំពីសារៈសំខាន់នៃទឹកស្អាតទៅកាន់ខេត្តជាច្រើន រួមមាន រតនគិរី កំពង់ចាម កំពង់ធំ បាត់ដំបង ពោធិ៍សាត់ តាកែវ និងក្រចេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីហានិភ័យនៃការបរិភោគទឹកមិនស្អាត ដែលអាចនាំឲ្យកើតជំងឺជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម