Connect with us

ព័ត៌មានជាតិ

រដូវវស្សាប្រឈមគ្រោះទឹកជំនន់ ពលរដ្ឋរស់នៅតាមដងទន្លេក្នុងខេត្តរតនគិរីទទួលបានវគ្គបណ្តុះបណ្តាលការពារខ្លួន

បានផុស

នៅ

ខណៈរដូវវស្សាកំពុងឈានចូលមកដល់ និងមានហានិភ័យទឹកជំនន់អាចកើតឡើងនៅតាមដងទន្លេ សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបចំកម្មវិធីសម្តែងសង្គ្រោះបន្ទាន់ទឹកជំនន់ និងបណ្តុះបណ្តាលការត្រៀមបង្ការគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន ក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ និងប្រជាពលរដ្ឋជាង ៣០០នាក់ ដោយផ្តោតលើការបង្កើនចំណេះដឹង និងជំនាញឆ្លើយតបគ្រោះមហន្តរាយ ជាពិសេសគ្រោះទឹកជំនន់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងអគ្គិភ័យ។

លោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងត្រៀមសម្ភារៈចាំបាច់ជាមុន ដូចជា ទូក ធុងសាំង និងសម្ភារៈសង្គ្រោះផ្សេងៗ ដើម្បីត្រៀមខ្លួនឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើងភ្លាមៗ។ លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបង្ការគ្រោះមហន្តរាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។

ពលរដ្ឋទទួលវគ្គបណ្តុះបណ្តាលសង្គ្រោះបឋម

តាមការបញ្ជាក់ពីលោក ជី បុត្វា ប្រធានគម្រោងសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ ខេត្តរតនគិរី សកម្មភាពនេះជាផ្នែកមួយនៃគម្រោង «ការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា» ដែលអនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ក្នុងខេត្តរតនគិរី និងស្ទឹងត្រែង។ គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពសហគមន៍ឱ្យអាចបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

ទោះបីគ្រោះមហន្តរាយធម្មជាតិមិនអាចទស្សន៍ទាយបានជាក់លាក់ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋអាចត្រៀមខ្លួនជាមុនបានតាមរយៈការយល់ដឹង និងការបណ្តុះបណ្តាលជំនាញចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យ និងការខូចខាតដែលអាចកើតមាន។

មន្ត្រីពាក់ព័ន្ធបានឱ្យដឹងថា ការរៀបចំសមយុទ្ធ និងវគ្គបណ្តុះបណ្តាលនេះ គឺជាការត្រៀមទុកជាមុនសម្រាប់រដូវទឹកជំនន់ដែលអាចកើតមាននៅអំឡុងខែកញ្ញា ដោយសារតំបន់មួយចំនួនក្នុងស្រុកអណ្តូងមាសមានភូមិសាស្ត្រងាយរងគ្រោះដោយទឹកជំនន់។ កម្មវិធីនេះក៏ជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ ស្ថាប័នជំនាញ និងសហគមន៍ ក្នុងការគ្រប់ គ្រងហានិភ័យ និងឆ្លើយតបគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម