Connect with us

ព័ត៌មានជាតិ

វត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី

បានផុស

នៅ

វត្តបុរាណជាច្រើនដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានអាជ្ញាធរជាតិ​អប្សរាដាក់ចេញ​វិធានការការពារ មិនឱ្យមានការរុះរើ ឬវាយចោលឡើយ បើទោះបីជាមានការកសាងព្រះវិហារថ្មីក៏ដោយ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា នៅក្នុងសន្និសីទកាសែតស្តីពី «ការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព» បានថ្លែងថា ការរក្សានូវសំណង់បុរាណដែលមានអាយុកាលរាប់រយឆ្នាំ គឺជាការផ្ទេរចំណេះដឹង និងមរតកទៅឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងយល់ដឹងពីតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យិត ចាន់ដារដ្ឋ បានកត់សម្គាល់ថា ​នៅខេត្ត​សៀមរាបមានវត្តបុរាណបន្សល់ទុកជាច្រើន តែក៏​រងការ​គំរាមកំហែងវាយកម្ទេចចោលរួច​​សង់ថ្មី​ ខណៈ​ដែល​វត្តបុរាណទាំង​នោះក៏​​មានបន្សល់ទុកនូវ​គំនូរបុរាណ ដែល​ទាម​ទារការយកចិត្តទុក​ដាក់​​ខ្ពស់។

ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅក្នុងដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» លោកថា រដ្ឋសុខចិត្តចំណាយថវិកាដើម្បីជួសជុលនិងថែរក្សាវត្ត ព្រមទាំងវិហារបុរាណឲ្យបានឱ្យបានគង់វង្សយូរអង្វែង។ ការចង់វាយចោល ឬបោះ​បង់​ចោលសំណង់ចាស់ៗទាំងនេះ អាជ្ញាធរពាក់ព័ន្ធតែងតែចុះទៅត្រួតពិនិត្យ ជួសជុល និងរារាំងមិនឲ្យបោះបង់ចោលកេរដំណែលទាំងនេះឡើយ។

លោក យិត ចាន់ដារដ្ឋ បានអះអាង​ថា កិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សា និងជួសជុលវត្តអារាមបុរាណៗ មិនត្រឹមតែមាន​វិសាលភាពធ្វើឡើងចំពោះតែវត្តដែលស្ថិតនៅក្នុងតំបន់គ្រប់គ្រងរបស់អាជ្ញាធរប៉ុណ្ណោះទេ តែលាតសន្ធឹត​ដល់វត្តនៅខាងក្រៅតំបន់រមណីយដ្ឋានអង្គរផងដែរ។

លោកបានលើកឡើងពីវត្តសំខាន់ៗមួយចំនួន ដែលកន្លងទៅ​ទទួលបានការយកចិត្តទុកដាក់​អន្តរាគមន៍ជួសជុល និងអភិរក្ស​ពីអាជ្ញាធរ​​ដូចជា​ វត្តរាជបូណ៌ វត្តព្រះព្រហ្មរ័ត្ន វត្តប្រាសាទលលៃ វត្តល្អក់ វត្ត​ព្រះឥន្ទកោសីយ៍ វត្តដំណាក់ វត្តអង្គរខាងជើង និង​វត្តប្រាសាទបាគង​ជាដើម ដែលសំណង់​បុរាណ​ផ្សេងៗត្រូវបានជួសជុលឡើងវិញ​ដោយនៅ​រក្សាទម្រង់ដើម។

លោក យឹម ច័ន្ទដារ៉ារ័ត្ន បន្ថែម​ថា ដើម្បីពង្រឹងការថែរក្សា និងអភិរក្ស អាជ្ញាធរក៏បានខិតខំរៀបចំជាប្លង់គោលសម្រាប់ការអភិរក្សវត្តនីមួយៗផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម