ព័ត៌មានជាតិ
ជំនឿស្រោចទឹកលើករាសី មានប្រភពមកពីប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ ត្រូវបានគេជឿជាក់ថាជាកន្លែងលាងបាបកាលពីសម័យបុរាណ តាមរយៈភស្តុតាងបង្ហាញនៅក្នុងសិលាចារឹក។
បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ពិធីលាងបាបនៅប្រាសាទនាគព័ន្ធ នៅតែមានឥទ្ធិពលបន្តរហូតមកដល់សព្វថ្ងៃ ប៉ុន្តែបានផ្លាស់ប្តូរទម្រង់នៃការៀបចំពិធីមួយចំនួន។

លោក ជា សារិទ្ធ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា
លោក ជា សារិទ្ធ បុរាណវិទូ និងជាមន្រ្តីផ្នែកអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កាលពីសម័យបុរាណ ការលាងបាបនៅប្រាសាទនាគព័ន្ធត្រូវនិមន្តព្រះសង្ឃឬអាចារ្យមកធ្វើកិច្ចពិធី។
លោកថា ការរៀបចំកិច្ចពិធីលាងបាប គឹតាមរយៈស្រះទាំង ៥ ដែលមានទំនាក់ទំនងគ្នាភ្ជាប់ពីស្រះកណ្តាលទៅស្រះតូចទាំង ៤ ដែលមានដំបូលនិងទរបង្ហូរទឹកមួយ។
ក្នុងកិច្ចដំណើរការពិធីគឺព្រះសង្ឃឬអាចារ្យ នឹងធ្វើនៅលើជណ្ដើរស្រះធំដែលមានមាត់ទរមួយលម្អជាទេវរូបភេទស្រី (នៅសល់នៅទរខាងកើត)។ ពេលធ្វើពិធីរួច គេដួសទឹកចាក់តាមទរ ហើយយើងចូលទៅត្រងទឹកចេញពីមាត់ដំរី មនុស្ស សឹង្ហ និងមាត់សេះ យកមកលាងជម្រះកាយ។
លោកប្រៀបធៀបបច្ចុប្បន្ននេះមានកែប្រែការធ្វើពិធីមួយចំនួន ដោយគេច្រើនតែនាំគ្នាដងទឹកពីក្នុងស្រះទៅប្រគេនព្រះសង្ឃ ដើម្បីឱ្យលោកធ្វើកិច្ចប្រសិទ្ធីដើម្បីលាងជម្រះ។
ពិធីលាងបាបកាលពីសម័យបុរាណបានក្លាយមកជាការ “ស្រោចទឹកលើករាសី” តាមបែបអ្នកអង្គរ ឬ “ការរំដោះគ្រោះ” តាមបែបអ្នកភ្នំពេញ នៅពេលដែលជួបគ្រោះថ្នាក់ ធ្វើការមិនសូវរលូន ឬមានរឿងដាក់ខ្លួនជាដើម។
ពាក់ព័ន្ធជំនឿនេះមានភាពស័ក្តិសិទ្ធិកម្រិតណា លោក ជា សារិទ្ធ បញ្ជាក់ថាគឺអាស្រ័យទៅលើការជឿជាក់របស់បុគ្គលម្នាក់ៗ។ យ៉ាងណា សម័យបុរាណ ជំនឿនិងសាសនាមានភាពជឿជាក់មុតមាំខ្លាំងក្លាណាស់។
«ភស្តុតាងគឺបើគ្មានជំនឿមុតមាំទេ ដូនតាយើងក៏មិនចំណាយពេលរាប់សិបឆ្នាំ កម្លាំងពលកម្ម និងការផ្គត់ផ្គង់អាហារដ៏មហាសាល ដើម្បីសាងសង់ប្រាសាទធំៗដូចជា នាគព័ន្ធ អង្គរវត្ត ឬបាយ័ននោះឡើយ»។ លោក ជា សារិទ្ធ បញ្ជាក់។
ប្រាសាទនាគព័ន្ធ ក្រៅតែជាទីតាំងស័ក្កសិទ្ធសម្រាប់ការរៀបចំពិធីលាងបាបលើករាសីកាលពីបុរាណ អ្នកស្រុកក៏មានជំនឿមួយទៀតគឺពិធីសុំទឹកភ្លៀង នៅពេលស្រុកទេសជួបប្រទះគ្រោះរាំងស្ងួតខុសពីធម្មតា ដែលអ្នកស្រុកតែងតែប្រមូលផ្ដុំគ្នាធ្វើពិធីតាមបែបជំនឿបែបជីវចលដោយមានការលេងភ្លេង និងសូត្រមន្ត។
ពិធីសុំទឹកភ្លៀងនេះអ្នកស្រុកហៅថា “ចាក់ត្រពោករាហូ” ដែលតែងធ្វើឡើងក្រោយរដូវចូលឆ្នាំ ឬក្រោយពិធីឆ្លងចេត្រ ដោយមានការចូលរួមពីអ្នកភូមិជុំវិញដូចជា ភូមិលាងដៃ ភូមិភ្លង់ និងភូមិតាប្រុក ដោយមានរៀបចំកិច្ចពិធីបែបសាសនាផងដែរ។
ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរាជ្យព្រះបាទជ័យវរ្ម័នទី៧ ក្នុងអំឡុងឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។
សាងសង់ឡើងនៅចំកណ្តាលបារាយណ៍ «ជ័យតដាក» ឬវាលរាជដាក (បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ) ភ្ញៀវទេសចរជាតិនិងអន្តរជាតិ អាចធ្វើដំណើរទៅទស្សនាប្រាសាទនាគព័ន្ធ ដោយដើរឆ្លងកាត់ស្ពានឈើដែលមានប្រវែងជិត ២០០ ម៉ែត្រ។
ការដើរកាត់ស្ពានឈើមកទស្សនាប្រាសាទនាគព័ន្ធ ភ្ញៀវទេសចរអាចគយគន់ផ្ទៃទឹកដែលមានផ្កាឈូក រុក្ខវារីជាតិផ្សេងៗ ហើយមិនអាចភ្លេចបានគឺមកថតថ្ងៃលិចឆ្លុះជាមួយស្ពានសាងសង់កាត់បារាយណ៍ហុំព័ទ្ធដោយលំហទឹកល្ហរល្ហេវ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


