Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ តែងតាំង លោក Ghalibaf​ ឲ្យមើលខុសត្រូវ លើ​ទំនាក់ទំនងជាមួយ ចិន

បានផុស

នៅ

យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានចុះផ្សាយកាលពីថ្ងៃអាទិត្យទី១៧ ខែឧសភា ថា ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលទើបតែលេចមុខជាប្រធានអ្នកចរចាក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក​នៅ​ប្រទេសប៉ាគីស្ថាន​កាល​ពី​ខែ​មុន​​ ត្រូវបានតែងតាំងឲ្យមើលការខុសត្រូវលើទំនាក់ទំនងជាមួយប្រទេសចិន។

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានដដែរនោះ បានរាយការណ៍ ដោយផ្អែកលើប្រភពព័ត៌មានដែលអាចទុកចិត្តបានថា លោក Mohammad Bagher Ghalibaf ត្រូវបានតែងតាំងជាតំណាងពិសេសនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការប្រទេសចិន នាពេលថ្មីៗនេះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយដទៃទៀតក៏បានចុះផ្សាយនូវរបាយការណ៍ប្រហាក់ប្រហែលគ្នានេះដែរ។

លោក Ghalibaf ត្រូវបានតែងតាំងឲ្យកាន់តំណែងនេះ តាមរយៈសំណើរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងដោយមានការយល់ព្រមពីមេដឹកនាំកំពូល លោក Mojtaba Khamenei។ លោកនឹងធ្វើការ សម្របសម្រួលលើវិស័យផ្សេងៗនៃទំនាក់ទំនងរវាងអ៊ីរ៉ង់ និងចិន។

បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក Ghalibaf បានលេចធ្លោឡើងក្លាយជាតួអង្គកណ្ដាលក្នុងការដឹកនាំកិច្ចការការទូតលំដាប់ខ្ពស់ នៅក្នុងកិច្ចចរចាជុំទោលមួយជាមួយអាមេរិក កាលពីខែមេសា កន្លងទៅ។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Fars បានឲ្យដឹងដែរថា អតីតប្រធានសន្តិសុខ លោក Ali Larijani ដែលបានទទួលមរណភាពនៅក្នុងការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី១៧ ខែមីនា ក៏ធ្លាប់កាន់តំណែងស្រដៀងគ្នានេះដែរ។ កាលណោះ លោក Larijani បានមើលការខុសត្រូវលើការជំរុញកិច្ចចរចាជាមួយចិន ដែលនាំទៅរកកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល ២៥ ឆ្នាំ កាលពីឆ្នាំ២០២១។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីរ៉ង់បានអនុញ្ញាតឲ្យនាវាចិនមួយចំនួន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់របស់ពិភពលោក ដែលអ៊ីរ៉ង់បានបិទខ្ទប់ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង។ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានបញ្ជាក់ថា នាវាទាំងនោះបានឆ្លងកាត់ បន្ទាប់ពីមាន កិច្ចព្រមព្រៀងស្តីពីពិធីសារគ្រប់គ្រងច្រកសមុទ្ររបស់អ៊ីរ៉ង់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ប្រធានសភា​អ៊ីរ៉ង់ ​ជះសម្តី​ទៅ​អាមេរិក​វិញ​ ដោយ​គ្មាន​កោត​ញញើត​សូម្បីបន្តិច​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម