Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពកំពូលអ៊ីរ៉ង់ ចេញមុខជាសាធារណៈវិញ ចំពេលពិធីបុណ្យសពអតីត​មេដឹកនាំកំពូល ត្រៀមធ្វើយ៉ាងគគ្រឹកគគ្រេង

បានផុស

នៅ

មេទ័ពដ៏មានឥទ្ធិពលម្នាក់នៃកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបង្ហាញខ្លួនជាសាធារណៈឡើងវិញហើយ បន្ទាប់ពីបានលាក់ខ្លួនមួយរយៈធំ។ ការចេញមុខរបស់លោក លេចឡើងចំពេលដែលប្រទេសអ៊ីរ៉ង់ កំពុងរៀបចំពិធីបុណ្យសពផ្លូវការជាច្រើនថ្ងៃ ជូនដល់មេដឹកនាំកំពូលរបស់ខ្លួនគឺលោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ដែលទើបតែទទួលមរណភាពក្នុងជន្មាយុ ៨៦ឆ្នាំ។

លោក Ahmad Vahidi (រូបថត៖ បណ្ដាញសង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សារព័ត៌មាន Hindustan Times ចុះផ្សាយ​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២៦ រូបថតជាច្រើនសន្លឹក ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​អ៊ីរ៉ង់ បានបង្ហាញពីឧត្តមសេនីយ៍ Ahmad Vahidi ចូលរួមប្រជុំរៀបចំពិធីបុណ្យសព ហើយគេក៏បានឃើញលោកអង្គុយនៅក្បែរក្ដារមឈូសរបស់លោក ខាមេនី ក្នុងពិធីសាសនាដ៏ស្ងប់ស្ងាត់មួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ផងដែរ។ ក្រុមអ្នកជំនាញ បាននិយាយថា មេទ័ពរូបនេះ គឺជាអ្នកដើរតួនាទី​យ៉ាងសំខាន់ ក្នុងការកំណត់ជំហរដាច់ខាតនិងតឹងរ៉ឹងរបស់អ៊ីរ៉ង់ លើការចរចាបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក។

ពេលនេះ របបដឹកនាំអ៊ីរ៉ង់ កំពុងរៀបចំពិធីបុណ្យសពដ៏ធំមួយ ដើម្បីបង្ហាញពិភពលោកថា ចលនាបដិវត្តន៍របស់ខ្លួននៅតែរឹងមាំ ទោះបីជាទើបតែឆ្លងកាត់សង្គ្រាមដ៏រន្ធត់ជាមួយអាមេរិកក៏ដោយ។ រដ្ឋាភិបាលរំពឹងថានឹងមានប្រជាជនរាប់លាននាក់មកចូលរួម ដោយពួកគេបានរៀបចំទាំងឡានដឹកជញ្ជូន កន្លែងស្នាក់នៅ និងអាហារដោយឥតគិតថ្លៃ។ សណ្ឋាគារនានាបានបញ្ចុះតម្លៃដល់ទៅ ៥០% ហើយសាលារៀន វិហារសាសនា និងសាលកីឡា ត្រូវបានកែប្រែទៅជាកន្លែងស្នាក់បណ្តោះអាសន្នសម្រាប់អ្នកមកកាន់ទុក្ខ។ នៅតាមដងផ្លូវក្នុងទីក្រុងតេហេរ៉ង់ គេឃើញមានការបិទរូបភាពគាំទ្រមេដឹកនាំកំពូលថ្មី គឺលោក ម៉ូចតាបា ខាមេនី (Mojtaba Khamenei) ដែលជាកូនប្រុសរបស់សពផងដែរ។

តាមគម្រោង សពរបស់លោក ខាមេនី នឹងត្រូវដង្ហែឆ្លងកាត់ទីក្រុងធំៗជាច្រើន មុននឹងត្រូវយកទៅបញ្ចុះនៅទីក្រុង Mashhad នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ ក្នុងអំឡុងពេលបុណ្យសពនេះ វិធានការសន្តិសុខត្រូវបានរឹតបន្តឹងជាអតិបរមា រហូតដល់មានការបិទលំហអាកាសបណ្តោះអាសន្ននៅតាមទីក្រុងមួយចំនួន ហើយអាជ្ញាធរអ៊ីរ៉ង់ក៏បានព្រមានវាយបកវិញយ៉ាងធ្ងន់ធ្ងរ ប្រសិនបើសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល ហ៊ានលួចឆ្មក់វាយប្រហារនៅក្នុងឱកាសនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម