Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តបន្តផែនការពន្លឿនការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានគុណភាព

បានផុស

នៅ


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ ២០២៦-២០៣០ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីបន្តរុញច្រានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ( គ.ជ.អ.ប) កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦។

ការដាក់ចេញផែនការ៥ឆ្នាំ ដំណាក់កាលទី២ នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាព គណនេយ្យភាព និងភាពម្ចាស់ការខ្ពស់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការដាក់ចេញផែនការនេះ គឺជាការប្រតិបត្តិស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅពីការបម្រើសេវាសាធារណៈ។

លោក ស សុខា គូសបញ្ជាក់ថា ផែនការអនុវត្តរយៈពេល៥ឆ្នាំនេះ គឺជាផែនការសំខាន់សម្រាប់បន្តជំរុញកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយលោក បានអំពាវនាវដល់សាធារណជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ចូលរួមគាំទ្រ និងអនុវត្តផែនការនេះឱ្យសម្រេចបានជោគជ័យ។

លោកបានសង្កត់ធ្ងន់ពីការពន្លឿនការផ្ទេរមុខងារ និងថវិកា ដោយក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរុញច្រានការផ្ទេរមុខងារ និងធនធានហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានលឿន ព្រមទាំងបង្កើនការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីមូលដ្ឋាន ដើម្បីធានានូវការទទួលខុសត្រូវខ្ពស់ ខណៈការលើកកម្ពស់សេវាច្រកចេញចូលតែមួយ តួអង្គពាក់ព័ន្ធ ត្រូវតែបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈឱ្យបានលឿន តម្លាភាព គ្មានការរើសអើង និងបើកទូលាយឱ្យសាធារណជន និងសង្គមស៊ីវិលចូលរួមតាមដានត្រួតពិនិត្យ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំពីការពង្រឹងកិច្ចសហការអន្តរក្រសួង ដោយបង្កើនការសម្របសម្រួលរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាថវិកាអភិវឌ្ឍន៍ត្រូវបានប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពបំផុត ស្របពេលការចាត់ទុកកំណែទម្រង់ជាស្នូលយុទ្ធសាស្ត្រ គ្រប់តួអង្គត្រូវបន្តដៅយកកំណែទម្រង់អភិបាលកិច្ចថ្នាក់ក្រោមជាតិ ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រោះវាជាប់ពាក់ព័ន្ធផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម