ព័ត៌មានជាតិ
ជប៉ុន ផ្ដល់ម៉ាស៊ីនបូមទឹកពន្លត់អគ្គិភ័យចល័ត ២គ្រឿង ដល់ផ្សារពោធិ៍លង្កា និងសាលាសង្កាត់ចុងឃ្នៀស
ម៉ាស៊ីនបូមទឹកពន្លត់អគ្គិភ័យចល័តចំនួន ២គ្រឿង របស់ក្រុមហ៊ុនទូហាតស៊ូ ខបភើរ៉េសុន (Tohatsu Corporation) ប្រទេសជប៉ុន ត្រូវបានប្រគល់ជូនដល់ផ្សារពោធិ៍លង្កា និងសាលាសង្កាត់ចុងឃ្នៀស ដើម្បីទុកប្រើប្រាស់ពេលមានហេតុការណ៍បន្ទាន់ ឬអគ្គិភ័យជាយថាហេតុកើតឡើង។ ពិធីប្រគល់ធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រោមវត្តមានចូលរួមពី លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប រួមនឹងលោក យូណាហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប តំណាងក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានបញ្ជាក់ថា សម្ភារបច្ចេកទេសពន្លត់អគ្គិភ័យពិតជាមានសារៈណាស់ សម្រាប់ជួយសង្រ្គោះអាយុជីវិត និងទ្រព្យសម្បត្តិប្រជាជនពីអគ្គិភ័យ ដែលជាគ្រោះមហន្តរាយមួយតែងតែកើតឡើងដោយនឹកស្មានមិនដល់ ហើយវាបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស។ នៅក្នុងបរិបទនៃការអភិវឌ្ឍ សន្តិសុខសុវត្ថិភាពផ្នែកអគ្គិភ័យ គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវភាពសុខសាន្តរបស់សហគមន៍ និងការរីកចម្រើនប្រកបដោយចិរភាព។
លោក អុឹង គឹមលាង បានបង្ហាញថា ការផ្ដល់ជូននូវម៉ាស៊ីនបូមទឹកពន្លត់អគ្គិភ័យចល័តនាពេលនេះ គឺសក្ខីកម្មមួយនៃមិត្តភាពប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការរួមចំណែកដ៏មានតម្លៃ ជួយបង្កើនលទ្ធភាព និងល្បឿននៃការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ចាប់តាំងពីដំណាក់កាលដំបូងនៃការពន្លត់ភ្លើង ជួយទប់ស្កាត់ការរាលដាលនៃអណ្ដាតភ្លើងទៅលើសំណង់អគារ និងតំបន់ជុំវិញ ដែលជាការការពារទ្រព្យសម្បត្តិ បង្កើតនូវភាពកក់ក្ដៅ និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីទទួលខុសត្រូវ ភាពវៃឆ្លាត និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់កងកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារសន្តិសុខ សុវត្ថិភាព ជម្រក និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋយើងនាពេលកន្លងមក។
លោក អូ យ៉ាម៉ា តំណាងក្រុមហ៊ុន បានឱ្យដឹងថា ការប្រគល់សម្ភារ និងម៉ាស៊ីនបូមទឹកពន្លត់អគ្គីភ័យចល័តនាពេលនេះ គឺជាការបរិច្ចាគដែលត្រូវបានប្រើប្រាស់នៅក្នុងគម្រោងសាកល្បងមួយក្រោមការគ្រប់គ្រងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនៃប្រទេសជប៉ុន។

ម៉ាស៊ីនបូមទឹកពន្លត់អគ្គីភ័យចល័ត គឺជាប្រព័ន្ធដែលប្រើម៉ាស៊ីនខ្នាតតូច ដើម្បីដំណើរការម៉ាស៊ីនបូមទឹក ហើយអាចលើក និងដាក់ដោយមនុស្ស ៤នាក់ ហើយវាអាចបូមទឹកពីទន្លេ ឬអាងទឹកនៅកន្លែងដែលរថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅដល់ ដើម្បីធ្វើប្រតិបត្តិការពន្លត់អគ្គីភ័យ ហើយវាមានប្រសិទ្ធភាពខ្លាំងនៅតំបន់ដែលមានបំពង់ទឹកពន្លត់អគ្គីភ័យតិច ឬតំបន់ដែលមានប្រភពទឹកធម្មជាតិ ដោយក្នុងនោះដែរម៉ាស៊ីនបូមទឹកពន្លត់អគ្គីភ័យនេះ គឺអាចបញ្ជូនទឹកតាមទុយោពន្លត់អគ្គីភ័យបានរហូតដល់ ៨០០ម៉ែត្រ នៅលើដីរាបផងដែរ៕


ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


