ព័ត៌មានអន្ដរជាតិ
ចិន-រុស្ស៊ី បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះចម្បាំង ល្បាតលើដែនសមុទ្រជប៉ុន នៅសមុទ្រចិនខាងកើត
ប្រទេសចិន និងរុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងសម្រាប់ល្បាតផ្លូវអាកាសយុទ្ធសាស្ត្ររួមគ្នាក្នុងដែនអាកាសសមុទ្រជប៉ុន នៅឯសមុទ្រចិនខាងកើតនិងតំបន់ប៉ាស៊ីហ្វិកខាងលិចកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមក្រសួងការពារជាតិរបស់ទីក្រុងប៉េកាំង និងចុះផ្សាយដោយសារព័ត៌មាន The Japan Times នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ។
ក្រសួងការពារជាតិចិននិយាយថា៖ « ការល្បាតរយៈចម្ងាយឆ្ងាយលើកទី១១ រវាងកងកម្លាំងអាកាសទាំងពីរ បានបង្ហាញពីការតាំងចិត្ត និងសមត្ថភាពក្នុងការរួមគ្នាការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់»។

ដោយឡែក ក្រសួងការពារជាតិជប៉ុនលើកឡើងថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងជាការឆ្លើយតប ដោយបន្ថែមថា ជប៉ុនបានតាមដានចលនារបស់យន្តហោះចិននិងរុស្ស៊ី រួមទាំងយន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិនចំនួន ៤គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក Tu-95 របស់រុស្ស៊ីចំនួន ២គ្រឿង ចាប់ពីព្រឹកថ្ងៃសៅរ៍ រហូតដល់រសៀល។ ការហោះហើរនេះក៏ពាក់ព័ន្ធនឹងយន្តហោះល្បាត Tu-142 របស់រុស្ស៊ីចំនួន ២គ្រឿង យន្តហោះចម្បាំង J-16 របស់ចិនចំនួន២គ្រឿង និងយន្តហោះចម្បាំង Su-30 របស់រុស្ស៊ីមួយគ្រឿងផងដែរ។
យ៉ាងណាមិញ ផែនទីនៃផ្លូវហោះហើររបស់យន្តហោះដែលភ្ជាប់មកជាមួយសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបានបង្ហាញថា យន្តហោះទម្លាក់គ្រាប់បែកមួយចំនួន បានហោះហើរឆ្លងកាត់ច្រកសមុទ្រ Miyako ជិតខេត្ត Okinawa ប្រទេសជប៉ុន និងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចនៅភាគខាងត្បូងតំបន់ Shikoku មុនពេលវិលត្រឡប់មកវិញ។
មិនតែប៉ុណ្ណោះ កងទ័ពអាកាសកូរ៉េខាងត្បូងក៏បានបាញ់យន្តហោះចម្បាំងរបស់ខ្លួនឡើងលើអាកាសយ៉ាងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលអាចកើតមាន បន្ទាប់ពីយន្តហោះរបស់យោធាចិននិងរុស្ស៊ីជាង ១០គ្រឿងបានចូលទៅក្នុងតំបន់ដែលកំណត់ថាជាអត្តសញ្ញាណដែនអាកាសកូរ៉េខាងត្បូងនៅថ្ងៃដដែល។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap ។
យ៉ាងណា យន្តហោះចិន និងរុស្ស៊ីមិនបានរំលោភលើដែនអាកាសកូរ៉េខាងត្បូងទេ។
គួរបញ្ជាក់ថា ប្រទេសចិននិងរុស្ស៊ីក៏បានធ្វើការល្បាតចម្ងាយឆ្ងាយពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងកាលពីខែធ្នូ ម្តងរួចមកហើយ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi ហៅថាជាការហោះហើរយន្តហោះទម្លាក់គ្រាប់បែករួមគ្នាម្តងហើយម្តងទៀតនិងជាការពង្រីក និងពង្រឹងសកម្មភាពជុំវិញប្រទេសជប៉ុន។
លោក បន្ថែមថា៖ « សកម្មភាពទាំងនេះតំណាងឱ្យការបង្ហាញកម្លាំងប្រឆាំងនឹងប្រទេសជប៉ុនយ៉ាងច្បាស់។ នេះគឺជាក្តីបារម្ភផ្នែកសន្តិសុខធ្ងន់ធ្ងរសម្រាប់ប្រទេសរបស់យើង»៕
សម្រួល៖ ណឺ មិនា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


