Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមផ្តាច់ខ្លួន ភាគខាងត្បូង ថៃ បាញ់រះ ៧៥គ្រាប់​ លើប៉ុស្តិ៍ប៉ូលិស បណ្តាលឲ្យមានប៉ូលិស ស្លាប់

បានផុស

នៅ

ក្រុមផ្តាច់ខ្លួននៅភាគខាងត្បូងប្រទេសថៃ បានបើកការវាយប្រហារថ្មីទៀតហើយ ដោយលើកនេះ ខ្មាន់កាំភ្លើងបានបាញ់រះ សរុប៧៥គ្រាប់ សំដៅលើប៉ុស្តិ៍ប៉ូលិសថ្មី ក្នុងខេត្ត Pattani បណ្តាលឲ្យប៉ូលិសម្នាក់ ស្លាប់។

ប៉ុស្តិ៍ប៉ូលិស ក្នុងខេត្ត Pattani ដែលរងការវាយប្រហារ (រូប៖ Bangkok Post)

តាមពិតទៅ ការវាយប្រហារនេះ កើតឡើងតាំងតែពីថ្ងៃសុក្រ មកម្ល៉េះ ប៉ុន្តែប៉ូលិសថៃ ទើបចេញរបាយការណ៍ និងត្រូវបានចុះផ្សាយដោយ Bangkok Post នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ប៉ុណ្ណោះ។

យោងតាមរបាយការណ៍ថា ជនផ្តាច់ខ្លួនមួយក្រុម មានគ្នា៣នាក់ បានបើកការវាយប្រហារ ដោយប្រើប្រាស់កាំភ្លើង ៤ដើម មានដូចជា M16, HK33, AK47 និង AK102 បាញ់សរុប ៧៥គ្រាប់ លើប៉ុស្តិ៍ប៉ូលិសទើបសាងសង់ ក្នុងស្រុក Sai Buri។

មកទល់ពេលនេះ ប៉ូលិសថៃ កំពុងបើកការស៊ើបអង្កេត និងរកតម្រុយ ដើម្បីចាប់ខ្លួន ខ្មាន់កាំភ្លើង និងអ្នកជាប់ពាក់ព័ន្ធ ទាំងអស់។

សូមជម្រាបជាថ្មី ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ គឺកើតឡើងនៅក្នុងខេត្តចំនួន៤ ដូចជា Narathiwat, Pattani, Yala និង Songkhla។ 

ជម្លោះនេះ អូសបន្លាយពេល អស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ ចេញពីប្រវត្តិសាស្ត្រនយោបាយ និងសាសនា។ 

យោងតាមតួលេខចុងក្រោយ ពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម