Connect with us

សេដ្ឋកិច្ច

​ADB ជាដៃគូយុទ្ធសាស្ត្រ ជួយកម្ពុជាឱ្យក្លាយជាប្រទេស​មានប្រាក់ចំណូល​ខ្ពស់នៅឆ្នាំ ២០៥០​

បានផុស

នៅ

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ បាន​ចាត់ទុកធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ គឺជាដៃគូយុទ្ធសាស្ត្រសំខាន់​ ដើម្បីបំប្លែង​ធនធាន​មនុស្ស​ឱ្យទៅជា «កម្លាំងពលកម្មដែលពឹងផ្អែក​លើបំណិន និងចំណេះដឹង» ​ដែលជាគ្រឹះមិនអាច​ខ្វះ​បាន​សម្រាប់កម្ពុជា ក្នុងការសម្រេចចក្ខុវិស័យជាប្រទេសមានចំណូល​​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងនៅក្នុងជំនួប​ពិភាក្សាការងារ ជាមួយលោកស្រី Lisa Wright តំណាង​ក្រុម​ប្រឹក្សា​ភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី កាលពីរសៀលថ្ងៃទី ២៥ ​ឧសភា ២០២៦។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីសមិទ្ធផលសំខាន់ៗ ​នៃកំណែទម្រង់វិស័យអប់រំក្នុង​អំឡុង​ជាង​មួយ​ទសវត្សរ៍មកនេះ ដោយបានរំលេចពីវឌ្ឍនភាពនៃការអប់រំកុមារតូច ការផ្ដល់អាហារូប​ករណ៍​​ដល់សិស្ស​មកពី​គ្រួសារ​ក្រីក្រ និងរស់​នៅទីដាច់ស្រយាល ការអនុវត្តស្ដង់​ដាសាលារៀនគំរូ​ ​ការបណ្ដុះបណ្ដាលលើកកម្ពស់គុណវុឌ្ឍិគ្រូ និងជំរុញការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ការពង្រឹង​ប្រព័ន្ធ​គ្រប់គ្រងសាលារៀន ការកែលម្អ និងធ្វើទំនើបកម្មកម្មវិធីសិក្សា ការលើកកម្ពស់ការអប់រំស្ទែម និងបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការរៀន និងបង្រៀន និងការអនុវត្តគន្លងអប់រំថ្មី ការបន្តអភិវឌ្ឍសាលារៀនជំនាន់ថ្មី និងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និងគម្រោងអភិវឌ្ឍការអប់រំជាច្រើនទៀត ដើម្បីឆ្លើយតបនឹងតម្រូវការ​ទីផ្សារបច្ចុប្បន្ន និងអនាគត។

ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ការបន្តគាំទ្រដល់គម្រោង​កែលម្អគុណភាពអប់រំនៅកម្ពុជា ដែលបានបង្កើតផលជះវិជ្ជមានជាច្រើន ក្នុងការកាត់បន្ថយគម្លាតការអប់រំរវាងទីក្រុង និងជនបទ កាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សា ជួយឱ្យសិស្សស្រីមានឱកាសចាប់យកជំនាញបច្ចេកវិទ្យាកាន់តែច្រើន ​ហើយយុវជនបញ្ចប់ការសិក្សាមានជំនាញច្បាស់លាស់ ឆ្លើយតបចំតម្រូវការវិនិយោគិនបរទេសនៅកម្ពុជា។

លោកស្រី Lisa Wright តំណាងក្រុមប្រឹក្សាភិបាល ADB ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួងអប់រំ សម្រាប់ឆ្នាំបន្តបន្ទាប់ ក៏ដូចជាបញ្ហាប្រឈមនានា ដោយបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចូលរួមដោះស្រាយ និងគាំទ្រដល់យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម