Connect with us

សេដ្ឋកិច្ច

កម្ពុជាគឺជាប្រទេសទី១ នឹងទទួលបានកញ្ចប់ថវិកាពិសេសពី​ ​ADB ​ជុំវិញ​វិបត្តិប្រេង​សកល

បានផុស

នៅ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) ​កំពុង​សិក្សា​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់​ទ្រទ្រង់​​ថវិកា​ជាតិ​សម្រាប់​ពេល​មាន​អាសន្ន ​ខណៈ​វិបត្តិ​ប្រេង​កំពុង​កើតឡើង​ ដោយ​សារ​សង្គ្រាម​នៅតំបន់មជ្ឈិមបូព៌ា​បន្តអូសបន្លាយ​ ហើយកម្ពុជាក៏ជាប្រទេសដំបូងគេដែលនឹងទទួលបាននូវកញ្ចប់ថវិកាពិសេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌួង ​ពូលឡង់ ​មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច ​របស់ធនាគារ ADB មានប្រសាសន៍ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី កំពុងពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការគាំទ្រប្រទេសដែល​រងផលប៉ះ​ពាល់​ដោយសារវិបត្តិដែលកើតចេញពីជម្លោះនៅមជ្ឈិមបូព៌ា។​

​លោកបាន​បញ្ជាក់ថា៖ «យើង​អត់ទាន់ច្បាស់​អាចដំណើរការតាមវិធីណាទេ ពីព្រោះស្ថិតនៅ​ក្រោមការពិភាក្សា​ ហើយសង្ឃឹមថា ​កម្ពុជា​ អាច​ទទួលយកកម្ចីបែបនេះបាន ​ខណៈកម្ចីនេះនឹង​ជួយ​គាំទ្ររដ្ឋាភិបាលក្នុងការដាក់ចេញនូវ​គោល​ការណ៍ជំរុញគាំពារសង្គមបណ្ដោះអាសន្ន»។​

​មន្ត្រី ADB ដដែលរូបនេះ បន្ថែមថា​ ​មិនទាន់កំណត់នូវចំនួនទឹកប្រាក់នៅឡើយ​ទេ​ ហើយកម្ពុជា​អាច​ជា​ប្រទេស​ទី១ ដែល​នឹង​ទទួលបានមុនគេ​ ប្រសិន​បើ​មាន​ជំនួយ​បែបនេះ​។

​ធនាគារអភិវឌ្ឍន៍អាស៊ី ​បានអះអាងថា ជម្លោះនៅមជ្ឈិមបូព៌ានឹងកាត់​បន្ថយកំណើន​សេដ្ឋកិច្ចនៃ​បណ្តា​ប្រទេសកំពុងអភិវឌ្ឍ ​ក្នុងតំបន់​អាស៊ី​ ​និងប៉ាស៊ីហ្វិក រហូតដល់ ១,៣ភាគរយ ក្នុងឆ្នាំ​ ២០២៦-២០២៧ និងបង្កើនអតិផរណា ៣,២​ភាគរយ ប្រសិនបើការរំខានដល់ទីផ្សារថាមពល មានរយៈ​ពេល​ច្រើនជាងមួយឆ្នាំ​។

យោងតាម ADB ជម្លោះនេះប៉ះពាល់ដល់ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈថ្លៃថាមពលកាន់តែខ្ពស់ ការរំ​ខាន​ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្ម និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ វិស័យទេសចរណ៍ និងការផ្ទេរប្រាក់ពីបរទេស​ក៏អាចរងផលប៉ះពាល់ផងដែរ។

របាយការស្រាវជ្រាវរបស់ ADB ក៏បានរំលេចពីសេណារីយ៉ូហានិភ័យចំនួនបីដែលបង្ហាញ​ថា ផលប៉ះ​ពាល់​លើប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់នេះ នឹងអាស្រ័យភាគច្រើន​លើរយៈពេល​នៃការរំខាន​ដោយ​សារជម្លោះ។ បើជម្លោះមានរយៈពេលខ្លី សម្ពាធថ្លៃថាមពលនឹងថយចុះយ៉ាងឆាប់រហ័ស។ ការរំខានដែលអូសបន្លាយកាន់តែយូរ នឹងនាំឱ្យមានផលប៉ះពាល់កាន់តែធំធេង និងអូសបន្លាយ​យូរ​លើកំណើន និងអតិផរណា។

សេណារីយ៉ូ​ ទី១ ថ្លៃប្រេងកើនឡើងជាមធ្យម ១០៥ ដុល្លារ ក្នុងត្រីមាសទី២ និងធ្លាក់ចុះ​មកថ្លៃ​មូល​ដ្ឋានវិញ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២៦។ ថ្លៃឧស្ម័នកើនឡើងក្នុងត្រីមាសទី២។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៣ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន០,៦ ភាគរយ។

សេណារីយ៉ូ​ ទី២ ថ្លៃប្រេងកើនឡើងដល់ ១៣០ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ និង ១២០ ដុល្លារក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ និងធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញក្នុងត្រីមាសទី៤ ឆ្នាំ២០២៦។ ថ្លៃឧស្ម័នកើនឡើងខ្លាំងជាងសេណារីយ៉ូទី១​សមាមាត្រទៅនឹង​ការកើន​ឡើងនៃថ្លៃប្រេង។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៧ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន១,២ ភាគរយ។

សេណារីយ៉ូ​ ទី៣ ថ្លៃប្រេងហក់កើនឡើងដល់ជាង ១៥៥ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ រួចធ្លាក់ចុះយឺតៗមកត្រឹមប្រហែល ១៤០ ដុល្លារនៅចន្លោះត្រីមាសទី៣ ឆ្នាំ២០២៦ និង​ត្រីមាសទី១ ឆ្នាំ២០២៧ ហើយបន្ទាប់មកធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញ។ ​ថ្លៃឧស្ម័ន​កើន​ឡើង​ខ្លាំង ប្រហាក់ប្រហែលនឹងកម្រិត បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

ផលប៉ះ​ពាល់លើ​ផលិតផលក្នុងស្រុកសរុប៖ ថយ ១,៣ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន៣,២ ភាគរយ។

ផលប៉ះពាល់អវិជ្ជមានលើកំណើននឹងធ្ងន់ធ្ងរបំផុត​ សម្រាប់សេដ្ឋកិច្ចនៃប្រទេស​កំពុងអភិវឌ្ឍ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក ខណៈដែលអតិផរណាកើន​ឡើងខ្លាំងក្នុង​ប្រទេស​នៅតំបន់អាស៊ីខាងត្បូង។

សេណារីយ៉ូទាំងនេះ​ ឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃភាពមិនប្រាកដប្រជា ដែលអាស្រ័យ​នឹងការវិវត្តនៃជម្លោះ និងការរំខានរបស់វា ហើយគួរតែត្រូវបានឆ្លើយតបដោយប្រុងប្រយ័ត្ន។ បន្ថែមពីលើថ្លៃថាមពលកាន់តែខ្ពស់ សេណារីយ៉ូទាំងនេះ​ ក៏ពិនិត្យលើការរំខានដល់ ខ្សែច្រវាក់ផ្គត់ផ្គង់ទូទៅ និងការរឹតបន្តឹងលក្ខខណ្ឌ​ហិរញ្ញវត្ថុជាសកល។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា៖ «ការរំខាននៃ​វិស័យ​ថាមពលដែលអូសបន្លាយពេលយូរអាចបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយស្ថានភាពលំបាកធំពីរក្នុងពេលតែមួយគឺ​ កំណើនខ្សោយ និងអតិផរណាខ្ពស់។ រដ្ឋាភិបាលគួរតែ​ផ្តោតលើការទប់ស្កាត់ភាពតានតឹងក្នុងទីផ្សារ និងការការពារអ្នក​ដែលងាយរង​គ្រោះបំផុត ហើយអនុម័តគោលនយោបាយ​ដើម្បី​កែ​លម្អភាពធន់រយៈពេលវែង»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម