សេដ្ឋកិច្ច
ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាត្រឹម ៤,៥% ក្នុងឆ្នាំ២០២៦
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ១០ ខែមេសា ២០២៦ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី ៥% មកត្រឹម ៤,៥% នៅក្នុងឆ្នាំ ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។

នៅក្នុងសេណារីយោរបស់ ADB ករណីដែលស្ថានភាពនៅមជ្ឈិមបូព៌ាធូរស្រាលឆាប់រហ័ស កំណើនត្រូវបានគាំទ្រដោយដំណើរការវិស័យកម្មន្តសាលដែលមានភាពធន់។
កំណើនត្រូវបានព្យាករថា នឹងកើនថែមទៀតដល់ ៥,០% នៅឆ្នាំ២០២៧ ដោយសារស្ថានភាពនៅក្រៅប្រទេសមានភាពប្រសើរឡើង ហើយកំណែទម្រង់ក្នុងស្រុកបន្តលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi មានប្រសាសន៍ថា៖ «កម្ពុជាបន្តបង្ហាញភាព ធន់នឹងសម្ពាធពីខាងក្រៅ។ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ។»
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៦ ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅ ពីវាយនភណ្ឌ ដែលរួមមានគ្រឿងបង្គំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម។

កំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថា នឹងបន្តទទួលបាន ០,៩% ដែលគាំទ្រដោយតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។
គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលដែលលើកកម្ពស់ផលិតកម្មប្រកបដោយនិរន្តរភាព និងធ្វើសមាហរណកម្មពលករចំណាកស្រុកដែលវិលត្រឡប់មក ក្នុងវិស័យនេះវិញ នឹងជួយពង្រឹងកំណើនក្នុងវិស័យនេះថែមទៀត។
កំណើនវិស័យសេវាកម្មត្រូវបានព្យាករថា នឹងធ្លាក់ចុះពី ៣,៤% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម ២,៣% ក្នុងឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។
ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានភាពរឹងមាំក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគលើទ្រព្យសកម្មថេរដែលបានអនុម័ត កើនឡើង៤៥% ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែល មានតម្លៃបន្ថែមតែខ្ពស់។
អតិផរណាត្រូវបានព្យាករថា នឹងកើនឡើងដល់ ២,៨% ជាមធ្យមនៅឆ្នាំ២០២៦ ប្រសិនបើការកើនឡើងនៃថ្លៃទំនិញសកលដោយសារជម្លោះនៅមជ្ឈិមបូព៌ា មិនអូសបន្លាយដល់រាប់ខែ។
ការប៉ះទង្គិច តម្លៃប្រេងឥន្ធនៈដែលអូសបន្លាយពេលយូរអាចបង្កើនថ្លៃដើមនាំចូល និងជះឥទ្ធិពលអវិជ្ជមានដល់វិស័យកសិកម្ម ផលិតកម្ម និងទេសចរណ៍។

ឱនភាពសារពើពន្ធត្រូវបានព្យាករថា នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ ២០២៦ ដោយសារការកើនឡើងនៃការចំណាយ រួមទាំងការគាំទ្រដល់គ្រួសារងាយរងគ្រោះ ខណៈដែលកំណើនប្រាក់ចំណូលធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចថយ។
ការសម្រេចបាននូវគោលដៅរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ទាមទារឱ្យមានការបង្កើនផលិតភាពប្រកបដោយនិរន្តរភាព ដែលគាំទ្រដោយការវិនិយោគលើមូលធនមនុស្ស។
គម្លាតជំនាញនៅតែជាបញ្ហាសំខាន់ ដោយនិយោជកតែងតែលើកឡើងពីបញ្ហាប្រឈម ក្នុងការស្វែងរកកម្មករដែលមានសមត្ថភាព។ ការកែទម្រង់របស់រាជរដ្ឋាភិបាល ដូចជាការធ្វើឱ្យមានការចូលរួមពីវិស័យឯកជននៅក្នុងស្ថាប័នបណ្តុះបណ្តាលសាធារណៈ នឹងជួយឱ្យការបណ្តុះបណ្តាលស្របតាមតម្រូវការទីផ្សារ និងពង្រឹងកម្លាំងពលកម្ម។
លោកស្រី Siddiqi បានបន្ថែមថា ការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយផលិតភាពគឺចាំបាច់ សម្រាប់ការទាក់ទាញការវិនិយោគចម្រុះប្រកបដោយគុណភាព ហើយកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជនក្នុងការអភិវឌ្ឍជំនាញគឺមានសារៈសំខាន់ណាស់ ក្នុងការសម្រេចបាននូវកំណើនរយៈពេលវែងរបស់កម្ពុជា៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


