Connect with us

សេដ្ឋកិច្ច

​កម្ពុជា​​ចាប់ដៃជាមួយ​ ADB ​ស្វែង​រកលទ្ធភាព​ជួយ​អ្នក​ប្រកបរបរកង់បី ​ក្នុង​ពេល​មានវិបត្តិប្រេង​ និងឧស្ម័ន

បានផុស

នៅ

កម្ពុជា​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB​) ​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​ជួយ​ដល់​អ្នក​ប្រកប​របរ​រត់​កង់បី ​ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់​ងាក​មក​ប្រើ​ថាមពល​អគ្គិសនី​ ​ជំនួស​ឱ្យ​ថាមពល​ប្រេង​ និងឧស្ម័នឥន្ធនៈ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កែវ រតនៈ ​រដ្ឋមន្ត្រីក្រសួងរ៉ែ ​និង​ថាមពល នៅថ្ងៃទី ០៣ ខែមេសា ២០២៦ ​បានជួប​ពិភាក្សា​ការ​ងារជាមួយ​លោកស្រី Yasmin Siddiqi នាយកប្រចាំប្រទេស​របស់ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB​)។ ​​

កិច្ចប្រជុំ​ពិភាក្សាបានវាយតម្លៃ​អំពីផលប៉ះពាល់ពីវិបត្តិនៅមជ្ឈិមបូព៌ា ​ប្រេង ​និង​ឧស្ម័នឥន្ធនៈ ​ចំពោះ​សេដ្ឋ​កិច្ចកម្ពុជា ​និង​ការឆ្លើយតប​របស់រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីចូលរួមជួយសម្រាលបន្ទុករបស់​ប្រជាពលរដ្ឋ។

លោក កែវ រតនៈ ​ថ្លែងថា៖ ​«យើងខ្ញុំកំពុងរកលទ្ធភាព​ ​ដើម្បីជួយបងប្អូនរត់កង់បី ថាតើមុខរបរ​កង់បី​ថ្ងៃក្រោយ​ យើងអាចធ្វើម៉េច​ ដើម្បីឱ្យបងប្អូនយើងកុំពឹងពាក់ទៅលើតែប្រេង និងឧស្ម័នឥន្ធនៈ ហើយងាក​ត្រឡប់​មករកលទ្ធភាពដោយប្រើប្រាស់ E-Tuk Tuk ហើយថាតើរដ្ឋាភិបាល និង ADB អាចមានចល​នា​រួម​គ្នាយ៉ាងម៉េច​ អាចជួយ​សម្រួល​ដល់បងប្អូនយើង»។​

កិច្ចប្រជុំក៏បាន​ពិនិត្យមើលបញ្ហា​ផលប៉ះពាល់សេដ្ឋកិច្ចកម្ពុជា​ ​ជារួមក្នុងវិបត្តិនេះ ហើយ​និង​តួនាទី​របស់​ ADB ​ក្នុងការជួយគាំទ្រក្នុងដំណាក់កាលលំបាក។​

​ភាគីទាំងពីរក៏បានជជែកគ្នា​អំពីអនាគត ​ពាក់ព័ន្ធជាមួយនឹងគម្រោង ​ADB ​ត្រៀមវិនិយោគក្នុង​ការ​ជួយ​ពង្រឹង​នូវវិស័យថាមពលអគ្គិសនី​របស់កម្ពុជា ​ការវិនិយោគទៅលើខ្សែបញ្ជូន ​ដែលកំពុង​សាង​សង់​ ​និង​ការភ្ជាប់រវាងកម្ពុជា ​និង​ប្រទេសជិតខាង ​ដើម្បី​សម្រេចបាននូវគោលដៅអាស៊ានមួយ​ដែល​មាន​ការតភ្ជាប់គ្នា ​ហើយអាស៊ានមួយ​ដែលមានភាពបៃតង។​

​ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា​អំពីការដែលអាចឈានទៅលទ្ធភាព​ដាក់ឱ្យគម្រោង​ដើរដោយ​ធ្យូងថ្ម ​នៅខេត្ត​ព្រះ​សីហនុ ១០០ ជាងមេហ្គាវ៉ាត់ ដែលយើងបានដំណើរការពីមុនហើយ ​ហើយអាច​ឱ្យវា​ឈប់​ដំ​ណើរ​ការមុនឆ្នាំ​ ២០៤០ ដោយសារយើងអាចយកជំនួសដោយថាមពលស្អាត និងថា​ម​ពល​កកើត​ឡើង​វិញ ​ដោយ​មិនឱ្យ​ប៉ះពាល់​ដល់លំនឹង​របស់បណ្ដាញ​ជាតិ ក៏ដូចជាថ្លៃរបស់ប្រទេស។​

​ជាមួយគ្នានោះ ភាគីទាំងពីរក៏បានពិភ្សា​អំពីការ​រកបាននូវហិរញ្ញប្បទាន​ពីការកៀរគរ ធនាគារក្នុង​ស្រុក​ ​ដើម្បីវិនិយោគ​នៅក្នុង​វិស័យ​ធ្វើថាមពលបៃតង​ឱ្យកាន់តែច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម