សេដ្ឋកិច្ច
ADB ដាក់ដំណើរការមូលនិធិបង្វិល កាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួយរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២ កក្កដា ២០២៦ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា។

លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រសាសន៍ថា មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពលគឺជាយន្តការប្រកបដោយនវានុវត្តន៍ថ្មីមួយបំពេញបន្ថែមទៅនឹងកំណែទម្រង់កំពុងបន្តដែលគាំទ្រដោយ ADB ដើម្បីពន្លឿនអន្តរកម្មថាមពលស្អាត និងលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាព។
លោកស្រី Yasmin Siddiqi បន្ថែមថា នេះគឺជាគំនិតផ្តួចផ្តើមដែលឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ដែលសន្តិសុខថាមពល រងផលប៉ះពាល់ដោយជម្លោះនៅមជ្ឈិមបូព៌ាមកលើ។
តាមរយៈការជំរុញកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន គំនិតផ្តួចផ្តើមនេះមានគោលបំណងកៀរគរការវិនិយោគពីវិស័យឯកជនកាន់តែច្រើនលើប្រសិទ្ធភាពថាមពល ពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងត្រួសត្រាយផ្លូវសម្រាប់សេដ្ឋកិច្ចប្រកបដោយសមត្ថភាពប្រកួតប្រជែង កាបូនទាប និង ភាពធន់។

EERF គឺជាយន្តការផ្តល់ហិរញ្ញប្បទានដែលត្រូវបានបង្កើតឡើងក្រោម កម្មវិធីអភិវឌ្ឍន៍វិស័យអន្តរកម្មថាមពលរបស់កម្ពុជា ហើយត្រូវបានរៀបចំឡើងដើម្បីជំរុញការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលដោយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលតំណាងឱ្យក្រុមហ៊ុនជាង៩០% ដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេស។
តាមរយៈការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌអំណោយផលបន្ថែមទៀតជាមួយនឹងផលិតផលហិរញ្ញវត្ថុដែលបត់បែនបាន EERF នឹងផ្តល់លទ្ធភាពដល់សហគ្រាសធុនតូច និងមធ្យមក្នុងការវិនិយោគលើឧបករណ៍ និងការអនុវត្តទំនើបដែលសន្សំសំចៃថាមពល ដែលធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែងរបស់ពួកគាត់តាមរយៈការកាត់បន្ថយថ្លៃថាមពល និងការពឹងផ្អែកលើប្រេងឥន្ធនៈដែលនាំចូល។
ជាមួយមូលធននីយកម្មបឋមចំនួន ២០ លានដុល្លារ ក្រោមការគ្រប់គ្រងដោយ ADB ដែលក្នុងនោះរួមមាន ១២ លានដុល្លារ ផ្តល់ដោយចក្រភពអង់គ្លេស តាមរយៈមូលនិធិហិរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ACGF) និង ៨ លានដុល្លារ ដោយមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈកម្មវិធីស្តារសេដ្ឋកិច្ចបៃតង (GRP) នៃ ACGF មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល នឹងគាំទ្រកម្ពុជាក្នុងការសម្រេចគោលដៅគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពលក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល ១៩% បើធៀបនឹងកម្រិតអាជីវកម្មធម្មតា នៅឆ្នាំ ២០៣០។
លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ប្រសិទ្ធភាពថាមពលគឺជា ថាមពលស្អាត និងមានតម្លៃសមរម្យបំផុត នៃអន្តរកម្មថាមពលរបស់កម្ពុជា ដោយផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីកាត់បន្ថយថ្លៃដើមថាមពល ពង្រឹងសន្តិសុខថាមពល និងកាត់បន្ថយការបំភាយឧស្ម័ន។ មូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល នឹងជួយប្រែក្លាយ គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ទៅជាសកម្មភាព ដោយពន្លឿនការវិនិយោគលើបច្ចេកវិទ្យាដែលសន្សំសំចៃថាមពល និងគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលឱ្យបាន ១៩% នៅឆ្នាំ២០៣០។
មូលនិធិនេះនឹងត្រូវបានអនុវត្តដោយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ហើយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នឹងផ្តល់ការធានាឥណទានមួយផ្នែកដែលគាំទ្រដោយជំនួយឥតសំណងពីមូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (ACliFF)។
ការធានានេះនឹងត្រូវបានផ្តល់ជូនដល់ស្ថាប័នហិរញ្ញវត្ថុដែលចូលរួម ក្នុងរូបភាពជាផលិតផលហិរញ្ញវត្ថុជម្រើស ហើយមានគោលបំណងកាត់បន្ថយហានិភ័យនៃការផ្តល់ប្រាក់កម្ចី និងលើកទឹកចិត្តដល់កម្ចីដែលគ្នានទ្រព្យបញ្ចាំ ដែលនៅតែជាបញ្ហាប្រឈមដ៏ធំមួយនៃសហគ្រាសធុនតូច និងមធ្យមភាគច្រើននៅក្នុងប្រទេសកម្ពុជា ក្នុងការទទួលបានហិរញ្ញវត្ថុ។ EERF ក៏នឹងផ្តោតជាពិសេសលើសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី និងសហគ្រាសដែលដឹកនាំដោយស្ត្រី ដែលជារឿយៗប្រឈមមុខនឹងឧបសគ្គច្រើនក្នុងការខ្ចីប្រាក់ពីធនាគារ។
លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល SME Bank មានប្រសាសន៍ថា៖ «គម្រោងនេះបន្តពីជោគជ័យនៃគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME Co-Financing Scheme) ដែលបានដាក់ឱ្យដំណើរការដោយ SME Bank ក្នុងឆ្នាំ ២០២០ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។»
គម្រោងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជី និងមិនបានចុះបញ្ជី ទទួលបានហិរញ្ញប្បទានក្នុងលក្ខខណ្ឌអំណោយផល និងលក្ខខណ្ឌដែលមានតម្លៃសមរម្យ។ សម្រាប់ EERF យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុដែលចូលរួម ដើម្បីធានាបាននូវការចែកចាយមូលនិធិយ៉ាងឆាប់រហ័ស ដើម្បីបង្កើនល្បឿននៃការប្រើប្រាស់បច្ចេកវិទ្យាដែលសន្សំសំចៃថាមពលក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។ យើងមានមោទនភាពក្នុងការគាំទ្រការវិនិយោគដែលបង្កើនប្រសិទ្ធភាពថាមពល និងជំរុញកំណើនរយៈពេលវែង។
ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) គឺជាស្ថាប័នហិរញ្ញវត្ថុដំបូងដែលចូលរួមជាមួយ EERF ហើយដែលធនធានរបស់ពួកគាត់នឹងត្រូវបានប្រើប្រាស់ដើម្បីពង្រីកប្រតិបត្តិការផ្តល់ប្រាក់កម្ចីបៃតង។
លោក ហេង វុទ្ធី ប្រធាននាយកប្រតិបត្តិស្តីទី នៃ CIMB Bank មានប្រសាសន៍ថា «គោលបំណងស្នូលរបស់យើងគឺ លើកកម្ពស់អតិថិជន និងសង្គម ហើយយើងចាត់ទុកប្រសិទ្ធភាពថាមពលជាកត្តាជំរុញផ្ទាល់នៃកំណើនអាជីវកម្មសម្រាប់អតិថិជនរបស់យើង។ តាមរយៈ EERF យើងនឹងផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនូវដើមទុនដែលពួកគាត់ត្រូវការដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការរបស់ខ្លួន កាត់បន្ថយការចំណាយប្រតិបត្តិការខ្ពស់ និងធ្វើឱ្យការប្រកួតប្រជែងរបស់ពួកគាត់កាន់តែប្រសើរឡើង។ នេះមិនមែនគ្រាន់តែជាការកាត់បន្ថយផលប៉ះពាល់លើបរិស្ថានប៉ុណ្ណោះទេ វាគឺជាការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មកម្ពុជាក្នុងការបង្កើនប្រាក់ចំណេញ និងកសាងភាពជោគជ័យផ្នែកពាណិជ្ជកម្មរយៈពេលវែង។»
លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារ FTB មានប្រសាសន៍ថា «FTB មានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតងសម្រាប់សហគ្រាសកម្ពុជា។ តាមរយៈការរួមគ្នាដើម្បីគ្រប់គ្រងហានិភ័យ និង ការពង្រឹងទំនុកចិត្តរបស់អ្នកផ្តល់ប្រាក់កម្ចី EERF បង្កើតឱកាសដើម្បីពង្រីកការវិនិយោគលើប្រសិទ្ធភាពថាមពល ជួយឱ្យសហគ្រាសកាន់តែមានសមត្ថភាពប្រកួតប្រជែង និងនិរន្តរភាព។»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


