Connect with us

កីឡា

កាន់ ម៉ូ និង​​ Takaki ប្រហែល​អាច​​​ជួយ​ កម្ពុជា បាន​​ក្នុងពាន ASEAN Championship

បានផុស

នៅ

ខ្សែ​ការពារ​សំខាន់​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា កាន់ ម៉ូ និង​ តាកាគិ អូសិ (Takaki Ose) អាច​នឹង​ជាសះ​​ស្បើយ​ទាន់​ពេល​វេលា សម្រាប់​ការ​ប្រកួត​ជើង​ឯក​អាស៊ាន ASEAN Championship នៅ​ខែ​កក្កដា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ជប៉ុន​សញ្ជាតិ​កម្ពុជា Takaki Ose បាន​របួស​ដល់​ទៅ ៣ ដង​សម្រាប់​ការ​ប្រកបអាជីព​បាល់ទាត់​របស់​ខ្លួន​ជា​មួយ​ក្លិប BG Pathum United នៅ​ក្នុង​ប្រទេស​ថៃ។ នៅ​ដើម​រដូវ​កាល កីឡាករ​ជម្រើស​ជាតិ​កម្ពុជារូប​នេះ​បាន​បង្ហាញ​ខ្លួន​យ៉ាង​ទៀង​ទាត់​ទាំង​ពាន​ក្នុង​ស្រុក និង​​អន្តរជាតិ។ បន្ទាប់​មក រូប​គេ​បាន​របួស​​​ភ្លៅ​ខាង​ស្តាំ ហើយ​ក៏​អាក់​ខាន​ក្នុង​ការ​បង្ហាញ​ខ្លួន។ ក្រោយ​ជាសះ​ស្បើយ រូប​គេ​​បានចូល​លេង​វិញ ហើយ​ក៏​បាន​​របួស​កន្លែង​ដដែល​​ទៀត​​​នាំ​ឲ្យ​​ការ​ចំណាយ​ពេល​វេលា​​ព្យាបាល​កាន់​តែ​​យូរ ប៉ុន្តែ​​បាន​ជា​សះ​ស្បើយ និង​បាន​ចូល​លេង​វិញ​មិន​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់​តែ​របួស​ជើង​ខាង​ស្តាំ​វិញ​ម្តង។

ក្នុង​បទ​សម្ភាស​ជា​មួយ«កម្ពុជា​ថ្មី» តាកាគី បាន​ប្រាប់​ថា ប្រសិន​បើ​មិន​មាន​បញ្ហា​របួស​ទេ រូប​គេ​នឹង​អាច​បាន​បង្ហាញ​ខ្លួន​យ៉ាង​ទៀង​ទាត់​ នៅ​លីគ​ថៃ តាំង​ដើម​រដូវ​កាល​រហូត​មក​ ប៉ុន្តែ​ជា​កុសល​ របួស​បាន​កើត​​ឡើង​ម្តង​ហើយ​ម្តង​ទៀត​បាន​ធ្វើ​ឲ្យ​រូប​គេ​ឃ្លាត​ឆ្ងាយ​ពី​ទី​លាន​យូរ។ ជិត​ចប់​រដូវ​កាល ក្លិប​ក៏​បាន​ប្រកាស​ចែក​ផ្លូវ​តែ​ម្តង ហើយ​រូប​គេ​បាន​វិល​ត្រឡប់​មកកម្ពុជា​វិញ។

កីឡាករ​បាន​ប្រាប់​ថា រូប​គេ​មិន​អាច​លេង​បាន​ទេ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ពីរ​លើក​របស់ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ជា​មួយ​ ប៊ូតាន និង ហុងកុង​ ខែ​មិថុនា ប៉ុន្តែ​របួស​​របស់​ខ្លួន​ក៏​មាន​ការ​ល្អ​ប្រសើរ​ច្រើន ដូច្នេះ​អាច​នឹង​ជា​សះ​ស្បើយ​ទាន់​ពេល​​សម្រាប់​​ការ​ប្រកួត​ពាន​រង្វាន់ ASEAN Championship នៅ​ខែ​កក្កដា។ ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​ក៏​មិន​ទាន់​ច្បាស់ ១០០% ថា​អាច​បាន​លេង​ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​រង់​ចាំ​មើល​ស្ថានភាព​​របួសជាក់​ស្តែង។

ជា​មួយ​គ្នា​នេះ​ កីឡាករ កាន់ ម៉ូ ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា របស់ វិសាខា​ ក៏​បាន​ឃ្លាត​ឆ្ងាយ​ពី​ទី​លាន​ជា​ច្រើន​ខែ​មក​ហើយ។ រូប​គេ​មិន​មាន​ឈ្មោះ​សម្រាប់​ការ​ប្រកួត​មិត្តភាពអន្តរជាតិ ២ លើក​នៅ​ខែ​មិថុនា​​​នេះដែរ ប៉ុន្តែមួយ​រយៈ​ពេល​ចុង​ក្រោយ​ស្ថាន​​របួស​របស់​គេ​បាន​ល្អ​ប្រសើរ​ជា​លំដាប់​ដែល​​​ផ្តល់​ក្តី​សង្ឃឹម​អាច​ជា​សះ​ស្បើយ​ទាន់​ពាន​ ASEAN Championship។

កីឡាករ Takaki Ose

ក្រៅ​ពី​អវត្តមាន​ខ្សែ​ការពា​រដ៏​សំខាន់​ខាង​លើ កម្ពុជា​ក៏​គ្មាន​វត្តមាន​ខ្សែ​មប្រើ​ការពារ​ស្លាប Nick Taylor ដោយសារ​មាន​បញ្ហា​របួស​ដាច់​សរសៃជង្គង់ ACL។

បន្ទាប់​ពី​ការ​ប្រកួត​មិត្តភាព​អន្តរជាតិជា​មួយ ប៊ូតាន និង ហុងកុង ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ​​ទទួល​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ ២០២៦ ​ក្នុង​ពាន ASEN Championship។ បន្ទាប់​មក កម្ពុជា ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​ ឥណ្ឌូណេស៊ី ថ្ងៃទី​២៧ ខែ​កក្កដា និង​ធ្វើ​ម្ចាស់​ផ្ទះ​ ទទួល​ ទីម័រខាងកើត ឬ ព្រុយណេ ថ្ងៃ​ទី​៣ ខែ​សីហា នៅ​កម្ពុជា ហើយ​​ចុង​ក្រោយ​ត្រូវ​ធ្វើ​ដំណើរទៅ​ទឹក​ដី​​ វៀតណាម នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ ២០២៦៕

កីឡាករ កាន់ ម៉ូ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម