Connect with us

កីឡា

ក្រោយ​ឃើញ​បញ្ជី​ឈ្មោះ​ជម្រើស​ជាតិ លោក ឃួន ឡាប៊ូរ៉ាវី លើក​ឡើង​ថា «តើយើង​វង្វែង​ផ្លូវ​មែន​ទេ?

បានផុស

នៅ

អ្នក​គាំទ្រ​បាន​កំពុង​រិះ​គន់​យ៉ាង​ខ្លាំង​អំពី​បញ្ជី​ឈ្មោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដែល​បាន​ចេញ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ ២០២៦ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ពាន​រង្វាន់​​អាស៊ាន​កម្រិត​ទី​១ ASEAN Championship ឆ្នាំ ២០២៦​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លើក​នេះ​មិន​មាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​ និង​មាន​មតិ​យោបល់​ផ្សេង​ៗ។ ក្នុង​ចំណោម​​នោះ លោក ឃួន ឡាប៊ូរ៉ាវី ដែល​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា ក៏​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​​ថា ផ្អែក​តាម​កម្រិត​លីគ​កំពូល​កម្ពុជា​ដែល​មានក្រុម​​ប្រកួត​​ពាន​រង្វាន់​អាស៊ី​កម្រិត​ទី​២​ ប៉ុន្តែ​មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​តាម​បញ្ជី​ឈ្មោះ​ប៉ុណ្ណេះ​​គឺ​មាន​ន័យ​ថា ​កំពុង​មាន​បញ្ហា​ និង​​អាច​ដើរ​ផ្ទុយ​ទៅ​នឹង​ផែន​ការ​អនាគត។

លោក​បាន​រៀប​រាប់​ថា ៖«អបអរសាទរ​ចំពោះ​កីឡាករ​ថ្មី​ៗ​ដែលមាន​ឱកាស​ជាប់​ជម្រើស​ជាតិ។ ជា​ទស្សនៈ​របស់​ខ្ញុំ លីគមួយ​ដែល​មាន​ក្រុម ២ លេង​ក្នុង​ពាន​រង្វាន់ AFC ទី​២ ហើយ​មាន​ក្រុម​នីមួយ​ៗ​ចាយ​ថវិកា​ច្រើន​សន្ធឹក តែ​យើង​ផលិត​បាន​កីឡាករ​លេង​តំណាង​ជាតិ​តែ​កម្រិត​ប៉ុន​នេះ ខ្ញុំ​គិត​ថា យើង​កំពុង​មាន​បញ្ហា​ហើយ»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ៖«កាល​ពី​ប៉ុន្មាន​ខែ​មុន យើង​បាន​បង្ហោះ​ពី​ឆ្នាំ ២០៤៦ ​តែ​ការ​អនុវត្ត​ជ័យជម្នះ​របស់​ក្រុម​ក្នុង​ស្រុក​​មាន​តម្លៃ​ជាង​ការ​ឈ្នះ​​ប្រទេស​​ក្នុង​តំបន់​ទៅ​វិញ។ បែប​នេះហើយ​ដែល​ខ្ញុំ​ធ្លាប់​លើក​ឡើង​ថា តើ​យើង​វង្វែង​ផ្លូវ​មែន​ទេ?

ការ​លើក​ឡើង​របស់ លោក ឃួន ឡាប៊ូរ៉ាវី ពី​ឆ្នាំ ២០៤៦ គឺ​សំដៅ​ទៅ​លើ​ផែន​ការ​អនាគត​របស់ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ដែល​បាន​កំណត់​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ឈាន​​ដល់​ជុំ​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup នៅ​ឆ្នាំ ២០៤៦។

ការលើក​ឡើង​របស់​លោក ឃួន ឡាប៊ូរ៉ាវី និង​អ្នក​រិះ​គន់​ ដោយសារ​បញ្ជី​ឈ្មោះ​មិន​មាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន សូម្បី​តែ​កីឡាករ​ចូល​សញ្ជាតិ​មួយ​ចំនួន​​ទៀត។ មិន​មាន​ការ​លើក​ឡើង​ពី​មូលហេតុ​ច្បាស់​​លាស់​ជុំ​វិញ​​​អវត្តមាន​កីឡាករ​សំខាន់​ៗទេ ប៉ុន្តែ​​ពាន​រង្វាន់ ASEAN Championship ប្រកួតនៅ​ក្នុង​ពេល​វេលា​ដែល​មិន​មែន​ជា​ថ្ងៃ FIFA Day ដូច្នេះ​ក្លិប​​ដែល​មាន​ភារកិច្ច​ប្រកួត​សំខាន់​គឺ​មិន​អនុញ្ញាត​ឲ្យ​កីឡាករចេញ​ពី​ក្រុម​ដើម្បី​ចូល​រួម​ជា​មួយ​ជម្រើស​ជាតិ​ឡើយ។ លើក​លែង​តែ​ក្លិប​ដែលគ្មាន​ភារកិច្ច​ប្រកួតនៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ទើប​អនុញ្ញាត​ឲ្យ​កីឡាករ​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម