ព័ត៌មានអន្ដរជាតិ
ត្រាំ ធ្លោយមាត់ជេរលោក ណេតាន់យ៉ាហ៊ូ ថា «ឆ្កួត» ព្រោះរំខានដល់កិច្ចចរចាជាមួយអ៊ីរ៉ង់
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់ថា លោកពិតជាបានប្រើពាក្យសម្តីអសុរោះ និងបានជេរប្រមាថនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថាជាមនុស្ស «ឆ្កួត» មែន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ។

មូលហេតុដែលធ្វើឱ្យលោក ត្រាំ ខឹងសម្បារ និងទាស់ទែងចិត្តខ្លាំងនោះ គឺដោយសារតែការវាយប្រហារគ្នាយ៉ាងក្តៅគគុក រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡានៅលីបង់ កំពុងតែក្លាយជារបាំងរារាំង និងធ្វើឱ្យយឺតយ៉ាវដល់កិច្ចចរចាសន្តិភាពជាមួយប្រទេសអ៊ីរ៉ង់។
បើតាមសារព័ត៌មាន AP លោក ត្រាំ បានទម្លាយពីភាពតានតឹងនេះ នៅក្នុងកិច្ចសម្ភាសន៍មួយ កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែលោកនៅតែអះអាងការពារថា ទំនាក់ទំនងរវាងលោក និងលោក ណេតាន់យ៉ាហ៊ូ នៅតែរឹងមាំដដែល ពោលគឺពួកលោកយល់ចិត្តគ្នាច្រើន ដោយសារតែអ្នកទាំងពីរ សុទ្ធតែជាមេដឹកនាំ ដែលកំពុងស្ថិតក្នុង «សម័យសង្គ្រាម» ដូចគ្នា។ ភ្លាមៗនោះដែរ លោក ណេតាន់យ៉ាហ៊ូ ក៏បានឆ្លើយតបវិញតាមរយៈទូរទស្សន៍ CNBC ថា លោក និងលោក ត្រាំ ជារឿយៗតែងតែមាន «ការខ្វែងគំនិតគ្នាបន្តិចបន្តួចលើផ្នែកយុទ្ធសាស្ត្រ» ប៉ុន្តែពួកគេមានគោលដៅរួមគ្នា ហើយតែងតែរកវិធីដោះស្រាយ ដើម្បីបញ្ចប់ភាពរកាំរកូសជាមួយគ្នាបានជានិច្ច។
ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃពុធ អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងគ្នាពន្យារពេលបទឈប់បាញ់ដ៏ផុយស្រួយរបស់ពួកគេ ដោយបង្កើត «តំបន់សន្តិសុខសាកល្បង» មួយចំនួន នៅក្នុងប្រទេសលីបង់ ដែលជាតំបន់ហាមដាច់ខាតមិនឱ្យក្រុមខ្មាន់កាំភ្លើងហេសបូឡាចូលទៅក្បែរឡើយ។ យោងតាមសេចក្តីថ្លែងការណ៍រួម ក្រោយការចរចា ដែលមានអាមេរិកជាអ្នកសម្របសម្រួល បទឈប់បាញ់នេះ នឹងត្រូវអនុវត្តទៅបាន លុះត្រាតែក្រុមហេសបូឡាបញ្ឈប់ការបាញ់ប្រហារទាំងស្រុង និងដកកម្លាំងទាំងអស់ចេញពីតំបន់ភាគខាងត្បូងទន្លេ Litani។ ថ្វីដ្បិតមានកិច្ចព្រមព្រៀងនេះ ស្ថានភាពជាក់ស្តែងនៅលើសមរភូមិ នៅតែមានភាពស្រពិចស្រពិលនៅឡើយ ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ភាគខាងត្បូងនៃទីក្រុងបេរូត នៅតែបន្តកើតមាន ដែលបណ្តាលឱ្យជនស៊ីវិល និងក្រុមគ្រួសារជាច្រើននាក់ត្រូវបាត់បង់ជីវិត និងរងរបួសគួរឱ្យខ្លោចផ្សា។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានឆក់យកអាយុជីវិតមនុស្សនៅក្នុងប្រទេសលីបង់អស់ចំនួន ៣ ៤៦៨នាក់ហើយ និងធ្វើឱ្យប្រជាជនជាង ១,២លាននាក់ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែង។ ចំណែកឯខាងភាគីអ៊ីស្រាអែលវិញ ក៏ត្រូវបាត់បង់ជីវិតទាហានយ៉ាងហោចណាស់ ២៧នាក់ផងដែរ។ ស្ថានភាពសង្គ្រាមដ៏រញ៉េរញ៉ៃនេះ បានក្លាយជាសម្ពាធយ៉ាងធ្ងន់ធ្ងរមកលើរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក្នុងការស្វែងរកច្រកចេញ ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ព្រោះតែវិបត្តិនេះកំពុងធ្វើឱ្យតម្លៃថាមពល និងប្រេងឡើងថ្លៃ ក៏ដូចជាបង្កើតភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ដែលអាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះយ៉ាងខ្លាំង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


