ព័ត៌មានអន្ដរជាតិ
ចម្លាក់វប្បធម៌ខ្មែរ អាយុកាលរាប់ពាន់ឆ្នាំ កំពុងអង្រួនចិត្តអ្នកទស្សនា ចិន យ៉ាងច្រើនកុះករ នៅសារមន្ទីរសានស៊ី
ថ្មចម្លាក់តំណាងវប្បធម៌និងអរិយធម៌ខ្មែរបុរាណ បានក្លាយជាផ្ទាំងទស្សនីយភាពដ៏លេចធ្លោមួយ នៅសារមន្ទីរសានស៊ី (Shanxi Museum) ដោយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន នៅក្នុងថ្ងៃបើកសម្ពោធ។ ចាប់តាំងពីផ្ទាំងចម្លាក់ថ្មរហូតដល់និមិត្តសញ្ញាពិសិដ្ឋៗ ប្រវត្តិសាស្ត្រដែលមានអាយុកាលជាង ១,០០០ ឆ្នាំ បានរស់រវើកឡើងវិញដោយស្ងប់ស្ងាត់។
ពិព័រណ៍ក្រោមប្រធានបទ «ទ្រព្យសម្បត្តិរាប់ពាន់ឆ្នាំនៃអរិយធម៌ខ្មែរបុរាណ» បានបើកទ្វារទទួលអ្នកទស្សនារយៈពេលជិតកន្លះឆ្នាំ (៥ខែ) ចាប់ពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសារមន្ទីរសានស៊ី ក្នុងទីក្រុងតៃយាន (Taiyuan) ដែលជាទីក្រុងនៃខេត្តសានស៊ី ហើយព្រឹត្តិការណ៍នេះនឹងបន្តរៀបចំរហូតដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦។

យោងតាមវីដេអូដែលផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋចិន CCTV បានបង្ហាញឲ្យឃើញពីទិដ្ឋភាពដ៏រស់រវើក នៃហ្វូងមនុស្សយ៉ាងច្រើនកុះករ ដែលបានសម្រុកទៅទស្សនា និងស្វែងយល់ពីត្បូងពេជ្រនៃសិល្បៈវប្បធម៌ខ្មែរ។ សារព័ត៌មាន CCTV បានលើកឡើងដោយកោតសរសើរថា «អរិយធម៌ខ្មែរបុរាណ បានលេចត្រដែតឡើងយ៉ាងត្រចះត្រចង់នៅសារមន្ទីរសានស៊ី និងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមៗ នៅក្នុងថ្ងៃបើកសម្ពោធ»។
សេចក្តីរាយការណ៍ដដែល បានបរិយាយបន្ថែមថា ចាប់តាំងពីផ្ទាំងចម្លាក់ថ្មរហូតដល់និមិត្តសញ្ញាពិសិដ្ឋៗផ្សេងទៀត ប្រវត្តិសាស្ត្រដ៏រុងរឿងដែលមានអាយុកាលជាង ១០០០ ឆ្នាំរបស់កម្ពុជា ហាក់បីដូចជាបានរស់រវើកឡើងវិញដោយស្ងប់ស្ងាត់នៅលើទឹកដីចិន។ ជាក់ស្ដែង នៅក្នុងពិព័រណ៍នេះ មានការដាក់តាំងបង្ហាញនូវព្រះពុទ្ធរូប ចម្លាក់ស្ថាបត្យកម្ម និងគ្រឿងភាជន៍បុរាណៗ ដែលមានអាយុកាលតាំងពីសម័យអាណាចក្រភ្នំ (ហ្វូណន) រហូតដល់សម័យអាណាចក្រអង្គរ។
ឯកឧត្តម លី វណ្ណា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដែលបានអញ្ជើញចូលរួមផ្ទាល់ បានលើកឡើងដោយធ្វើការវាយតម្លៃខ្ពស់នៅក្នុងព្រឹត្តិការណ៍នោះថា៖ «ប្រជាជនចិនភាគច្រើនគឺស្គាល់វប្បធម៌ខ្មែរយ៉ាងច្បាស់ ជាពិសេសគឺប្រាសាទអង្គរវត្ត។ ប៉ុន្តែការបានឃើញវត្ថុដ៏ស្រស់ស្អាតបែបនេះផ្ទាល់ភ្នែក ជាពិសេសស្នាដៃឯកផ្នែកចម្លាក់ដូចជាវត្ថុដែលនៅទីនោះ គឺពិតជាឱកាសដ៏កម្រខ្លាំងណាស់»។
ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាដំណើរឆ្លងកាត់ប្រវត្តិសាស្ត្រសិល្បៈខ្មែររាប់ពាន់ឆ្នាំ ក៏ដូចជាការបង្ហាញពីការផ្លាស់ប្តូរវប្បធម៌ដ៏យូរលង់រវាងកម្ពុជា និងចិន។ ឯកឧត្តម លី វណ្ណា បានបន្ថែមថា៖ «ឱកាសនេះផ្តល់ឲ្យប្រជាជនចិននូវលទ្ធភាពកាន់តែច្រើនក្នុងការសិក្សា និងសង្កេតមើលអរិយធម៌ខ្មែរ ហើយថែមទាំងរំលឹកឡើងវិញនូវទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរផងដែរ»។
គួររំលឹកផងដែរថា ចំណងមិត្តភាពរវាងចិន និងកម្ពុជា មានប្រវត្តិសាស្ត្រតាំងពីជិត ២,០០០ ឆ្នាំមុនមកម្ល៉េះ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានដើរតួជាអ្នកគាំទ្រយ៉ាងសកម្មលើការអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា តាមរយៈការផ្តល់បច្ចេកវិទ្យា និងអ្នកជំនាញ។ ខាងភាគីសារមន្ទីរបានបញ្ជាក់ថា ពិព័រណ៍នេះគឺជាឧទាហរណ៍ដ៏រស់រវើកមួយ នៃការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ៕


អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


