Connect with us

សន្តិសុខសង្គម

ខណ្ឌសែនសុខ បន្តរកឃើញទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសOnline Scam ពីរកន្លែង និងរកឃើញជនបរទេស​១៦នាក់

បានផុស

នៅ

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះអនុវត្តការត្រួតពិនិត្យរដ្ឋបាលតាមអនុក្រឹត្យលេខ០៣ នៅក្នុងមូលដ្ឋានចំនួន ០២ទីតាំង ដោយបានរកឃើញជនបរទេសស្នាក់នៅខុសច្បាប់ និងសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានធ្វើឡើងចំនួន២ទីតាំងផ្សេងគ្នា ទីតាំងទី១ បុរីអាម៉ូរី ស្ថិតនៅភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ក្រុមការងារបានត្រួតពិនិត្យ និងរកឃើញជនជាតិចិនសរុបចំនួន ០៦នាក់ ក្នុងនោះមានស្ត្រី ០១នាក់។ តាមការពិនិត្យឯកសារ រកឃើញថា មានជនជាតិចិនចំនួន ០៣នាក់ កាន់លិខិតឆ្លងដែន ប៉ុន្តែក្នុងចំណោមនោះមាន ០២នាក់ ផុតសុពលភាពទិដ្ឋាការ ខណៈ ០៣នាក់ទៀត មិនមានលិខិតឆ្លងដែនសម្រាប់បញ្ជាក់អត្តសញ្ញាណឡើយ។

ជាមួយគ្នានេះ មន្ត្រីជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការត្រួតពិនិត្យ និងកោសល្យវិច្ឆ័យលើសកម្មភាពនៅទីតាំងខាងលើ ដោយរកឃើញតម្រុយ និងភស្តុតាងបឋមដែលបង្ហាញថា ទីតាំងនេះមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams។

បន្ទាប់ពីការត្រួតពិនិត្យ និងប្រមូលភស្តុតាងរួច សមត្ថកិច្ចបានសម្រេចប្រគល់ជនបរទេសទាំង ០៦នាក់ រួមទាំងសម្ភារៈ និងវត្ថុតាងពាក់ព័ន្ធ ទៅឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។ ដោយឡែក ទីតាំងបុរីអាម៉ូរីខាងលើ ក៏ត្រូវបានសមត្ថកិច្ចសម្រេចបិទឃ្លុំជាបណ្តោះអាសន្នផងដែរ។

ដោយឡែក នៅទីតាំងទី២ គឺសណ្ឋាគារ រ៉ូសហ្គាឌិន ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុមការងារបានរកឃើញជនបរទេសស្នាក់នៅខុសច្បាប់សរុបចំនួន ១០នាក់។ ក្នុងចំណោមនោះ មានជនជាតិចិនចំនួន ០៨នាក់ ក្នុងនោះមាន ០៣នាក់ មិនមានលិខិតឆ្លងដែន, ០២នាក់ ផុតសុពលភាពទិដ្ឋាការ និង ០៣នាក់ទៀត ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ។ ជនសង្ស័យទាំង ០៨នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។ ចំណែកជនជាតិចិន ០២នាក់ទៀត ក្នុងចំណោម៨នាក់ខាងលើ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្ថែម៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម