Connect with us

ព័ត៌មានជាតិ

គម្រោងពង្រីកផ្លូវជាតិលេខ ៧ ចំណាយជាង ១០០ ​លានដុល្លារ បញ្ចប់ការសាងសង់ទាំងស្រុង

បានផុស

នៅ

ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និង ប្រារព្ធពិធីប្រគល់-ទទួលគម្រោងពង្រីក និង លើកកម្រិតផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) បន្ទាប់ពីគម្រោងនេះសម្រេចការអនុវត្តបានពេញលេញ ១០០% តាមផែនការកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ដឹកនាំដោយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន និងជានាយកគម្រោង និង មានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេស និងក្រុមហ៊ុនទទួលសាងសង់ បានអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និង ប្រារព្ធពិធីប្រគល់-ទទួលគម្រោងសាងសង់ និង ពង្រីកផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) បន្ទាប់ពីគម្រោងនេះសម្រេចការអនុវត្តបានពេញលេញ ១០០% តាមផែនការកំណត់។

លោក លឹម ស៊ីដេនីន បានឲ្យដឹងថា ការចុះពិនិត្យលើកនេះ ផ្តោតសំខាន់លើការត្រួតពិនិត្យគុណភាពសំណង់ លក្ខណៈបច្ចេកទេស សុវត្ថិភាពចរាចរណ៍ ការបំពាក់ផ្លាកសញ្ញា ប្រព័ន្ធបង្ហូរទឹក និង ហេដ្ឋារចនាសម្ព័ន្ធរងផ្សេងៗ ដើម្បីធានាថា គម្រោងមានគុណភាពរឹងមាំ សុវត្ថិភាព និង អាចប្រើប្រាស់បានយូរអង្វែង ស្របតាមបទដ្ឋានបច្ចេកទេសជាតិ និង អន្តរជាតិ។ ផ្លូវជាតិលេខ ៧ គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចក្នុងការតភ្ជាប់តំបន់កណ្តាលទៅភាគឦសាន នៃប្រទេស ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ កសិផល និង ផលិតផលឧស្សាហកម្ម ព្រមទាំងរួមចំណែកលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច សង្គម និង ការវិនិយោគនៅតាមបណ្តោយខ្សែផ្លូវ។

លោករដ្ឋលេខាធិការ បន្តថា គម្រោងពង្រីក និង លើកកម្រិតផ្លូវជាតិលេខ ៧ នេះ មានប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជាផ្នែកមួយ នៃបណ្តាញផ្លូវអាស៊ាន AH11។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ដោយធ្វើការពង្រីកពីផ្លូវ ២ គន្លង ទៅជា ៤ គន្លង ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការចរាចរណ៍ និង ការដឹកជញ្ជូនកាន់តែច្រើន។

សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) គ្រោងនឹងប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា៕
អត្ថបទ និង រូបភាព ៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម