ព័ត៌មានជាតិ
តើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
បើតាមមន្រ្តីក្រសួងបរិស្ថានបានពន្យល់ពីបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងកាកសំណល់ របស់សហគ្រាសនៅប្រទេសកម្ពុជា។
លោក ចាប យុធី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់នៃក្រសួងបរិស្ថានបានបញ្ជាក់ថា ការគ្រប់គ្រងសំណល់ត្រូវបានអនុវត្តតាមរយៈអនុក្រឹត្យលេខ ១០៣ ស្តីពីការគ្រប់គ្រងសំណល់រឹង និងអនុក្រឹត្យលេខ ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។

មន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ថា ការបញ្ចេញសំណល់រាវបែងចែកជាពីរប្រភេទ គឺសំណល់រាវពីផលិតកម្ម និងទឹកកខ្វក់ចេញពីបន្ទប់ទឹកកម្មករ។
នៅក្នុងវេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) លោក ចាប យុធី បានពន្យល់ថា រោងចក្រដែលគ្មានការបញ្ចេញសំណល់រាវពីផលិតកម្ម ប៉ុន្តែបើបញ្ចេញត្រឹមទឹកកខ្វក់ពីទីតាំងផលិតកម្ម ការតម្រូវឲ្យសុំអាជ្ញាប័ណ្ណលុះត្រាតែមានការប្រើប្រាស់ទឹកលើសពី ៤០ ម៉ែត្រគូបក្នុងមួយថ្ងៃ។
ដោយឡែកពាក់ព័ន្ធសំណល់រាវចេញពីទីតាំងផលិតកម្ម ឬកសិដ្ឋានតម្រូវឲ្យសុំអាជ្ញាប័ណ្ណនៅពេលមានការបញ្ចេញសំណល់រាវលើសពី ២១ ម៉ែត្រគូប។
លោកបន្តទៀតថា ចំពោះផលិតកម្មដែលមានប្រើប្រាស់សារធាតុគីមី គឺតម្រូវឲ្យសុំអាជ្ញាប័ណ្ណជាដាច់ខាត។
លោកបន្ថែមទៀត មានរោងចក្រកាត់ដេរ និងសហគ្រាសមួយចំនួនប្រើប្រាស់ទឹកត្រឹម ២០ ទៅ ៣០ ម៉ែត្រគូប ឬបញ្ចេញត្រឹមសំណល់ទីប្រជុំជន (សំរាមធម្មតាពីការហូបចុក) គឺច្បាប់មិនតម្រូវឲ្យសុំអាជ្ញាប័ណ្ណនោះទេ ប៉ុន្តែអ្នកបញ្ជាទិញពីបរទេសតម្រូវឲ្យពួកគេសុំច្បាប់។
លោកថា រោងចក្រទាំងនោះសុខចិត្តសុំអាជ្ញាប័ណ្ណទាំងដែលច្បាប់មិនតម្រូវ ព្រោះខ្លាចបាត់បង់ការងារ ឬកិច្ចសន្យាពីអ្នកបញ្ជាទិញ។
ដើម្បីដោះស្រាយបញ្ហានេះ លោកណែនាំដល់ម្ចាស់សហគ្រាសគួរតែស្វែងយល់ពីច្បាប់ក្នុងស្រុក និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗដែលមាននៅលើគេហទំព័ររបស់ក្រសួងបរិស្ថាន ដើម្បីយកទៅពន្យល់ដល់អ្នកបញ្ជាទិញ ជៀសវាងការខាតបង់ពេលវេលា និងថវិកាក្នុងការសុំលិខិតអនុញ្ញាតដែលមិនចាំបាច់។


ពាក់ព័ន្ធការបំពាក់ឧបករណ៍ស្តង់ដារបរិស្ថានដូចជាប្រព័ន្ធសម្អាតខ្យល់ ឬចម្រោះទឹកកខ្វក់ ទាមទារការចំណាយខ្ពស់។ នេះបើតាមលោក ចាប យុធី។
លោកថា ប្រទេសមួយចំនួនដូចជាប្រទេសជប៉ុន រដ្ឋាភិបាលមានធនាគារផ្តល់កម្ចីការប្រាក់ទាបរយៈពេលវែងដល់សហគ្រាសធុនតូច ដើម្បីរៀបចំស្តង់ដារបរិស្ថាន។ ដោយឡែកប្រទេសកម្ពុជា មិនមានកញ្ចប់ថវិកាសម្រាប់ជួយផ្នែកហិរញ្ញវត្ថុនេះទេ គឺមានតែការជួយចង្អុលបង្ហាញផ្នែកបច្ចេកទេសប៉ុណ្ណោះ។
ជាដំណោះស្រាយដើម្បីកាត់បន្ថយការចំណាយ លោកណែនាំសហគ្រាសទាំងអស់គួររៀបចំប្រមូលផ្តុំរោងចក្រទៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់តែមួយ ជាជាងរោងចក្រ ២០ ឬ ៣០ សាងសង់អាងប្រព្រឹត្តកម្មសំណល់រាវៗខ្លួនដែលអស់លុយច្រើន ដែលប្រៀបបានទៅនឹងការរួមគ្នាធ្វើដំណើរតាមរថយន្តតែមួយ ដែលជួយសន្សំសំចៃថវិកាបានយ៉ាងច្រើន។
លោកថា គោលដៅចម្បងនៃការការពារបរិស្ថាន គឺដើម្បីថែរក្សាសុខភាពសាធារណៈ ព្រោះការបំពុលខ្យល់ និងទឹកនឹងផ្តល់ឥទ្ធិពលអាក្រក់ត្រឡប់មកកាន់សុខភាពមនុស្សវិញនៅថ្ងៃអនាគត។
ឧទាហរណ៍ជាក់ស្តែង ទីក្រុងសិនជិនរបស់ប្រទេសចិន កាលពីមុនបានផ្តោតខ្លាំងតែលើការអភិវឌ្ឍន៍ ធ្វើឲ្យប្រភពទឹកជាង ៩០% ត្រូវបានបំពុល ដែលជាមេរៀនមួយជំរុញឲ្យរដ្ឋាភិបាលចិនតែងតែដាស់តឿនអ្នកវិនិយោគខ្លួននៅក្រៅប្រទេស ឲ្យយកចិត្តទុកដាក់ជាចម្បងលើបញ្ហាបរិស្ថាន។
បន្ថែមពីនេះ លោកក្រើនរំលឹកថា មុននឹងបង្កើតទីតាំងរោងចក្រ សហគ្រាសណាមួយ គឺទាមទារឲ្យមានការចូលរួមផ្តល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ ឯកជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ការអនុវត្តតាមស្តង់ដារបរិស្ថាន តម្រូវឲ្យម្ចាស់ក្រុមហ៊ុនចំណាយថវិកាខ្ពស់។ ឧទាហរណ៍៖ រោងចក្រដែលបញ្ចេញទឹកកខ្វក់ក្នុងបរិមាណ ៥០០ ម៉ែត្រគីបក្នុងមួយថ្ងៃ ត្រូវចំណាយលើប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់មិនក្រោម ១០ ម៉ឺនដុល្លារនោះទេ ព្រមទាំងមានការចំណាយលើសេវាថែទាំប្រចាំខែពី ២,០០០ ទៅ ៣,០០០ ដុល្លារបន្ថែមទៀត។
លោកថា ប្រទេសអភិវឌ្ឍន៍ជាច្រើនបានដាក់របាំងបរិស្ថាន ដោយតម្រូវឲ្យផលិតផលនាំចេញពីកម្ពុជា ត្រូវតែអនុលោមទៅតាមស្តង់ដារបរិស្ថាន បើមិនដូច្នោះទេគេនឹងមិនបញ្ជាទិញឡើយ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវនៅក្នុងរោងចក្រ-សហគ្រាស ដែលមានសក្តានុពលប្រភពបំពុលផ្តល់ប្រយោជន៍មួយចំនួនដូចជា៖
១) អាចធ្វើការត្រួតពិនិត្យនិងតាមដានពីចម្ងាយប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ គុណភាពសំណល់រាវត្រូវបញ្ចេញ ដោយមិនបាច់ចាត់មន្ត្រីចុះអធិការកិច្ចនៅទីតាំងរោងចក្រសហគ្រាសដោយផ្ទាល់
២) ទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវការបញ្ចេញសំណល់រាវពីរោងចក្រ សហគ្រាស លើសកម្រិតស្តងដារអនុញ្ញាតឱ្យធ្វើការបញ្ចេញចោល ការលេចធ្លាយ ឬ ការលួចបង្ហូរសំណល់រាវពីរោងចក្រ សហគ្រាស
៣) ទិន្នន័យបរិមាណ (Quantity) និងកម្រិតសារធាតុបំពុល (Pollution Levels) ដែលផ្តល់ដោយប្រព័ន្ធនេះ មានលក្ខណៈវិទ្យាសាស្រ្ត សុក្រឹត្យភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ
៤) តាមរយៈទិន្នន័យដែលផ្តល់ដោយប្រព័ន្ធឧបករណ៍នេះ ក្រសួងអាចចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថានបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព តាមរយៈការជូនដំណឹង ឬការបញ្ជឱ្យរោងចក្រ សហគ្រាស ធ្វើការកែលម្អចំណុចខ្វះខាត ឬ ឈានទៅផ្អាកជាបណ្តោះអាសន្ននូវបញ្ចេញសំណល់រាវដែលបង្កឱ្យមានការបំពុល ឬ ការលេចធ្លាយ ឬ ការលួចបញ្ចេញ។
ថ្លែងនៅក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៦ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឲ្យដឹងថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន ៦០ បានបំពាក់ឧបករណ៍តាមដានគុណភាពទឹក ដើម្បីការពារការលួចបង្ហូរទឹកកខ្វក់ ឬសារធាតុពុលដែលមិនបានធ្វើប្រព្រឹត្កកម្មចូល ក្នុងប្រភពទឹក ឬទីសាធារណៈ។
លោក អ៊ាង សុផល្លែត បញ្ជាក់ថា «ក្រុមហ៊ុនចំនួន ៦០ ទីតាំង បានបំពាក់រួចរាល់ និងក្រុមហ៊ុនចំនួន ៧២ ទីតាំងបានចុះកិច្ចសន្យាបំពាក់ឧបករណ៍តាមដានស្វយប្រវត្ត ដើម្បីទប់ស្កាត់ការបញ្ចេកទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ»។
បើតាមលោករដ្ឋមន្រ្តី តាមរយៈការបំពាក់ប្រព័ន្ធតាមដានគុណភាពទឹក នឹងផ្តល់សញ្ញាគ្រប់វិនាទីនៅពេលមានការបង្ហូរទឹកកខ្វក់ចូលប្រភពទឹក ដែលអាជ្ញាធរនឹងអាចចាត់វិធានការឆ្លើយតបបានភ្លាមៗ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


