សេដ្ឋកិច្ច
ទឹកឃ្មុំចិញ្ចឹមក្នុងស្រុកនៅតែមានទីផ្សារល្អ ខណៈកសិករដាក់ផែនការពង្រីកការចិញ្ចឹមបន្ថែម
បច្ចុប្បន្នគេសង្កេតឃើញថា នៅតាមបណ្ដាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជាសម្បូរទៅដោយកសិករដែលចាប់យករបរចិញ្ចឹមឃ្មុំ ខណៈពេលខ្លះពួកគាត់ជ្រើសរើសចិញ្ចឹមឃ្មុំតាមចម្ការមៀន និងក៏ខ្លះទៀតក៏បានសាកល្បងចិញ្ចឹមឃ្មុំតាមចម្ការគរ និងចម្ការកៅស៊ូផងដែរ។

លោក ឆុំ ប៊ុនឡូ ជាម្ចាស់កសិដ្ឋាន ទឹកឃ្មុំវីប៊ី We Bee ប្រាប់ កម្ពុជាថ្មី ថា ទឹកឃ្មុំដែលចិញ្ចឹមបានក្នុងស្រុក ឃើញថានៅតែមានទីផ្សារល្អ ខណៈរូបលោកបានព្យាយាមរកទីតាំង និងពង្រីកការចិញ្ចឹមបន្ថែមដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។

ចំពោះការប្រមូលផលវិញ ទឹកឃ្មុំរបស់កសិដ្ឋានលោកប៊ុនឡូ ភាគច្រើនផ្គត់ផ្គង់ទៅឱ្យម៉ូយដែលនៅតាមបណ្ដាខេត្តក្រុងមួយចំនួនដូចជា៖ កំពង់ចាម ត្បូងឃ្មុំ សៀមរាប កំពង់ធំ និងរាជធានីភ្នំពេញដើម។
ម្ចាស់កសិដ្ឋានរូបនេះ បញ្ជាក់ដែរថា ទឹកឃ្មុំចិញ្ចឹមអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ៥ម៉ឺនរៀល ទៅ៦ម៉ឺនរៀល ក្នុង១លីត្រ ក៏អាស្រ័យទៅតាមតម្រូវការជាក់ស្ដែង។


យ៉ាងណាមិញ ទាក់ទងជាមួយនឹងការប្រមូលផលទឹកឃ្មុំចិញ្ចឹមវិញ កន្លងមកមានចម្ងល់ពីអ្នកប្រើប្រាស់មួយចំនួនផងដែរ។ តួយ៉ាង អតិថិជនមួយចំនួនយល់ឃើញថា «ទឹកឃ្មុំឡើងក្រាម» ដោយសារតែបញ្ហាអាកាសធាតុ និងទីតាំងចិញ្ចឹម បែរជាមានការយល់ថា «ទឹកឃ្មុំទំនងជាលាយជាមួយស្ករ ឬសារធាតុអ្វីផ្សេង? កត្តាទាំងនេះដែលនាំឱ្យទីផ្សារទឹកឃ្មុំចិញ្ចឹមក្នុងស្រុកមានការធ្លាក់ចុះ ដោយមិនទាន់គិតពីបញ្ហាផ្សេងៗទៀតផង»។
ក្នុងនាមជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ លោកប៊ុនឡូ សូមធានាអះអាងថា រាល់ទឹកឃ្មុំរបស់កសិដ្ឋានរបស់លោក និងក៏ដូចជារបស់កសិករដទៃផ្សេងៗទៀត គឺសុទ្ធតែផលិតចេញពីមេឃ្មុំ និងបច្ចេកទេសចិញ្ចឹមតាមទឹកដមផ្កាមៀន និងផ្កាគរទាំងអស់ដោយមិនមានការបន្ថែមស្ករដូចការលើកឡើងនោះឡើយ។


គួរឱ្យដឹងថា «ទឹកឃ្មុំ» បានផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនចំពោះសុខភាពរបស់មនុស្ស ជាពិសេសវាបានជួយសម្រាលអាការៈក្អក ជួយសម្រួលដល់ការរំលាយអាហារ ដោយបង្កើនថាមពលរាងកាយ ព្រមទាំងជួយថែរក្សាសម្រស់ស្បែកមុខឱ្យមានសំណើម និងព្យាបាលមុនប្រកបដោយប្រសិទ្ធភាពផងដែរ។
កសិដ្ឋានទឹកឃ្មុំវីប៊ី We Bee របស់លោក ឆុំ ប៊ុនឡូ បច្ចុប្បន្នមានទីតាំងស្ថិតនៅ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


