Connect with us

ព័ត៌មានជាតិ

វិនិយោគិនក្នុងស្រុកម្នាក់បោះទុនជាង១លានដុល្លារ កសាងយីហោកាហ្វេ ដើម្បីប្រកួតប្រជែងជាមួយកាហ្វេនាំចូល

បានផុស

នៅ

ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងពេញនិយមការពិសារកាហ្វេជាប្រចាំ និងកំណើននៃការនាំចូលគ្រាប់កាហ្វេពីក្រៅប្រទេសខ្ពស់ វិនិយោគិនក្នុងស្រុកម្នាក់បានសម្រេចចិត្តបោះទុនជាង១លានដុល្លារចាប់តាំងកាលពីដើមឆ្នាំ២០២៦​ ដើម្បីកសាងស្លាកយីហោកាហ្វេផ្ទាល់ខ្លួនឈ្មោះថា គីរីកាហ្វេ (Kiri Coffee) ដោយបានធ្វើការប្រមូលទិញគ្រាប់កាហ្វេពីបងប្អូនប្រជាកសិករ ជាជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរីបានជិត ១០០០តោន ដើម្បីប្រកួតប្រជែង និងកាត់បន្ថយការនាំចូល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ជ័យាបុត្រ ប្រធានក្រុមហ៊ុន គីរីកាហ្វេ បានថ្លែងប្រាប់ឱ្យដឹងថា ការបណ្តាក់ទុនទៅលើការផលិតគ្រាប់កាហ្វេនេះគឺជាការសម្រេចមួយក្នុងការកសាងនូវយីហោក្នុងស្រុកដើម្បីផ្តល់ទំនុកចិត្តដល់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋដែលនិយមពិសារកាហ្វេដែលជាភេសជ្ជះកំពុងពេញនិយមទាំងក្រុង និងទីជនបទ។ លោក​ថា ជាមួយការដាក់ឈ្មោះ គីរីកាហ្វេគឺជាឈ្មោះតំណាងប្រភពគ្រាប់កាហ្វេកម្ពុជាពីខេត្តមណ្ឌលគីរីដែលពលរដ្ឋធ្លាប់បានទៅទស្សនានូវចំការកាហ្វេនៅទីនោះ។

លោក ជិន ជ័យាបុត្រ បានបញ្ជាក់ថា «​សម្រាប់គោលការណ៍ជាចម្បងរបស់យើងក្នុងការកសាងយីហោ គីរីកាហ្វេនេះ គឺផ្អែកជាចម្បងលើក្រមសីលធម៌ចម្បង​ ភាពស្មោះត្រង់ជាមួយជាតិ និងអតិថិជន។ រាល់គ្រាប់កាហ្វេដែលយើងខ្ញុំយកមកលីញលក់ គឺជារបស់ខេត្តមណ្ឌលគិរីពិតៗ។ ​យើងខ្ញុំប្រកាន់ជំហរម៉ឺងម៉ាត់ មិនយកគ្រាប់កាហ្វេបរទេស មកបន្លំធ្វើជាកាហ្វេខ្មែរឡើយ។ នេះជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការលើកស្ទួយផលិតផលខ្មែរពិតប្រាកដ»។


លោកថា ដោយលោក​ជាសមាជិករបស់សមាគមបណ្តាញកសិករតេជោ ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ គីរីកាហ្វេ នឹងបន្តឈរជើងជាមួយបងប្អូនកសិករ ដោយប្តេជ្ញាចិត្តបន្តទិញកាហ្វេពីបងប្អូនជនជាតិដើមភាគតិច ឱ្យអស់ពីលទ្ធភាព ក្នុងតម្លៃទីផ្សារ ដើម្បីឱ្យកាហ្វេមណ្ឌលគិរី អាចបន្តដំណើរទៅមុខប្រកបដោយមោទនភាព និងជួយលើកកម្ពស់ជីវភាពបងប្អូនកសិករឱ្យកាន់តែធូរធារ និងរឹងមាំ។


​លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ទៀតថា ក្រៅតែពីការធានាឈរជើងទិញកាហ្វេពីកសិករហើយនោះ ក្រុមហ៊ុនក៏បានគាំទ្រផ្នែកឥណទានកសិកម្ម សម្រាប់ពង្រីកការដាំដុះកាហ្វេ រួមមានការផ្គត់ផ្គង់ ជី, កូនពូជ, ថ្នាំកសិកម្ម និងសម្ភារៈបច្ចេកទេសផ្សេងៗ ដើម្បីជួយបងប្អូនមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ និងបង្កើនទិន្នផលផងដែរ។


បើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម បច្ចុប្បន្នប្រទេសកម្ពុជាមានតម្រូវការគ្រាប់កាហ្វេប្រមាណជា ២០ ០០០ តោនក្នុងមួយឆ្នាំ តែការផលិតជាក់ស្តែងបានប្រមាណតែ ២ ០០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ។ ទិន្នន័យនេះបង្ហាញថា កម្ពុជាត្រូវការគ្រាប់កាហ្វេជិត ១៨ ០០០តោនក្នុងមួយឆ្នាំបន្ថែមទៀត ដែលជាឱកាសល្អសម្រាប់កសិករមានបំណងចង់ដាំដំណាំកាហ្វេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម