Connect with us

កីឡា

ចំណុចខ្លាំង ៣ ធ្វើឲ្យ វិសាខា យកឈ្នះ បញ្ជាការដ្ឋានអង្គរក្ស មិនឲ្យតដៃរួច

បានផុស

នៅ

ក្រុម​បាល់ទះ វិសាខា បាន​បញ្ចប់​កំណត់​ត្រា​មិន​ចាញ់​របស់ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ក្នុង​ពាន​រង្វាន់​តេជោលីគ ជុំ​ទី​២ សប្តាហ៍​ទី​១ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២១ ខែ​មិថុនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ​ទទួល​បាន​ជ័យជម្នះ ៩ ប្រកួត​ជាប់​គ្នា​នៅ​លីគ​បាល់ទះ​កំពូល​កម្ពុជា រដូវ​កាល​ទី​៣​នេះ ក្នុង​នោះ ឈ្នះ ៧ ប្រកួត​ក្នុង​ជុំ​ទី​១ និង​ឈ្នះ ២ ប្រកួតដំបូង​​ ក្នុង​​ជុំ​ទី​២ ប៉ុន្តែ​ការ​ប្រកួត​ទី​៣ ពួក​គេ​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​របស់ សមាគម​បាល់ទះ​ វិសាខា ដោយលទ្ធផលតដៃ​មិន​រួច​ ៣​ សិត​ទល់ ០ គឺសិត​ទី១ ដោយ​ពិន្ទុ ២៥-១៩ សិត​ទី​២ ដោយ​ពិន្ទុ ២៦-២៤ និង​សិត​ទី​៣ ដោយ​ពិន្ទុ ២៥-១៨។

តាម​រយៈ​ជ័យជម្នះ​ដោយ​ពិន្ទុ​ដាច់ឆ្ងាយ​ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​បំបែក​កំណត់​ត្រា​ទាំង​អ្នក​ទស្សនា​ផ្ទាល់ និង​តាម​អនឡាញ ក្រុម​ វិសាខា បង្ហាញ​ពីទម្រង់​លេង​ប្រសិទ្ធភាព​​គ្រប់​តួនាទី និង​សហការគ្នា​បាន​យ៉ាង​ល្អ ក្នុង​នោះ​កត្តា​ ៣ សំខាន់ គួប​ផ្សំ​នឹង​​ភាព​ឆ្លាត​វៃ​របស់​កីឡាករ​ម្នាក់​ទើប​ធ្វើ​ឲ្យ​ពួក​គេ​ខ្លាំង។

ទី១. របាំង​ការពារ​របស់ វិសាខា ជា​ឧបសគ្គ​ធំ​សម្រាប់ បញ្ជាការដ្ឋាន​អង្គរក្ស។ កីឡាករ​បរទេស​​ដែល​មក​ពី​អាមេរិក បារាំង និង ប្រេស៊ីល បូក​រួម​ទាំង វឿន វាសនា និង ផល រតនៈ គឺ ជា​រនាំង​ការពារ​យ៉ាង​ធំ។ នៅ​ពេលការបាំង​ជាប់​ច្រើន​លើក គឺ​ធ្វើ​ឲ្យ​ស្មាត់​របស់​ដៃ​គូស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្តាច់។ ជាក់​ស្តែង​កីឡាករ​ឥណ្ឌូណេស៊ី Dimas Saputra វ៉ៃផ្តាច់​មិន​សូវ​បាន​ល្អ​ទេ។

ទី២. ​កីឡាករ​វ៉ៃ​ផ្តាច់​ឆ្វេង ស្តាំ និង​ការ​វ៉ៃ ៣ ម៉ែត្រ របស់ វិសាខា ​មិន​សូវ​ជា​ល្អខ្លាំង​ណាស់​ណា​ទេ​ ប៉ុន្តែ​​​ពួក​គេ​ប្រើ​បច្ចេកទេស​​ជាង​កម្លាំង​បាយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​រក​បាន​ពិន្ទុច្រើន​ ស្រប​ពេល​​​របាំង​ការពារ​របស់​ បញ្ជាការដ្ឋាន​អង្គរក្ស​មិនសូវ​ធំ។

ទី​៣. ការវ៉ៃសេវាកាច​ ធ្ងន់​ៗ​របស់ វិសាខា ពិត​ជា​បាន​ធ្វើ​ឲ្យ​ បញ្ជាការដ្ឋាន​អង្គរក្ស ពិបាក​ចាប់​បាល់ និង​ពិបាកលើក​បាល់​ឲ្យ​អ្នក​ផ្តាច់ ដូច្នេះ​ហើយ​បាន​ជាផ្តាច់​មិន​សូវ​ល្អ ហើយ​ក៏​​ជាប់​របាំង​ការពារ។ ជាក់​ស្តែង​កីឡាករ​អាមេរិក Kevin Kobrine និង វឿន វាសនា ពិត​ជា​វ៉ៃ​សេវា​កាច​ៗ។

ចំណុច​សំខាន់​ ៣ នេះ​គឺ​ជា​ផ្នែក​ខ្លាំង​របស់ វិសាខា ប៉ុន្តែ​ពួក​គេក៏​មាន​កីឡាករល្អ​​លេង​បែប​​​​បុគ្គល​​ល្អ​ថែម​ទៀត ដូច​ជា វឿន វាសនា ពូកែ​ប្រើ​កល់ល្បិច​ក្នុង​ការ​ទម្លាក់​បាល់​រក​ពិន្ទុ ហើយ​​រូប​គេ​មក​ពី​លីគ​តៃវ៉ាន់​គឺ​ជា​ផលចំណេញ​ បន្ថែម​លើ​កីឡាករបរទេស​ ៣ នាក់​នៅ​លើ​ទី​លាន។ ជា​មួយ​គ្នា​នេះ​ក៏​មិន​អាច​ខ្វះ​បាន​សម្រាប់​ ជើង​ក្រោម​របស់​ពួក​គេ​​​​គឺលីប្រូ​​ថ្មី​វ័យ​ក្មេង​ល្អ​ និង​ការ​យល់​ចិត្ត​គ្នា​របស់​ដៃ​ប៉ះសេ​ថ្មី ព្រម​ទាំង​មាន​កីឡាករ​បម្រុង​ល្អ​ៗ​ដែល​អាច​លេង​បាន បើ​ទោះ​ជា​មាន​កីឡាករ​ណា​របួស៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម