Connect with us

កីឡា

ដៃ​ប៉ះ​សេ​ Nizar Zulfika មាន​ប្រវត្តិ​​​ឈ្នះ​ពាន​​ជា​ច្រើន មុន​ពេល​ចូល​បញ្ជាការដ្ឋាន​អង្គរក្ស

បានផុស

នៅ

ក្លិប​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស ទើប​តែ​ប្រកាស​នាំ​ចូល​ដៃ​ប៉ះសេ​ថ្មី​សញ្ជាតិ​ឥណ្ឌូណេស៊ី​ គឺ​កីឡាករ Nizar Zulfika ដើម្បី​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​តេជោលីគ​ រដូវ​កាល​ទី​៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Nizar Zulfika អាយុ ៣១ ឆ្នាំ កម្ពស់ ១.៨៤​ ម៉ែត្រ បាន​ក្លាយ​ជា​កីឡាករ​ឥណ្ឌូណេស៊ី​ទី​៥ ដែល​បាន​ចូល​រួម​ជា​មួយ បញ្ជាការដ្ឋាន​អង្គរក្ស ក្នុង​ពាន​តេជោលីគ រដូវ​កាល​នេះ​ បន្ទាប់​ពី​ស្មាត់ស្តាំ Luvi Fedrian, ស្មាត់ស្តាំ Ageng Wardoyo, ស្មាត់ឆ្វេង Dims Saputra និង​ដៃ​​ប៉ះសេ Setiawan Fahril។ ការ​នាំ​ចូល​កីឡាករ​ថ្មី​ ២ ​នាក់​ចុង​ក្រោយ​សុទ្ធ​តែ​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី គឺ​ Nizar Zulfika និង Dims Saputra។

មុន​មក​ចូល​រួម​ជា​មួយ បញ្ជាការដ្ឋាន​អង្គរក្ស កីឡាករ Nizar Zulfika មាន​បទ​ពិសោធ​ជា​ច្រើន​ទាំង​ក្លិប និង​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី។ រហូត​ដល់​ពេល​នេះ រូប​គេ​បាន​ឆ្លង​កាត់​លេង​ឲ្យ​ក្លិប ៨ ផ្សេង​គ្នា ក្នុង​នោះ​លេង​ឲ្យក្លិប​នៅ​លីគ​ឥណ្ឌូណេស៊ី​ចំនួន ៧ ក្លិប និង​​នៅ​សៀម​១ក្លិប។

បើ​និយាយ​ពី​សមិទ្ធផល​វិញ កីឡាករ Nizar Zulfika បាន​ជួយ​ឲ្យ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ​ឈ្នះ​មេដាយ​មាស កីឡា​ស៊ីហ្គេម ៣ លើក​ជាប់​គ្នា​គឺ​ឆ្នាំ ២០១៩ ២០២២ និង ២០២៣ នៅ​ប្រទេស​កម្ពុជា។

សម្រាប់​ក្លិប រូប​គេ​បាន​ឲ្យ​​ឈ្នះ​ជើង​ឯក​​ AVC Champions League  មួយ​លើក នៅ​រដូវ​កាល២០២៥-២៦ និង​ ចំណាត់​ថ្នាក់​លេខ២ មួយ​លើក ព្រម​ទាំង​ចំណាត់​ថ្នាក់​​លេខ៣ មួយ​លើក។ រូប​គេ​បាន​ជួយ​ក្លិប​​ឈ្នះ​ជើង​ឯក​លីគ​បាល់ទះ​កំពូល​ឥណ្ឌូណេស៊ី ៦ លើក ​ចំណាត់​ថ្នាក់​លេខ ២ បួន​លើក និង​ចំណាត់​ថ្នាក់​លេខ ៣ បី​​លើក ព្រម​ទាំង​ជួយ​ក្លិប​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ នៅ​លីគ​​បាល់ទះ​កំពូល​ថៃ ១ លើក។

ចំពោះ​ពាន​ឯកត្តជន កីឡាករ Nizar Zulfika ធ្លាប់​ឈ្នះ​ពាន​អ្នក​ប៉ះសេ​ល្អ​បំផុត​ ២ លើក​គឺ​នៅ​លីគ​បាល់ទះ​កំពូល​ឥណ្ឌូណេស៊ី រដូវ​កាល​ ២០១៦-១៧ និង​រដូវ​កាល ២០២១-២២។

កីឡាករ Nizar Zulfika ជា​ដៃ​ប៉ះ​ឥណ្ឌូណេស៊ី​ទី​២ ដែល​បាន​ចូល​រួម​ជា​មួយ បញ្ជាការដ្ឋាន​អង្គរក្ស ក្នុង​តេជោលីគ រដូវ​កាល​នេះ បន្ទាប់​ពី​ដៃ​ប៉ះ​សេ​ទី​១ កីឡាករ Setiawan Fahril ដែល​បាន​លេង​តាំង​ពី​ជុំ​ទី១។

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ បាន​ដាក់​គោល​ដៅ​ឈ្នះ​ជើង​ឯក​តេជោលីគ ៣ រដូវ​កាល​ជាប់​គ្នា តាម​រយៈការ​ពង្រឹង​ក្រុម​ដែល​មាន​កីឡាករ​ឥណ្ឌូណេស៊ី​រហូត​ដល់ ៥ នាក់ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​​ដ៏​ល្អ​សញ្ជាតិ​ឥណ្ឌូណេស៊ី​គឺ​លោក Indra។ ទោះ​បី​ជា​យ៉ាង​ណា នៅ​ជុំ​ទី​ ២ ​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ដូច​ពីរ​រដូវ​កាល​មុន​ទេ ដោយ​សារ​​ក្លិប​បាល់ទះ​ វិសាខា មាន​កីឡាករ​បរទេស ៥ នាក់​ និង ស្នងការខេត្ត​ស្វាយរៀង មាន​កីឡាករ​បរទេស ៣ នាក់​ ដែល​បាន​​ពង្រឹង​ក្រុម​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម