កីឡា
កីឡាករបរទេស ៥ នាក់គួរឱ្យចាប់អារម្មណ៍បំផុត ក្នុងតេជោលីគ ជុំទី ២
ការប្រកួតលីគបាល់ទះ កម្ពុជា ឬហៅកាត់ តេជោលីគ រដូវកាលទី ៣ កំពុងធ្វើឱ្យគាំទ្រចាប់អារម្មណ៍ខ្លាំងអំពីការប្រកួតប្រជែងនៅជុំទី ២ នេះ បន្ទាប់ពីក្រុមមួយចំនួនបានត្រៀមខ្លួនយ៉ាងល្អ ដោយបាននាំចូលកីឡាករខ្មែរ និងបរទេសល្អៗជាច្រើន។

ក្នុងចំណោម ៦ ក្រុម ដែលឈានមកដល់ជុំទី ២ នេះ មានក្រុមបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស វិសាខា និង ស្នងការនគរបាលខេត្តស្វាយរៀង បានត្រៀមខ្លួនល្អជាងគេ តាមរយៈការនាំចូលកីឡាករបរទេសឆ្នើមៗជាច្រើនមកជួយក្រុម។
គិតត្រឹមពេលនេះ មានកីឡាករបរទេសសរុបចំនួន ១៣ នាក់ ដែលបានចូលរួមជាមួយក្លិប ៣ ខាងលើ។ ថ្ងៃនេះសារព័ត៌មាន «កម្ពុជា» សូមលើកយកកីឡាករឆ្នើម ៥ នាក់ ដែលត្រូវបានចាត់ទុកនឹងបង្ហាញខ្លួនលេចធ្លោក្នុងតេជោលីគជុំទី ២ នេះ។
- កីឡាករសញ្ជាតិ ឥណ្ឌូណេស៊ី Luvi Febrian
អ្នកគាំទ្រប្រាកដជាបានដឹងអំពីសមត្ថភាពរបស់ស្មាត់ស្តាំកម្ពស់ ១.៨៨ ម៉ែត្ររូបនេះហើយ ដោយសារកីឡាករធ្លាប់បានលេងឱ្យក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣ រដូវកាលមកហើយ ដោយគិតទាំងរដូវកាលនេះ។ Luvi បានដើរតួជាស្មាត់ដ៏សំខាន់ ក្នុងការជួយឱ្យក្រុមបញ្ជាការដ្ឋានអង្គរក្សឈ្នះពានតេជោលីគ ២ ឆ្នាំជាប់គ្នា គឺនៅឆ្នាំ ២០២៤ និង ២០២៥។
ចំណែកនៅឆ្នាំ ២០២៦ នេះ Luvi ក៏នៅតែបង្ហាញគុណផលដ៏អស្ចារ្យរបស់ខ្លួន ដោយជួយឱ្យក្រុមបញ្ជាការដ្ឋានអង្គរក្ស មិនទាន់ចាញ់សោះនៅជុំទី ១។ ចំណុចពិសេសរបស់ កីឡាករវ័យ ២២ ឆ្នាំរូបនេះ គឺពូកែវាយផ្តាច់គេចបាំង ជាមួយការវាយកាចៗ។ អ្វីដែលចាប់អារម្មណ៍ពី Luvi មួយទៀត រូបគេក៏ពូកែបាំងផងដែរ។

- កីឡាករសញ្ជាតិ ឥណ្ឌូណេស៊ី Dimas Saputra
កីឡាករ Dimas Saputra គឺជាអតីតស្មាត់ដ៏ឆ្នើមម្នាក់របស់ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ហើយរូបគេត្រូវបានអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីក្លិបបញ្ជាការដ្ឋានអង្គរក្សប្រកាសចូលរួមនៅជុំទី ២ នេះ។ Dimas មិនប្រវត្តិគួរឱ្យចាប់អារម្មណ៍ច្រើន អំឡុងពេលលេងឱ្យជម្រើសជាតិ ឥណ្ឌូណេស៊ី។ សមិទ្ធផលដ៏ធំបំផុតរបស់គេ គឺបានរួមចំណែកជួយឱ្យ ឥណ្ឌូណេស៊ី ឈ្នះមេដាយមាសកីឡាស៊ីហ្គេម ២ លើក នៅឆ្នាំ ២០២២ និង ២០១៩។ ជាមួយគ្នានេះ បានឈ្នះមេដាយមាសពាន SEA V. League មួយលើកផងដែរនៅឆ្នាំ ២០២៣។
មុនផ្លាស់មកកាន់ក្លិបបញ្ជាការដ្ឋានអង្គរក្ស Dimas ធ្លាប់លេងនៅក្លិបចំនួន ៨ ក្នុងប្រទេស ឥណ្ឌូណេស៊ី រួមមាន Jakarta BNI46, Palembang Bank of South Sumatra and Babel, Lamongan Sadang MHS, West Java, Indomaret Sidoarjo, Jakarta STIN BIN, Riau និង Jakarta LavAni Livin Transmedia។ ចំណុចពិសេសរបស់ស្មាត់ឆ្វេងវ័យ ៣០ ឆ្នាំ កម្ពស់ ១.៩០ ម៉ែត្ររូបនេះ គឺកាយលោតវាយសេវាកាច និងការវាយផ្តាច់ខ្លាំងៗ និងរហ័ស។

- កីឡាករសញ្ជាតិ អាមេរិក Kevin Kobrine
អ្នកលេងតួនាទីស្មាត់ស្តាំ Kevin Kobrine ត្រូវបានក្លិបបាល់ទះ វិសាខា ចុះកុងត្រាមកលេងនៅក្នុងពានតេជោលីគជុំទី ២ នេះ។ ក្នុងចំណោមកីឡាករបរទេសទាំង ៥ រូបរបស់ វិសាខា គឺកីឡាករ Kevin Kobrine នេះគួរឱ្យចាប់អារម្មណ៍ជាងគេ ដោយសាររូបគេធ្លាប់លេងនៅក្លិបធំៗនៅ អឺរ៉ុប ហើយក៏ធ្លាប់ជាប់ជម្រើសជាតិ អាមេរិក ផងដែរ។
Kobrine ធ្លាប់លេងនៅក្លិបអាជីពដូចជា Sporting Lisbon របស់ប្រទេស ព័រទុយហ្គាល់, ក្លិប FT 1844 Freiburg របស់ប្រទេសអាល្លឺម៉ង់ និងចុងក្រោយលេងនៅក្លិប Alterna Stade Poitevin របស់ប្រទេស បារាំង។ Kobrine ជាកីឡាករ ដែលត្រូវតែតាមដាននៅតេជោលីគជុំទី ២ នេះ ដោយសាររូបគេបង្ហាញសមត្ថភាពល្អខ្លាំងកាលពីឆ្នាំ ២០២៥ កន្លងទៅ រហូតត្រូវបានជម្រើសជាតិ អាមេរិក សម្រាំងឈ្មោះចូលជម្រើសជាតិ ថែមទៀត។
កីឡាកររូបនេះ អាចលេងបានទាំងស្មាត់ឆ្វេង និងស្តាំ។ ចំណុចពិសេសរបស់គេ គឺលោតខ្ពស់ ដោយអាចវាយផ្តាច់ទាំងគេចបាំង និងវាយពីលើបាំងតែម្តង។

- កីឡាករសញ្ជាតិ ទុយនីស៊ី Marouan Belhaj Salah
កីឡាករលេងតួនាទីស្មាត់ Marouan Belhaj Salah គឺជាកីឡាករចំណូលថ្មីរបស់ក្រុម ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សម្រាប់ការប្រកួតតេជោលីគឆ្នាំ ២០២៦ ជុំទី ២ នេះ។ កីឡាករស្មាត់ឆ្វេងវ័យ ២៤ ឆ្នាំ កម្ពស់ ២.០២ ម៉ែត្ររូបនេះ មានបទពិសោធច្រើន ក្នុងការលេងនៅក្លិបក្នុងប្រទេស ទុយនីស៊ី ដូចជា AS Haouaria, Club Olympique de Kélibia, Club Sportif Sfaxien និងក្លិបនៅប្រទេស អាហ្ស៊ែបៃហ្សង់ Neftçi Baku។
កីឡាកររូបនេះ មានសមត្ថភាពពិសេស ដោយអាចហក់វាយលើបាំងធ្ងន់ៗ។ កាលពីឆ្នាំ ២០១៩ កីឡាករក៏ធ្លាប់ជម្រើសជាតិជាតិ ទុយនីស៊ី អាយុក្រោម ១៩ ឆ្នាំ ចូលលេងនៅក្នុងពាន 2019 FIVB Volleyball Boys’ U19 World Championship។

- កីឡាករសញ្ជាតិ អាមេរិក Jalen Penrose
កីឡាករ Jalen Penrose អាយុ ៣១ ឆ្នាំ កម្ពស់ ២,០៣ម៉ែត្រ លេងក្នុងតួនាទីជាអ្នកវាយផ្តាច់ស្លាបឆ្វេង ប៉ុន្តែរូបគេល្បីខាងវាយសេវាកាច។ រហូតដល់ដល់ពេលនេះ កីឡាករកើតនៅ Boston សហរដ្ឋអាមេរិក មានបទពិសោធច្រើន និងឆ្លងកាត់លេងឲ្យក្លិបជាច្រើនក្នុងរយៈពេលប្រមាណ ១០ ឆ្នាំចុងក្រោយ។
ក្លិបផ្លូវការដែលរូបគេធ្លាប់លេងមាន Al Ittihad Tripoli នៅលីប៊ី ក្លិប Caribe de San Sebastian នៅប្រទេសព័រតូរីកូ ក្លិប Indios de Mayaguez នៅប្រទេសព័រតូរីកូ ក្លិប Las Vegas Ramblers នៅសហរដ្ឋអាមេរិក ក្លិប Safilva Hokkkaido នៅប្រទេសជប៉ុន ក្លិប Volley Schonenwerd នៅប្រទេសស្វីស ក្លិប WWK Volleys Herrsching នៅប្រទេសអាល្លឺម៉ង់ ក្លិប VK CEZ Karloversko នៅសាធារណរដ្ឋឆេក និងក្រុមរបស់សាកលវិទ្យាល័យ Penn State University សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរ ថា គ្រប់សមាសភាពកីឡាករបរទេស ដែលក្លិបនីមួយៗនាំចូលមកប្រកួតប្រជែងនៅក្នុងតេជោលីគជុំទី ២ នេះ សុទ្ធតែឆ្នើមៗ ប៉ុន្តែសារព័ត៌មាន «កម្ពុជាថ្មី» បានជ្រើសរើសយកកីឡាករ ៤ នាក់ខាងលើ ដោយសារពួកគេជាកីឡាករ ដែលមានសមត្ថភាពខ្លាំង និងមានបទពិសោធច្រើននៅលើឆាកអន្តរជាតិ។
ការប្រកួតតេជោលីគជុំទី ២ សប្តាហ៍ទី១ នឹងចាប់ផ្តើមពីថ្ងៃទី១៩ ដល់ទីថ្ងៃ២១ ខែមិថុនា ឆ្នាំ ២០២៦៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


