Connect with us

ព័ត៌មានអន្ដរជាតិ

តើលុយបង្កក​រាប់ពាន់លានដុល្លារ របស់អ៊ីរ៉ង់ ភាគច្រើនស្ថិតនៅឯណា?

បានផុស

នៅ

បញ្ហាទ្រព្យសម្បត្តិ និងប្រាក់ចំណូលរាប់ពាន់លានដុល្លាររបស់ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក បានក្លាយជាប្រធានបទក្តៅគគុក និងជាចំណុចរបត់ដ៏សំខាន់មួយ នៅក្នុងកិច្ចចរចាកាត់បន្ថយភាពតានតឹងរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិល្បីៗជាច្រើន ទ្រព្យសម្បត្តិទាំងនេះ ភាគច្រើនជាប្រាក់ចំណូលបានមកពីការលក់ប្រេង និងឧស្ម័ន ដែលត្រូវបានរក្សាទុកក្នុងធនាគារបរទេស ប៉ុន្តែមិនអាចផ្ទេរទៅឱ្យអ៊ីរ៉ង់វិញបាន ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ប្រទេសចិន

ប្រទេសចិន គឺជាអ្នកទិញប្រេងឈានមុខគេមួយរបស់អ៊ីរ៉ង់។ យោងតាមរបាយការណ៍ពីប្រភពព័ត៌មាន El País ប្រទេសចិនមានផ្ទុកសាច់ប្រាក់របស់អ៊ីរ៉ង់ប្រមាណចន្លោះពី ២០ពាន់​លាន ទៅ ៥០ពាន់​លានដុល្លារឯណោះ។ យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់ ជារឿយៗមិនចាត់ទុកលុយនៅក្នុងប្រទេសចិនថាជា «លុយបង្កកផ្លូវការ» នោះទេ ព្រោះពួកគេនៅតែអាចប្រើប្រាស់យន្តការពិសេសមួយចំនួន ដើម្បីដោះដូរជាទំនិញ ឬនាំចូលសម្ភារៈពីចិនបានខ្លះៗ ប៉ុន្តែការផ្ទេរប្រាក់ផ្ទាល់នៅតែរងការរឹតបន្តឹងយ៉ាងខ្លាំង។

២. ប្រទេសអ៊ីរ៉ាក់

ប្រទេសជិតខាងដូចជាអ៊ីរ៉ាក់ ក៏ជាកន្លែងផ្ទុកលុយអ៊ីរ៉ង់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដែលបានមកពីការទិញដូរ​ហ្គាសធម្មជាតិ និងអគ្គិសនីពីអ៊ីរ៉ង់។ តាមការប៉ាន់ប្រមាណដែលចុះផ្សាយដោយសារព័ត៌មាន Iran International អ៊ីរ៉ាក់មានសាច់ប្រាក់របស់អ៊ីរ៉ង់ជាប់គាំងប្រហែលពី ១០ពាន់​លាន ទៅ ១៥ពាន់​លានដុល្លារ។ កន្លងមក អ៊ីរ៉ង់អាចដកលុយទាំងនេះបាន ក្នុងកម្រិតតិចតួចបំផុត ក្រោមការអនុញ្ញាតពីសហរដ្ឋអាមេរិក សម្រាប់តែការទិញទំនិញមនុស្សធម៌ដូចជា ថ្នាំពេទ្យ និងអាហារប៉ុណ្ណោះ។

៣. ប្រទេសកាតា

កាលពីឆ្នាំ២០២៣ ទឹកប្រាក់ប្រហែល ៦ពាន់​លានដុល្លាររបស់អ៊ីរ៉ង់ ដែលធ្លាប់ជាប់គាំងនៅក្នុងធនាគាររបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានផ្ទេរ​ទៅ​កាន់គណនីក្នុងប្រទេសកាតា ក្រោមស្មារតីនៃកិច្ចព្រមព្រៀងដោះដូរអ្នកទោសរវាងអាមេរិក និងអ៊ីរ៉ង់។ ថ្មីៗនេះ បើតាមការចេញផ្សាយរបស់សារព័ត៌មាន The National អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយអាមេរិក ក្នុងការ​បញ្ចេញ​ទឹកប្រាក់ចំនួន ១២ពាន់​លានដុល្លារ ដែលបែងចែកជាពីរដំណាក់កាល ក្នុងមួយដំណាក់កាល ៦ពាន់​លានដុល្លារ ដោយប្រើប្រាស់ប្រព័ន្ធធនាគារក្នុងប្រទេសកាតា និងស្វីសជាដៃគូសម្របសម្រួល។

៤. ប្រទេសឥណ្ឌា និងជប៉ុន

ឥណ្ឌាក៏មានជាប់ជំពាក់ទឹកប្រាក់ដកមិនរួចរបស់អ៊ីរ៉ង់ប្រមាណ ៧ពាន់​លានដុល្លារផងដែរ ចំណែកឯប្រទេសជប៉ុនវិញ គឺមានចន្លោះពី ១,៥ពាន់​លាន ទៅ ៣ពាន់​លានដុល្លារ។ នេះបើយោងតាមទិន្នន័យស្រាវជ្រាវរបស់សារព័ត៌មាន The Times of India។ លុយទាំងនេះ ក៏ជាលុយថ្លៃប្រេងកាលពីអតីតកាលដូចគ្នា។

៥. តំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក

នៅក្នុងតំបន់អឺរ៉ុប ទ្រព្យសម្បត្តិអ៊ីរ៉ង់ ត្រូវបានរាយប៉ាយនៅតាមស្ថាប័នហិរញ្ញវត្ថុផ្សេងៗគ្នា ដែលសរុបទៅអាចមានរហូតដល់ទៅ ២០ពាន់​លានដុល្លារ។ ក្នុងនោះ ករណីលេចធ្លោជាងគេ គឺទឹកប្រាក់ប្រហែល ២ពាន់​លានដុល្លាររបស់ធនាគារកណ្តាលអ៊ីរ៉ង់ ដែលជាប់គាំងនៅប្រទេសលុចសំបួ ដោយសារតែការប្ដឹងផ្ដល់ផ្លូវច្បាប់ពីសំណាក់ក្រុមជនរងគ្រោះនៃព្រឹត្តិការណ៍ភេរវកម្ម ដែលទាមទារសំណងសងជំងឺចិត្ត។ ចម្លែកតែនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ដែល​ជា​អ្នក​ដាក់​ទណ្ឌកម្ម​អ៊ីរ៉់ង់ បែរជាមានទ្រព្យសម្បត្តិអ៊ីរ៉ង់ក្នុងចំនួនតិចតួចទៅវិញ ដូចជា មូលបត្របំណុលប្រហែល ១,៧៥ពាន់​លានដុល្លារប៉ុណ្ណោះ​នៅក្នុងធនាគារក្រុងញូវយ៉ក។


ហេតុអ្វីបានជាលុយទាំងនេះសំខាន់ម៉្លេះ សម្រាប់អ៊ីរ៉ង់?

យោងតាមអ្នកសេដ្ឋកិច្ច ទ្រព្យសម្បត្តិសរុប ដែលត្រូវបានបង្កករបស់អ៊ីរ៉ង់នៅទូទាំងពិភពលោក អាចមានតម្លៃស្មើនឹង ១ ភាគ ៣ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ។ ការទទួលបានសាច់ប្រាក់ទាំងនេះមកវិញ នឹងក្លាយជា «ខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់» សម្រាប់ទីក្រុងតេហេរ៉ង់ ក្នុងការស្រោចស្រង់សេដ្ឋកិច្ចជាតិពីវិបត្តិអតិផរណា ក៏ដូចជាយកទៅប្រើប្រាស់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញផងដែរ។

យ៉ាងណាមិញ ការ​បញ្ចេញ​លុយទាំងស្រុង មិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាត្រូវឆ្លងកាត់ការត្រួតពិនិត្យផ្លូវច្បាប់ដ៏តឹងរ៉ឹងពីក្រសួងរតនាគារអាមេរិក ដើម្បីធានាថា លុយទាំងនោះនឹងមិនត្រូវបានយកទៅប្រើប្រាស់ ក្នុងគោលបំណងយោធា ឬគាំទ្រដល់ក្រុមប្រដាប់អាវុធនានានៅក្នុងតំបន់មជ្ឈិមបូព៌ានោះឡើយ៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម